-
ប្រទេសចិនប្រកាសថា នឹងបង្កើនការបណ្តាក់ទុនវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា ប្លុកអេពិក

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ សនិ្នសីទក្រៅផ្លូវការលើកទី២៦ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបើកធ្វើនៅកំពង់ផែ Moresby ប្រទេសបាពួញ៉ូវហ្គីណេ ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសនិ្នសីទ។ លោកបានលើកឡើងថា បណ្តាអង្គភាពសេដ្ឋកិច្ចនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែស្របតាមនិន្នាការអភិវឌ្ឍទូទៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បន្តប្រកាន់ខ្ជាប់កម្មវត្ថុស្តីពីការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តទៅទៀត ក្នុងន័យក្តាប់ជាប់ទិសដៅនៃការបង្កបង្កើតសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកទូលាយ និងខិតខំប្រឹងប្រែងរក្សានិន្នាការសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់ដោយមុតមាំ។ ប្រទេសចិននឹងចូលរួមឲ្យបានស៊ីជម្រៅនូវដំណើរសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ហើយបន្ថែមការបណ្តាក់ទុន នឹងធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងស៊ីជម្រៅជាមួយបណ្តាភាគីនានា ដើម្បីរួមចំណែកថ្មីសម្រាប់វឌ្ឍនភាពនិងវិបុលភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ សនិ្នសីទលើកនេះប្រារព្ធធ្វើក្រោមប្រធានបទ “ក្តាប់ជាប់កាលានុវត្តភាពប្រកបដោយលក្ខណៈបរិយាប័ន្ន ឆ្ពោះទៅរកអនាគតឌីជីថល ”។ ថ្លែងក្នុងសុន្ទរកថា លោក ស៊ី ជីនភីង បានលើកឡើងគំនិតផ្តួចផ្តើម៤ ចំណុចមានជាអាទិ៍៖ ទី១)ប្រកាន់ខ្ជាប់ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ បង្កបង្កើតសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយ ទី២)ប្រកាន់ខ្ជាប់ការជំរុញដោយការច្នៃប្រឌិតថី្ម បណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់បានកំណើន ទី៣)ប្រកាន់ខ្ជាប់ការធ្វើឲ្យល្អពេញលេញនូវបណ្តាញភាពត្ជាប់គ្នា និងជំរុញការអភិវឌ្ឍជាមួយគ្នាប្រកបដោយបរិយាប័ន្ន ទី៤)ប្រកាន់ខ្ជាប់ការធ្វើឲ្យទំនាក់ទំនងភាពជាដៃគូមានភាពកាន់តែស៊ីជម្រៅ ដើម្បីចាប់ដៃរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមដូចគ្នា៕
-
ក្រុមហ៊ុនរថយន្តដ៏ធំនៅអាល្លឺម៉ង់ Porsche ត្រូវបានជួលឲ្យរចនាម៉ាស៊ីនបោកសម្លៀកបំពាក់

អាល្លឺម៉ង់៖ គេហទំព័រ Bloomberg បានចេញផ្សាយថា ក្រុមហ៊ុន Panasonic បានជួលក្រុមហ៊ុនផលិតរថយន្តទំនើប Porsche របស់អាល្លឺម៉ង់ ឲ្យជួយរចនាម៉ាស៊ីនបោកសម្លៀកបំពាក់ មានឈ្មោះថា Alpha ជាប្រភេទម៉ាស៊ីនបោកខោអាវ សម្រាប់បណ្តាអ្នកមានទ្រព្យច្រើននៅប្រទេសចិន។ ប្រភពបន្តថា យុគសម័យនៃអ៊ីនធើណិត ឬ Internet of Things បានប្រែជាមូលដ្ឋានមួយដ៏រឹងមាំសម្រាប់ទីផ្សារ Smart Home ឬផ្ទះវ័យឆ្លាត ក្នុងប្រទេសចិន ដោយត្រូវបានរំពឹងថានឹងមានអត្រាវិនិយោគកើនទ្វេដងអំឡុងឆ្នាំ២០១៨ ទៅ ២០២៤។ ដើម្បីចាប់យកចំណែកធំក្នុងទីផ្សារស៊េរីមានការកើនឡើង ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះកំពុងដាក់ការចាប់អារម្មណ៍លើផលិតផល Smart Home ដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះ Panasonic បានសម្រេចសហការជាមួយ Porsche ក្នុងការផលិតម៉ាស៊ីនបោកខោអាវទំនើប Alpha ជាមួយតម្លៃប្រហែល ២៩០០ដុល្លារ ក្នុង១គ្រឿង៕
-
អាជ្ញាធរថៃទើបតែរកឃើញទូកលិច ដែលបានផ្តាច់ជីវិតទេសចរចិន៤៧នាក់ កាលពីខែកក្តដាកន្លងទៅ

ថៃ៖ អាជ្ញាធរថៃទើបបានរកឃើញទូកដែលក្រឡាប់លិចចូលសមុទ្រនៃខេត្តភូកេត កាលពីខែកក្កដា បង្កឲ្យភ្ញៀវទេសចរចិនស្លាប់អស់៤៧នាក់។ គួររំលឹកឲ្យដឹងថា ទូកទេសចរណ៍ចំនួន២គ្រឿងបានលិចកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែអ្នកទេសចរនៅលើទូកមួយត្រូវបានជួយសង្គ្រោះ ខណៈមួយទៀតបានលិចបាត់។ កាលពីចុងសប្តាហ៍ ទូកនោះត្រូវបានស្រង់ចេញពីក្រោមទឹកសមុទ្រជម្រៅ ៤៥ម៉ែត្រ ដោយកប៉ាល់ស្ទូចរបស់ក្រុមហ៊ុនសិង្ហបុរី ដោយមុនពេលរកឃើញនោះ ប្រតិបត្ដិការបានប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះ ក្រុមហ៊ុនទីមួយដែលជួលឲ្យជួយសង្គ្រោះទូក បានបាត់បង់សមាជិកនៃក្រុមរបស់ខ្លួនម្នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ ហើយមិនបានជោគជ័យក្នុងការស្រង់ទូកឡើងមកលើគោកឡើយ។ រហូតមកដល់ពេលនេះ មនុស្សចំនួន៥នាក់ត្រូវបានចោទប្រកាន់ រួមទាំងម្ចាស់ និងអ្នកបើកទូក២នាក់ផងដែរ ពីបទធ្វេសប្រហែសដែលបណ្ដាលឲ្យមានការស្លាប់ ខណៈទោសអតិបរមាអាចជាប់គុករយៈពេល១០ឆ្នាំ៕
-
កិច្ចប្រជុំកំពូល APEC នៅប្រទេសប៉ាពួញ៉ូវហ្គីណេ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ

ប៉ាពួញ៉ូវហ្គីណេ៖ កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅក្នុងប្រទេសប៉ាពួញ៉ូវហ្គីណេ បានបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយគ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយ ដែលនេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលដែលមានអាយុកាលជិត៣០ឆ្នាំមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាពួញ៉ូវហ្គីណេ លោក Peter O’Neill បានបញ្ជាក់ថា ស្របពេលមានសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន មេដឹកនាំនានាមកពីប្រទេសទាំងពីរបានបរាជ័យ ក្នុងការឯកភាពគ្នាទៅលើភាសានៃសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់មួយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ដែលចូលរួមក្នុងកិច្ចចរចានោះបានថ្លែងប្រាប់អ្នកកាសែតថា ភាពចម្រូងចម្រាសគ្នានេះ គឺកើតឡើងរវាងចិន និងសមាជិកនៃកិច្ចប្រជុំកំពូល APEC ដទៃទៀត មិនមែនជាមួយតែសហរដ្ឋអាម៉េរិកមួយនោះទេ។ មន្ត្រីរូបនេះបានហៅការមិនឯកភាពគ្នានេះថា «មិនធ្លាប់មានពីមុនមកនោះទេ»។ កាលពីមួយថ្ងៃមុននេះ អនុប្រធានាធិបតីអាម៉េរិក លោក Mike Pence និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់ទស្សនៈទៅលើការប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងពេលដែលពួកគេថ្លែងទៅកាន់មេដឹកនាំថ្នាក់តំបន់នានា នៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានី Port Moresby នៃប្រទេសប៉ាពួញ៉ូវហ្គីណេ។ លោក ភែន បានព្រមានដល់សមាជិកនៃកិច្ចប្រជុំកំពូល APEC អំពីការយល់ព្រមជំពាក់បំណុលបរទេស ដែលអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន និងបានជំរុញឲ្យសមាជិក APEC ទាំងអស់ ការពារផលប្រយោជន៍ និងរក្សាឯករាជភាពរបស់ខ្លួនផងដែរ គឺដូចសហរដ្ឋអាម៉េរិកដែរ ត្រូវយកផលប្រយោជន៍របស់ប្រទេសខ្លួនជាធំ៕ម.ន…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកទៅពិនិត្យមើលការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump កាលពីចុងសប្តាហ៍មុននេះ បានធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិនិត្យមើលដោយផ្ទាល់នូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដោយសារភ្លើងឆេះព្រៃ។ លោក ត្រាំ បាននិយាយទៅកាន់អ្នកកាសែត បន្ទាប់ពីលោកបានដើរកាត់តំបន់ដែលឆេះខ្ទេចខ្ទីនៅទីក្រុងផារ៉ាដាយ ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ថា «គ្មាននរណាម្នាក់គិតថា រឿងនេះនឹងកើតឡើងនោះទេ» ។ ជាមួយគ្នានេះ លោកបានសន្យាចំពោះមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាថា រដ្ឋាភិបាលសហព័ន្ធនឹងជួយផ្គត់ផ្គង់ចំពោះការបំផ្លិចបំផ្លាញនេះ ដោយលោកនិយាយថា «យើងនឹងធ្វើការទាំងអស់គ្នា»។ លើសពីនេះ លោក ត្រាំ ក៏បានអះអាងដែរថា នឹងធ្វើការជាមួយនឹងក្រុមអ្នកបរិស្ថាន ដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានប្រសើរជាងនេះ ហើយលោកសង្ឃឹមថា ភ្លើងឆេះព្រៃនេះ គឺជាភ្លើងឆេះព្រៃចុងក្រោយបង្អស់ ដោយសារភ្លើងឆេះព្រៃលើកនេះគឺជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយ។ គួរបញ្ជាក់ថា ផ្ទះយ៉ាងតិច៩,៧០០ខ្នងត្រូវបានឆេះបំផ្លាញ ហើយមនុស្ស៧៦នាក់បាត់បង់ជីវិត និងច្រើនជាង១ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire គឺជាភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា ដោយអ្នកពន្លត់អគ្គីភ័យជាង៥,៥០០នាក់ នៅតែព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ៕ម.ន
-
ប្រធានាធិបតីអាហ្សង់ទីនប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ បន្ទាប់ពីរកឃើញនាវាមុជទឹកដែលបាត់ខ្លួនអស់មួយឆ្នាំ

អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បានប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃអាទិត្យម្សិលមិញនេះតទៀត ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ក្រុមនាវិកជាង៤០នាក់នៃនាវាមុជទឹក San Juan ដែលទើបត្រូវអាជ្ញាធររកឃើញទីតាំង បន្ទាប់ពីបានបាត់បង់ខ្លួនអស់រយៈពេលមួយឆ្នាំ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាហ្សង់ទីនក៏បានសម្តែងការអរគុណ ចំពោះប្រទេសទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរុករកនាវាខាងលើផងដែរ។ បើតាមយោធាជើងទឹកអាហ្សង់ទីននោះ នាវា San Juan ត្រូវបានរកឃើញជាមួយសញ្ញាដែលបង្ហាញថា វាបានជួបហេតុការណ៍ផ្ទុះ។ សូមរំលឹកឡើងវិញថា នាវាមុជទឹក San Juan ដែលផ្ទុកនាវិក៤៤នាក់បានបាត់ដំណឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីវាបានរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស ហើយប្រតិបត្តិការរុករកនាវានេះ មានការប្រើប្រាស់ឧបករណ៍ និងក្រុមការងារមកពីប្រទេសដទៃជាច្រើនផងដែរ៕ម.ន
-
គ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម ផ្តាច់ជីវិតមនុស្ស១២នាក់

វៀតណាម៖ ក្រុមមន្ត្រីវៀតណាមបាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា ទឹកជំនន់ភ្លាមៗ និងបំណាក់ដីបានសម្លាប់មនុស្ស១២នាក់ ខណៈដែលកងទ័ពរាប់រយនាក់ត្រូវបានបញ្ជូន ដើម្បីសម្អាតភូមិ និងជួសជុលផ្លូវដែលត្រូវបានបំផ្លាញ។ ភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាមរយៈពេលពីរបីថ្ងៃកន្លងមកនេះ ស្របពេលដែលវិសម្ពាធតំបន់ត្រូពិចឈ្មោះToraji បានបក់បោកចេញពីសមុទ្រចិនខាងត្បូង ដោយបង្កឱ្យមានបំណាក់ដីដែលបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបំផ្លាញអាងស្តុកទឹកតូចមួយ។ ផ្លូវធំដែលតភ្ជាប់ប្រទេសវៀតណាមទៅភាគខាងជើង និងខាងត្បូងត្រូវបានបិទជាបណ្តោះអាសន្ន ហើយផ្លូវរថភ្លើងមួយចំនួនត្រូវបានផ្អាក ហើយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញផ្ទះជាច្រើន ដែលត្រូវបានកប់ក្រោមកម្ទេចកម្ទី និងរថយន្តច្រើនគ្រឿងលិចក្នុងទឹកជំនន់។ ពួកអ្នកស្រុកត្រូវបានប្រាប់ឱ្យរត់ចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលបំណាក់ដីបានបាក់ធ្លាក់ចុះពីភ្នំនៅក្បែរនោះ៕ម.ន
-
ប្រធានាធិបតីចិនថ្លែងព្រមានថា ការកើនឡើងនៃគំនិតគំាពារនិយម និងឯកតោនិយម ជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល

ប៉ាពួញ៉ូវហ្គីណេ៖ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) នៅក្នុងទីក្រុង ផតម៉ូរែស្បាយ ប្រទេសប៉ាពួញ៉ូវហ្គីណេ ប្រធានធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងបែបព្រមានចំពោះការកើនឡើងនៃគំនិតគាំពារនិយម និងឯកតោភាគីនិយម ដែលជាប្រការគ្រោះថ្នាក់បំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល។ ប្រធានធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា មានតែការបើកទូលាយ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នាប៉ុណ្ណោះ ទើបអាចបង្កើតចេញនូវឱកាស និងចន្លោះបន្ថែមជាច្រើនទៀតសម្រាប់ការអភិវឌ្ឍ។ ប៉ុន្តែជាមួយគ្នានោះ លោក ស៊ី ជិនពីង ក៏បានធ្វើការអំពាវនាវបន្ថែមទៀតឲ្យគ្រប់ប្រទេសទាំងអស់ ប្រឹងប្រែងការពារនូវប្រព័ន្ធធ្វើពាណិជ្ជកម្មពហុភាគី និងអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយនិរន្តរភាព៕ម.ន
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក៖សង្គ្រាមពាណិជ្ជកម្មអាចបញ្ឈប់ទៅបាន ខណៈណាចិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មជាមុនសិន

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរបស់លោកនឹងមិនបញ្ឈប់សង្រ្គាមពាណិជ្ជកម្មជាមួយចិនឡើយ ខណៈណាទីក្រុងប៉េកាំងផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលបច្ចុប្បន្នជាមុនសិន។ ទន្ទឹមគ្នានោះដែរ លោក ម៉ៃ ភែន បាននិយាយថា យើងបានសម្រេចចិត្តធ្វើសកម្មភាព ដើម្បីដោះស្រាយអតុល្យភាពរបស់យើងជាមួយចិន តាមរយៈការដំឡើងពន្ធ២៥០ពាន់លានដុល្លារ លើផលិតផលនានារបស់ចិន ហើយយើងអាចនឹងដំឡើងពន្ធនេះទេ្វដងតទៅទៀត បើសិនជាចិនមិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលបច្ចុប្បន្នទេនោះ។ គួរបញ្ជាក់ថា អនុប្រធានាធិបតីអាម៉េរិករូបនេះ បានកត់សម្គាល់ដូច្នេះនៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុងផតម៉ូរែស្បាយ ប្រទេសប៉ាពួញ៉ូវហ្គីណេ ដោយនាឱកាសនោះ លោក ភែន អះអាងថា អាម៉េរិកនឹងមិនលុបចោលការដំឡើងពន្ធលើផលិតផលចិនជាដាច់ខាត បើសិនជាចិនមិនព្រមប្ដូរគោលនយោបាយពាណិជ្ជកម្មទេនោះ៕ម.ន
-
ចំនួនមនុស្សស្លាប់កើនដល់៧១នាក់ និងជាង១,០០០នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ស៊ីនហួរ របស់ចិនបានចេញផ្សាយថា ចំនួនសាកសពជនរងគ្រោះដែលត្រូវបានរកឃើញ កើនឡើងដល់៧១នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ហើយមនុស្ស១,០១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអាម៉េរិកក្នុងតំបន់បានបញ្ជាក់ថា សាកសពចំនួន៨នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលនេះធ្វើឱ្យសាកសពមនុស្សសរុប៧១នាក់ត្រូវបានប្រទះឃើញនៅក្បែរ និងក្នុងទីក្រុងផារ៉ាដាយ ដែលបានទទួលរងការបំផ្លិចបំផ្លាញជាខ្លាំង ដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ។រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃឈ្មោះថា Camp Fire នៅតែត្រូវចាត់ទុកជាគ្រោះអាសន្នធំបំផុតមួយដដែល ខណៈភ្នាក់ងារពន្លត់អគ្គីភ័យជិត៥,៥០០នាក់កំពុងព្យាយាមពន្លត់វាឲ្យបានទាំងស្រុង។ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុនមក ផ្ទៃដីប្រមាណ១៤២,០០០ហិកតា ត្រូវបានភ្លើងឆាបឆេះ និងលំនៅដ្ឋានប្រមាណ៩,៧០០ខ្នងក៏ត្រូវទទួលរងការបំផ្លិចបំផ្លាញផងដែរ៕ម.ន