-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានបិទរដ្ឋាភិបាលនៅខែក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានថា រដ្ឋាភិបាលអាចនឹងត្រូវបិទទ្វារនាខែក្រោយនេះ ដោយសារតែបញ្ហាសន្តិសុខព្រំដែនជាមួយប្រទេសម៉ិកស៊ិក ហើយថែមទាំងអះអាងថា លោកអាចកាន់កាប់កិច្ចព្រមព្រៀងផ្តល់មូលនិធិ ប្រសិនបើគ្មានប្រាក់បន្ថែមសម្រាប់កិច្ចការពារជញ្ជំាងព្រំដែនរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សេតវិមានពីររូប ក្នុងនោះរួមមានប្រធានបុគ្គលិកសេតវិមានលោក ចន ឃែលលី និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី ឃើសចេន ណេលសិន បានបង្ហាញជំហរជំទាស់ចំពោះបទបញ្ជាប្រធានាធិបតីអាម៉េរិករូបនេះ ក្នុងការបញ្ជូនទ័ពទៅទប់ស្កាត់ជនអន្តោប្រវេសន៍ នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិកនោះ ត្រូវបានគេមើលឃើញថា នឹងត្រូវលាលែង ឬក៏បណ្តេញចេញពីតំណេងក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ទោះបីជាមានការប្រឆាំង និងតស៊ូមតិយ៉ាងក្តី ក៏នៅទីបំផុតលោកស្រី ណេលសិន និង លោក ឃែលលី នៅតែព្រមចុះហត្ថលេខាកាលពីថ្ងៃពុធសប្តាហ៍នេះ ទៅលើបទបញ្ជារបស់គណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឲ្យទាហានអាម៉េរិកចូលរួមក្នុងសកម្មភាពអនុវត្តន៍ច្បាប់ និងប្រើប្រាស់កម្លាំងបាយដោះស្រាយបញ្ហានៅក្នុងករណីចាំបាច់៕ម.ន
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិប្រកាសថ្កោលទោស ចំពោះការវាយប្រហារភេវរកម្មលើស្ថានទូតចិននៅប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការថ្កោលទោសយ៉ាងខ្លំាង ពាក់ព័ន្ធនឹងការវាយប្រហារភេវរកម្មទៅលើស្ថានកុងស៊ុលចិនប្រចាំទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ និងនៅផ្សារមួយកន្លែងទៀតក្នុងខេត្តឃីបឺ ផាកទុនវ៉ា ។ ភ្លាមៗនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារទៅលើស្ថានកុង ស៊ុលរបស់ខ្លួននៅទីក្រុង ការ៉ាជី ដែលបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានប៉ូលិស២នាក់ និងពលរដ្ឋ២នាក់ ខណៈដែលក្រុមភេរវកម្មនៅក្នុងតំបន់ បានប្រកាសទទួលស្គល់ថា ជាសកម្មភាពរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នោះ ខ្មាន់កាំភ្លើង៣នាក់បំពាក់ដោយកាំភ្លើងយន្តបានព្យាយាមចូលក្នុងស្ថានទូតចិន នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយខ្មាន់កំាភ្លើងទាំងនោះ ត្រូវបានកម្លាំងសន្តិសុខរារាំង ហើយមានការបាញ់ប្រហារគ្នាកើតឡើង។ ជនដៃដល់៣នាក់ត្រូវបានបាញ់សម្លាប់ ចំណែកបុគ្គលិកសន្តិសុខ២នាក់ជាជនជាតិប៉ាគីស្ថានក៏បានស្លាប់ផងដែរ ចំណែកមន្ត្រីស្ថានទូត និងគ្រួរសារមានសុវត្ថិភាព។ នៅក្នុងជំនួបពិភាក្សាតាមទូរសព្ទ ក្រោយហេតុការណ៍បាញ់ប្រហារភ្លាម រវាងរដ្ឋមន្ត្រីការបរទេសចិន និងសមភាគីប៉ាគីស្ថាននោះ ភាគីចិនបង្ហាញពីទំនុកចិត្តទៅលើ សមត្ថភាពរក្សាសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេសប៉ាគីស្ថាន បើទោះជាក្រុមឧទ្ទាមរំដោះ Balochistan បានប្រកាសទទួលខុសត្រូវពីការវាយប្រហារនេះ៕ម.ន
-
ព្រៃនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ត្រូវបាន ភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ

ស៊ីដនី៖ ព្រៃនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ហើយនៅពេលនេះ អាជ្ញាធរអូស្ត្រាលីបាន ប្រកាសអាសន្ន នៅក្នុងតំបន់ Hunter នៃរដ្ឋ New South Wales ហើយ បន្ទាប់ពីភ្លើងឆេះព្រៃបានរីករាលដាលក្នុងតំបន់នេះ និង បំផ្លាញលំនៅឋានប្រជាជន ជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រុមពន្លត់អគ្គីភ័យ ដុតដៃដុតជើង ដើម្បីទប់ស្កាត់ភ្លើងព្រៃដែលកំពុងតែរីករាលដាលនៅតំបន់ធំៗចំនួន៣ នៅភាគខាងជើងនៃទីក្រុងស៊ីនដី ហើយផ្ទៃដីព្រៃឈើប្រមាណ ១,៣៨០ហិកតាហើយ ត្រូវបានអគ្គីភ័យឆាបឆេះ។ ការប្រកាសអាសន្នត្រូវបានធ្វើឡើង ក៏ព្រោះតែតំបន់រងគ្រោះខាងលើនេះមានសភាពរាំងស្ងួត ហើយនៅពេលអគ្គីភ័យកើតឡើងខ្យល់ក៏បោកបក់រឹតតែខ្លាំងថែមទៀត ដែលធ្វើឲ្យអគ្គីភ័យរីករាលដាលកាន់តែលឿន។ ក្រុមពន្លត់អគ្គីភ័យ ក៏បាន ប្រើប្រាស់យន្តហោះពន្លត់អគ្គីភ័យ ប្រជាជន ត្រូវបានសមត្ថកិច្ច អំពាវនាវឲ្យជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕
-
លោក ដូណាល់ ត្រាំ ព្រមានបិទច្រកទ្វារព្រំដែនជាមួយម៉ិកស៊ិកទាំងស្រុង ដើម្បីឆ្លើយតបនឹងវិបត្តិកំណើនជនអន្តោប្រវេសន៍

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការគំរាមសាជាថ្មីទៀតនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា នឹងបិទច្រកទ្វារព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលនេះជាផ្នែកមួយនៃរដ្ឋបាលរបស់លោក ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍មកពីផ្នែកអាម៉េរិកកណ្តាល។ ជាមួយគ្នានេះ រដ្ឋបាលលោក ត្រាំ ក៏បានអនុញ្ញាតឱ្យពួកទាហាននៅឯព្រំដែនអាម៉េរិក និងម៉ិកស៊ិកធ្វើសកម្មភាពខ្លះខាងការពង្រឹងច្បាប់ ហើយបើចាំបាច់នោះ ពួកគេអាចប្រើកម្លាំងដែលបណ្តាលឱ្យមានមនុស្សស្លាប់បាន។ ថ្លែងប្រាប់អ្នកយកព័ត៌មានរដ្ឋមន្ត្រីការពារអាម៉េរិក លោក ជែម ម៉ាត់ទីស បានបញ្ជាក់ថា លោកបានទទួលបទបញ្ជាពីគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយ នាយខុទ្ទកាល័យសេតវិមានលោក John Kelly ហើយមិនមែនដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ដែលបានចេញសេចក្តីណែនាំខាងកិច្ចប្រតិបត្តិការមានការរឹតត្បិតតិចជាងមុន។ លោក ម៉ាត់ទីស បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីបានឃើញសេចក្តីត្រូវការជួយបង្កើនកម្លាំងក្រុមអ្នកយាមល្បាតព្រំដែន ហើយយើងបានទទួលបញ្ជាថ្មី ដែលអនុញ្ញាតឱ្យយើងអនុវត្តវិធានការបន្ថែមទៀត។ យើងនឹងបង្កើនវិធានការទាំងនេះ ហើយយើងបាននិយាយអំពីវិធានការទាំងនេះ ជាមួយពួកបុគ្គលិកនៃក្រសួងសន្តិសុខមាតុភូមិរួចហើយ។ ប៉ុន្តែលោកនឹងមិនធ្វើសកម្មភាពអ្វីទេ ប្រសិនបើលោកមិនបានឮពីក្រសួងសន្តិសុខមាតុភូមិទេនោះ៕
-
ព្រឹទ្ធសភារុស្ស៊ីណែនាំឲ្យផ្លាស់ប្តូរឯកសារស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ីបានចុះផ្សាយថា គណៈកម្មាធិការព្រឹទ្ធសភារុស្ស៊ីបានធ្វើការណែនាំក្រុមប្រឹក្សាសន្តិសុខជាតិ ឲ្យធ្វើការផ្លាស់ប្តូរនូវឯកសារច្បាប់ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អនុសាសន៍របស់សមាជិកព្រឹទ្ធសភារុស្ស៊ីនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បង្ហាញបំណងដកអាម៉េរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ ដោយចោទរុស្ស៊ីថា បានរំលោភបំពាននឹងសន្ធិសញ្ញានោះ។ សេចក្តីណែនាំទាំងនេះដែរ គឺជាប់ពាក់ព័ន្ធទៅនឹងការឆ្លើយតបចំពោះការប្រើប្រាស់មិនច្បាស់លាស់នៃអាវុធលឿនជាងសម្លេង និងអាវុធយុទ្ធសាស្ត្រ ដែលមិនមែននុយក្លេអ៊ែរផ្សេងៗទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី៕
-
ការិយាល័យប្រធានាធិបតីតួកគីបញ្ជាក់ថា តួកគីអាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិក

តួកគី៖ ប្រទេសតួកគីទំនងជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ក្រៅពីប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ប្រសិនបើអាម៉េរិកផ្តល់ជូននូវតម្លៃដ៏ល្អសមរម្យ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតួកគីលោក អ៊ីប្រាហ៊ីម ខាលីន នៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតួកគីរូបនេះ ត្រូវបានសារព័ត៌មានរដ្ឋដកស្រង់សម្តីមកបញ្ជាក់ថា បើសិនជាមានតម្លៃល្អសមរម្យនោះ តួកគីនឹងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់អំពីការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ព្រមទំាងការចូលរួមផលិត និងផ្ទេរបច្ចេកវិទ្យាជាមួយគ្នា ហើយថា តួកគីមិនចំាបាច់បំពេញតម្រូវការរបស់ខ្លួនពីប្រភពតែមួយនោះទេ ព្រោះតួកគី គឺជាប្រទេសដ៏ធំមួយដែរ។ សូមរំលឹកថា កាលពីចុងខែធ្នូ ឆ្នំាមុន តួកគី និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ក្នុងការផ្តល់ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន២គ្រឿងដល់ទីក្រុងអង់ការ៉ា ហើយតួកគីនឹងក្លាយជាសមាជិកអង្គការណាតូដំបូងគេ ដែលទទួលបានបច្ចេកវិទ្យាដ៏ទំនើបនេះពីរុស្ស៊ី ខណៈអាមេរិកព្រមានតួកគីថា ទីក្រុងអង់ការ៉ា អាចនឹងប្រឈមទណ្ឌកម្មពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ ក្នុងគ្រាដែលការហាមឃាត់ការលក់យន្តហោះចម្បំាង F-35 ទៅឱ្យតួកគី ត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីខែមិថុនាកន្លងទៅ៕
-
បារាំងសម្រេចដាក់បម្រាមធ្វើដំណើរលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី

បារាំង៖ អ្នកនំាពាក្យក្រសួងការបរទេសបារាំងលោកស្រី Agnes von der Muhll បាននិយាយថា នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បារាំងបានសម្រេចដាក់ទណ្ឌកម្មប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានការដាក់បម្រាមធ្វើដំណើរលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសម្របសម្រួលជាមួយដៃគូអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ផងនោះ បារាំងបានសម្រេចដាក់ចេញនូវការហាមឃាត់ការធ្វើដំណើរ ដែលគ្របដណ្តប់លើតំបន់ Schengen ដែលមាន២៦ប្រទេស។ ទាំងនេះ គឺជាវិធានការបណ្តោះអាសន្នដែលអាចត្រូវបានពិនិត្យឡើងវិញ ឬពង្រីក អាស្រ័យលើវឌ្ឍនភាពនៃការស៊ើបអង្កេតដែលកំពុងបន្ត។ សូមបញ្ជាក់ថា លោក ចាម៉ាល់ ខាហ្សូកជី ជាអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បាននឹងកំពុងបាត់ខ្លួន ចាប់តាំងពីរូបលោកបានចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលាកន្លងទៅ ខណៈអាជ្ញាធរតួកគីបាននិយាយថា លោក ខាហ្សូកជី ត្រូវបានគេសម្លាប់នៅទីនោះ៕
-
លោក Kim jong yang ត្រូវបានតែងតាំងមេប៉ូលិសអន្តរជាតិ Interpol ថ្មីជាផ្លូវ ការ

កូរ៉េខាងត្បូង៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា មេប៉ូលិសស្តីទីរបស់ស្ថាប័នប៉ូលិសអន្តរជាតិ Interpol លោក គីម ចុងយ៉ាង ត្រូវបានតែងតាំងឲ្យឡើងធ្វើមេបញ្ជាការប៉ូលិសអន្តរជាតិនេះជាផ្លូវការហើយ ដោយមានអាណត្តិបំពេញការងារពីរឆ្នាំ គឺដល់ឆ្នាំ២០២០ខាងមុខ ។ ការតែងតាំងលោក គីម ជាមេបញ្ជាការ Interpol ថ្មីជាផ្លូវការពេលនេះ ធ្វើឡើងបន្ទាប់ពីអតីតមេប៉ូលិសអន្តរជាតិជាជនជាតិចិន លោក Meng Hongwei ដែលត្រូវជាអតីតអនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណចិនផងដែរ ត្រូវបានអាជ្ញាធរ ចិនចាប់ខ្លួនកាលពីចុងខែកញ្ញាកន្លងទៅ នៅពេលដែលលោកឈានជើងចូលទឹកដីប្រទេសចិន ។ គួរបញ្ជាក់ថា លោក គីម ចុងយ៉ាង បច្ចុប្បន្នមានអាយុ៥៧ឆ្នាំ គឺជាជនជាតិកូរ៉េខាងត្បូងមានស្រុកកំណើតនៅខេត្ត ឆាងវ៉ុន ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាកូរ៉េ ហើយបន្ទាប់មក លោកបានបម្រើការងារជាមន្ត្រីប៉ូលិសកូរ៉េខាងត្បូង និងក្រោយមកទៀតលោកបានឈានទៅកាន់តំណែងជាប្រធានការិយាល័យកណ្តាល នៃប៉ូលិសអន្តរជាតិ Interpol តែម្តង ៕
-
ប្រធានមន្ទីរប៉ង់តាហ្គោននិយាយថា កិច្ចចរចាស្វែងរកសន្តិភាពនៅប្រទេសយ៉េមែន ទំនងជាធ្វើឡើងនាខែក្រោយនេះ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានបញ្ជាក់នៅក្នុងថ្ងៃពុធសប្តាហ៍នេះថា កិច្ចចរចាស្វែងរកសន្តិភាពដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅយ៉េមែន អាចនឹងត្រូវធ្វើឡើងនៅដើមខែធ្នូខាងមុខ ក្នុងប្រទេសអ៊ុយអ៊ែត ។ លោក ចែម ម៉ាត់ទីស បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯមន្ទីរប៉ង់តាហ្គោនថា កិច្ចចរចាសន្តិភាពនេះ ទំនងជាកើតឡើងនៅដើមខែធ្នូខាងមុខ ក្នុងប្រទេសស៊ុយអ៊ែត ហើយថា យើងនឹងបានឃើញភាគីចរចាទំាងពីរ គឺក្រុមឧទ្ទាមហូដធី និងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាឌី ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជួបគ្នានៅទីនោះ ។ សួមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលយ៉េមែន ដែលគំាទ្រដោយអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហូដធីនិកាយស៊ីអ៊ីត ដែលគំាទ្រដោយអ៊ីរ៉ង់នោះ បានប្រកាសបង្កើតបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដើម្បីត្រួសត្រាយផ្លូវទៅកាន់កិច្ចចរចាសន្តិភាព សំដៅស្វែករកការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅយ៉េមែន ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់ និងនាំអោយប្រទេសមួយធ្លាក់ជ្រៅទៅក្នុងស្ថានភាពកាន់តែដុនដាប ៕
-
សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាឡើងវិញនៅឆ្នាំក្រោយនេះ

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដឹកនំាធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើងវិញនៅឆ្នាំក្រោយ ដែលប្រការនេះបានបង្ហាញឲ្យឃើញថា ល្បែងសង្គ្រាមមិនមែនជាឧបសគ្គរារាំងដល់ដំណោះស្រាយការទូត ជុំវិញការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានថ្លែងថា សមយុទ្ធយោធាដែលមានឈ្មោះថា Foal Eagle ជាមួយកូរ៉េខាងត្បូង នឹងរៀបចំធ្វើឡើងនៅរៀងរាល់រដូវផ្ការីកនៅប្រទេសកូរ៉ខាងត្បូង ប៉ុន្តែនឹងត្រូវកាត់បន្ថយទំហំនៃប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ ។ យ៉ាងណាមិញ លោក ម៉ាត់ទីស មិនបានបញ្ជាក់លម្អិតអំពីការកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធានៅឆ្នាំក្រោយនេះទេ ប៉ុន្តែលោកបានថ្លែងថាការកាត់បន្ថយនេះ គឺជាកិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្តទាំងពីរភាគី ដើម្បីលើកទឹកចិត្តឲ្យមានការចរចាបន្តទៀតរវាងអាមេរិក និងកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសង្ឃឹមថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងត្រូវបញ្ចប់នៅត្រឹមចុងអាណត្តិទីមួយរបស់លោក ត្រាំ នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ៕