-
ប្រធានាធិបតីចិនជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ

ប្រុយណេ៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ HaJi Hassanal Bolkiahនៃប្រទេសព្រុយណេនៅបានដាស៊េរី បេហ្កាវ៉ាន់។ ប្រមុខរដ្ឋប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងរវាងចិននិងព្រុយណេ ហើយបានសម្រេចចិត្តជាឯកច្ឆ័នថា នឹងបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងព្រុយណេ។ថែ្លងក្នុងកិច្ចជំនួប លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនចាត់ទុកប្រទេសព្រុយណេជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ការកសាងផ្លូវសូត្រលើសមុទ្រក្នុងសតវត្សរ៍ទី ២១ ហើយមានឆន្ទៈក្នុងការតភ្ជាប់នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយយុទ្ធសាស្រ្តពិពិធកម្មសេដ្ឋកិច្ចព្រុយណេ គឺគំនិតផ្តួចផ្តើមឆ្នាំ ២០៣៥ ។ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដូចជា ការអប់រំ វប្បធម៌ កីឡា សុខាភិបាល ទេសចរណ៍ជាដើម ហើយពួតដៃគ្នាដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាស៊ាននិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីបូព៌ាឲ្យអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លា។ជាការឆ្លើយតប ព្រះចៅស៊ុលតង់HaJi Hassanal Bolkiah មានព្រះបន្ធូលថា ប្រទេសព្រុយណេប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលនយោបាយមានចិនតែមួយនិងឆ្លៀតយកដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ជាឱកាសមួយដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ការអប់រំ វប្បធម៌មនុស្សជាតិនិងជួយគ្នាទៅវិញទៅមកផែ្នកច្បាប់ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជននៃប្រទេសទាំងពីរ៕
-
សេតវិមានព្រមានដកហូតប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក Jim Acosta ម្តងទៀតនៅចុងខែវិច្ឆិកានេះ

សហរដ្ឋអាម៉េរិក៖ សេតវិមានបានចេញការព្រមានថ្មីមួយទៀត ចំពោះអ្នកសារព័ត៌មាន CNN ប្រចាំសេតវិមាន លោក Jim Acosta ដោយលើកឡើងថា ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក ទំនងជាដកហូតម្តងទៀតនៅចុងខែនេះ។ ជាការឆ្លើយតប សារព័ត៌មាន CNN បានស្នើសុំឲ្យតុលាការសហរដ្ឋអាម៉េរិក ធ្វើការកាត់ក្តីជាបន្ទាន់ ដោយអះអាងថា សេតវិមានកំពុងតែបំពានរដ្ឋធម្មនុញ្ញ ហើយសកម្មភាពទាំងនេះ គឺបានគំរាមកំហែងចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់។ សូមរំលឹកថា សារព័ត៌មាន CNN កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានឈ្នះជាបណ្តោះអាសន្នម្តងរួចហើយ ដោយបានបង្ខំឲ្យសេតវិមានផ្តល់ប័ណ្ណអ្នកសារព័ត៌ មានរបស់លោក Acosta មកវិញ ដើម្បីចូលរួមយកព័ត៌មាននៅសេតវិមាន សម្រាប់រយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនោះ សេតវិមានបានផ្ញើលិខិតផ្លូវការមួយដែលបញ្ជាក់ពីសេចក្តីសម្រេចបឋម ដើម្បីផ្អាកប័ណ្ណអ្នកសារព័ត៌មានរបស់គាត់ម្តងទៀត នៅពេលដែលរយៈពេល១៤ថ្ងៃត្រូវបានផុតកំណត់៕ម.ន
-
សហរដ្ឋអាម៉េរិកគ្រោងដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម

សហរដ្ឋអាម៉េរិក៖ កាសែត Washington Post បានដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters មកបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំដាក់បញ្ចូលវេណេស៊ុយអេឡា ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ កាសែត Washington Post ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាម៉េរិក បានឱ្យដឹងទៀតថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីភ្នាក់ងារអាម៉េរិកជាច្រើនបានស្នើឱ្យក្រសួងការបរទេសអាម៉េរិក ផ្ដល់ចម្លើយតបមកវិញ ពាក់ព័ន្ធនឹងសំណើដាក់បញ្ចូលវេណេស៊ុយអេឡាទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវកម្ម។ ក៏ប៉ុន្តែខាងសេតវិមាន និងក្រសួងការបរទេសអាម៉េរិកផ្ទាល់ មិនទាន់ធ្វើការអត្ថាធិប្បាយ ឬក៏បញ្ជាក់ថា សេចក្ដីសម្រេចចុងក្រោយ ត្រូវបានធ្វើឡើងឬយ៉ាងណានោះទេ ស្របពេលដែលទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសទំាងពីរកាន់តែធ្លាក់ចូលជ្រៅក្នុងភាពតានតឹងខ្លាំងឡើង៕ម.ន
-
ពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់នាំគ្នាតវ៉ាប្រឆាំងនឹងការមកដល់របស់ក្រុមជនអន្តោប្រវេសន៍

ម៉ិកស៊ិក៖ ប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនតាមដងវិថីនានា នៅក្នុងទីក្រុងព្រំដែន ទីជួអាណា ប្រទេសម៉ិកស៊ិក ដើម្បីតវ៉ាប្រឆាំងនឹងការមកដល់របស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលព្យាយាមធ្វើដំនើរទៅកាន់សហរដ្ឋអាម៉េរិក ខណៈប្រជាពលរដ្ឋទាំងនេះ បានជំរុញឲ្យក្រុមជនអន្តោប្រវេសន៍ចាកចេញពីទីក្រុងនេះ ទៅកាន់តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ អភិបាលក្រុង ទីជួអាណា លោក ឆន ម៉ានូអែល ហ្គាស្តេឡាំ បាននិយាយកាលពី សប្តាហ៍មុនថា រូបលោករំពឹងថា ចំនួនជនអន្តោប្រវេសន៍ដែលនឹងមកដល់ទីក្រុងមួយនេះនារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងកើនឡើងដល់១ម៉ឺននាក់ ហើយលោកបានធ្វើការក្រើនរំឭកផងដែរថា ទីក្រុងរបស់លោកមិនទាន់បានត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការទទួលយកលំហូរចូលនៃជនភៀសខ្លួនទាំងនេះ។ ដោយឡែកទីជម្រកនៅក្នុងទីក្រុង ទីជួអាណា បានជួបការលំបាកណាស់ទៅហើយ ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ខណៈក្រុមអាជ្ញាធរក៏បានស្នើសុំជំនួយពីរដ្ឋាភិបាលផងដែរ។ សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងអស់នេះ គឺជាផ្នែកមួយនៃពលរដ្ឋក្រីក្រមកពីអាម៉េរិកកណ្តាល ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាម៉េរិក ជាកន្លែងដែលពួកគេចង់បានសិទ្ធិជ្រកកោន។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងការមកដល់របស់ពួកគេ សហរដ្ឋអាម៉េរិក និងម៉ិកស៊ិក បានចាត់វិធានការសន្តិសុខតឹងរឹងជាងមុន នៅតាមតំបន់ឆ្លងកាត់ព្រំដែន៕ម.ន
-
កូរ៉េខាងត្បូងកំពុងត្រៀមខ្លួនរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រកាសនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលនៅក្នុងឆ្នាំនេះ បើទោះបីកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកមានការយឺតយ៉ាវក្តី។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានស្រង់សម្តីអ្នកនាំពាក្យក្រសួងឯកភាពជាតិ លោក Baik Tae hyun មកបញ្ជាក់ថា ភាគីកូរ៉េខាងត្បូងកំពុងតែរៀបចំអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងជំនួបកំពូលកាលពីខែកញ្ញាកន្លងមក នៅទីក្រុងព្យុងយ៉ាង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់លោកប្រធាន គីម អាចនឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។ នៅក្នុងជំនួបកាលនោះ មេដឹកនាំកូរ៉េខាងជើងបានសន្យាថា នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះឡើយ។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានលើកឡើងថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល ក្នុងឆ្នាំនេះ ប្រសិនបើរឿងរ៉ាវរលូននោះ។ ប៉ុន្តែដោយសារតែកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរយឺតយ៉ាវនោះ ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់កូរ៉េខាងត្បូងអាចនឹងត្រូវពន្យារពេល៕
-
ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់២នាក់

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ស៊ីនហួរ ផ្អែកលើប្រភពទទួលពីសារព័ត៌មាន AP បានរាយការណ៍ថា មនុស្ស២នាក់ត្រូវបានសម្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅមន្ទីរពេទ្យក្រុងស៊ីកាហ្គោ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតខាងលើ ក្នុងនោះរួមមានខ្មាន់កាំភ្លើង ដែលបានចាប់ផ្តើមបាញ់ប្រហារនៅកន្លែងចតយានយន្ត និងបន្ទាប់មកសម្រុកចូលក្នុងអគារមន្ទីរពេទ្យ ហើយធ្វើសកម្មភាពបាញ់ប្រហារ។ បើតាមមន្រ្តីប៉ូលិលក្រុងស៊ីកាហ្គោនោះ ប៉ូលិសម្នាក់ក៏បានស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់ផងដែរ។ ដោយឡែកសារព័ត៌មាន ABC7 Chicago និង CBS Chicago បានបញ្ជាក់ថា មនុស្ស២នាក់បានស្លាប់ រួមទាំងខ្មាន់កាំភ្លើង និង២នាក់ទៀតរងរបួសធ្ងន់ ខណៈមន្រ្តីនៃមន្ទីរពេទ្យបាននិយាយថា ការបាញ់ប្រហារបានចប់ និងអ្នកជំងឺមានសុវត្ថិភាព ប៉ុន្តែហេតុផលនៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ៕
-
ឥណ្ឌា និងរុស្ស៊ី ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១០ថ្ងៃនៅក្នុងរដ្ឋ Uttar Pradesh

ឥណ្ឌា៖ កងទ័ពរុស្ស៊ី និងឥណ្ឌា បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានឈ្មោះថា អ៊ីដ្រា-២០១៨ រួមគ្នាមួយ នៅក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅលើទឹកដីរបស់ប្រទេសឥណ្ឌា ហើយកាលពីឆ្នាំ២០១៧ សមយុទ្ធយោធានេះ ក៏ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ សមយុទ្ធយោធា អ៊ីដ្រា-២០១៨ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ ដោយមានការចូលរួមពីកងទ័ពរុស្ស៊ី និងឥណ្ឌាប្រមាណ៥០០នាក់។ ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធាខាងលើ រុស្ស៊ី-ឥណ្ឌា នឹងត្រូវធ្វើការងាររួមគ្នាក្នុងប្រតិបត្តិការរក្សាសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម។ បើតាមការបញ្ជាក់ពីមន្តី្ររុស្ស៊ីនោះ យន្ដហោះយោធារុស្ស៊ី ធូ-៧៦ បានទៅដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្វាឡាយអឺ ហើយកងទ័ពរុស្ស៊ីនឹងត្រូវដំណើរទៅកាន់មូលដ្ឋាន បាប៊ីន រដ្ឋ យូតតារប្រាដេស ភាគពាយ័ព្យប្រទេសឥណ្ឌា ជាទីដែលកងទ័ពប្រទេសទាំងពីរត្រូវធ្វើសមយុទ្ធយោធារួមគ្នា៕ម.ន
-
រុស្ស៊ីបដិសេធប្រគល់ប្រជុំកោះជម្លោះឲ្យទៅប្រទេសជប៉ុនដោយស្វ័យប្រវត្តិ

រុស្ស៊ី៖ សារព័ត៌មាន NHK បានចុះផ្សាយថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានអះអាងថា ការព្រមព្រៀងគ្នានាពេលថ្មីៗនេះ ដើម្បីពន្លឿនកិច្ចចរចាសន្ធិសញ្ញាសន្តិភាពរវាងប្រជាជាតិរបស់លោក និងជប៉ុន មិនមែនមានន័យថា រុស្ស៊ីយល់ព្រមប្រគល់ទឹកដីរបស់ខ្លួនដោយស្វ័យប្រវត្តិទៅឱ្យជប៉ុននោះទេ។ ការលើកឡើងរបស់លោក គឺចង់សំដៅទៅលើការបកស្រាយកាលពីពេលថ្មីៗរបស់ជប៉ុន ទៅលើសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងជប៉ុនកាលពីឆ្នាំ១៩៥៣ ដែលជប៉ុនអះអាងថា នឹងមានការប្រគល់ប្រជុំកោះ គូរីល ឲ្យជប៉ុនវិញដោយស្វ័យប្រវត្តិ។ ជុំវិញបញ្ហានេះលោកបានសង្កត់ធ្ងន់ថា យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ ប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ពីដើមឡើយ បានយល់ព្រមប្រគល់កោះចំនួនពីរក្នុងចំណោមប្រជុំកោះ គូរីល ប៉ុន្តែជប៉ុនបានប្រកែក ដោយខ្លួនចង់បានរហូតដល់៤កោះ ទើបជប៉ុនមិនព្រមចុះហត្ថលេខាបង្កើតសន្ធិសញ្ញាសន្តិភាពរួមគ្នាជាមួយរុស្ស៊ីនៅគ្រានោះឡើយ។ គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងថា ប្រទេសជប៉ុន និងរុស្ស៊ីអាចនឹងចុះហត្ថលេខាមួយលើសន្ធិសញ្ញាសន្តិភាព នៅក្នុងឆ្នាំ២០១៨នេះ ដោយគ្មានការកំណត់លក្ខខណ្ឌទុកជាមុន ប៉ុន្តែទីក្រុងតូក្យូបានទាមទារឱ្យមានការដោះស្រាយ បញ្ហាជម្លោះទឹកដីនៅលើទីប្រជុំកោះ គូរីល ជាមុនសិន៕ម.ន
-
ប្រធានាធិបតីបារាំងជំរុញឲ្យអឺរ៉ុបរឹងប៉ឹងឡើង ដើម្បីទប់ស្កាត់ភាពចលាចលនៅលើពិភពលោក

អាល្លឺម៉ង់៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យមានការជំរុញពីបារាំង និងអាល្លឺម៉ង់ ដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាតួអង្គសំខាន់លើពិភពលោកដ៏រឹងមាំ និងមានទំនុកចិត្តជាងមុន ដែលអាចទប់ស្កាត់ភាពវឹកវរនៅលើឆាកពិភពលោក។ លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានប្រើប្រាស់ទិវាបញ្ចប់សង្គ្រាមលោកលើកទី១ ដើម្បីបង្ហាញសាមគ្គីភាព ស្របពេលដែលមេដឹកនាំទាំងពីរ មានបំណងរុញច្រានប្រឆាំងនឹងកម្លាំងប្រជានិយម និងជាតិនិយមនៅទ្វីបអឺរ៉ុប ក៏ដូចជាគោលជំហរឯកោនិយមរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង បានប្រាប់សភាអាល្លឺម៉ង់ថា អឺរ៉ុបគឺជាអ្នកដែលដឹកនាំការជំរុញឱ្យមានថាមពលបៃតង និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយឥឡូវនេះ បានជំរុញយ៉ាងខ្លាំងឱ្យប្រើវិធីសាស្ត្រពហុភាគីចំពោះការធ្វើពាណិជ្ជកម្ម សន្តិសុខ ការធ្វើចំណាកស្រុក និងគោលនយោបាយបរិស្ថាន។ ក្នុងនាមជាប្រធានាធិបតីបារាំងដំបូងគេដែលឡើងថ្លែងនៅសភាអាល្លឺម៉ង់ ក្នុងរយៈពេល១៨ឆ្នាំមកនេះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់អឺរ៉ុបឱ្យកាន់តែខ្លាំងឡើង ដើម្បីឱ្យប្លុកនេះបំពេញបាននូវបញ្ហាប្រឈមនាពេលអនាគតនៅក្នុងពិភពលោកមិនប្រាកដប្រជានេះ៕ម.ន
-
មេដឹកនាំអ៊ីស្រាអែល បានថ្កោលទោស និងហៅការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិថា “គ្មានការទទួលខុសត្រូវ”

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានថ្កោលទោស និងហៅការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិថា “គ្មានការទទួលខុសត្រូវ” ស្របពេលថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ និងបានប្ដេជ្ញាបន្តដឹកនាំទៅមុខទៀត បើទោះបីជា វិបត្តិរដ្ឋាភិបាលចម្រុះកំពុងគំរាមទម្លាក់រដ្ឋាភិបាលរបស់លោកក៏ដោយ។ ស្របពេលដែលប្រទេសជាតិទាំងមូលកំពុងសម្លឹងមើលការប្រកាសថា តើអ៊ីស្រាអែលនឹងឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ ឬយ៉ាងណានោះ លោក ណឺតាន់យ៉ាហ៊ូ បានប្រើប្រាស់សុន្ទរកថានៅម៉ោងសម្បូរមនុស្សទស្សនា ដើម្បីការពារនូវសមត្ថភាពដឹកនាំខាងសន្តិសុខរបស់លោក និងធ្វើឱ្យករណីនេះក្លាយជាហេតុផលដែលលោកចង់ឱ្យរដ្ឋាភិបាលចម្រុះរបស់លោករួបរួមគ្នាជាធ្លុងមួយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចាស់វស្សារូបនេះ បាននិងកំពុងទទួលបានរងសម្ពាធខ្លាំងជុំវិញកិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ចម្រូងចម្រាសមួយកាលពីសប្តាហ៍មុន ដែលបានបញ្ចប់នូវការរីករាលដាលជម្លោះដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់កាហ្សា ចាប់តាំងពីសង្គ្រាមឆ្នាំ២០១៤មក៕ម.ន