Category: ព័ត៌មានអន្តរជាតិ

  • បារាំងបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿងនៅសមុទ្រក្រហម

    បារាំងបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿងនៅសមុទ្រក្រហម

    ប៉ារីស ៖ ក្រសួងការពារជាតិបារាំង នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា កងទ័ពជើងទឹកបារាំងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូនចំនួនពីរគ្រឿង នៅតំបន់សមុទ្រក្រហម ជាទីដែលក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែន កំពុងបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកទំនិញ។ កងទ័ពជើងទឹកបារាំង ដែលត្រូវបានដាក់ពង្រាយជាមួយនឹងនាវាចម្បាំងចំនួនពីរគ្រឿង ចាប់បានសញ្ញាគំរាមកំហែងកាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានកម្ទេចយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង។ ដោយឡែកកាលពីយប់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ កងទ័ពជើងទឹកបារាំងក៏បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងផ្សេងទៀតផងដែរ។ ការវាយប្រហាររបស់បារាំងនេះកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូនតាមផ្លូវទឹកនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក និងគ្រប់គ្រងភាគច្រើននៃទឹកដីប្រទេសយេម៉ែន ដែលហែកហួរដោយសារសង្រ្គាម។ ពួកឧទ្ទាមនេះបាននឹងកំពុងយាយីផ្លូវដឹកជញ្ជូនដ៏សំខាន់នៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា នៅក្នុងយុទ្ធនាការដែលពួកគេនិយាយថា មានសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងកំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រុស្ស៊ីបញ្ចេញយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ

    រុស្ស៊ីបញ្ចេញយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ

    មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឡើងជិះសាកយន្តហោះយោធាល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានបញ្ចេញវីដេអូបង្ហាញពីលោក ពូទីន ឡើងជណ្តើរជិះយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកមីស៊ីលធុន Tu-160M នៅពេលវាសាកល្បងហោះហើរ នៅឯក្រុមហ៊ុនផលិតយន្តហោះមួយ ដែលមានមូលដ្ឋាននៅទីក្រុង Kazan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានរដ្ឋ បន្ទាប់ពីចុះពីលើយន្តហោះនោះថា យន្តហោះនេះពិតជាបំពាក់ម៉ាស៊ីនថ្មី… ថ្មីស្ទើរទាំងស្រុង… វាអាចដំណើរការបានយ៉ាងល្អ… អ្នកអាចមើលឃើញ សូម្បីតែដោយភ្នែកទទេ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី លោក ពូទីន បានចំណាយពេល ៣០នាទីជិះនៅលើយន្តហោះ Tu-160M ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ផលិតដោយអតីតសហភាពសូវៀត ដែលវាជាផ្នែកមួយនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ រុស្ស៊ីបានបញ្ចេញយន្តហោះដ៏មានអនុភាពនេះ ពីរថ្ងៃមុនពេលទីក្រុងមូស្គូប្រារព្ធខួប២ឆ្នាំ នៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អឺរ៉ុបដាក់ទណ្ឌកម្មចិន និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

    អឺរ៉ុបដាក់ទណ្ឌកម្មចិន និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

    ព្រូចសែល ៖ សហភាពអឺរ៉ុប ក្នុងថ្ងៃពុធនេះ បានយល់ព្រមហាមឃាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចិនចំនួន៣ និងកត់ឈ្មោះរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន ចំពេលខួប២ឆ្នាំ នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ អ្នកការទូតជាច្រើននិយាយថា កញ្ចប់ទណ្ឌកម្មថ្មីនេះ រួមមានការដាក់បន្ថែមក្រុមហ៊ុនចិនចំនួន៣ ទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាយោធាដល់រុស្ស៊ី។ ក្រុមហ៊ុននៅតួកគី និងឥណ្ឌាក៏ជាប់ទណ្ឌកម្មនេះដែរ ខណៈដែលសហភាពអឺរ៉ុបបានកំណត់គោលដៅកាន់តែខ្លាំងឡើង ចំពោះប្រទេសទីបីដែលជួយរុស្ស៊ីឱ្យជៀសផុតពីទណ្ឌកម្មរបស់ខ្លួន។ ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីនេះទៀតសោត អឺរ៉ុបក៏បានបង្កកទ្រព្យសម្បត្តិ និងទិដ្ឋាការលើរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam ជុំវិញការផ្គត់ផ្គង់មីស៊ីលផ្លោងទៅឱ្យរុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមក លើរុស្ស៊ីក្នុងរយៈពេលពីរឆ្នាំ ជុំវិញសង្រ្គាមលុកលុយអ៊ុយក្រែន ហើយរហូតមកទល់ពេលនេះ អឺរ៉ុបបានដាក់មន្ត្រី និងអង្គភាពប្រហែល ២,០០០ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ ថ្វីបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ក៏សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានភាពធន់ ហើយវិមានក្រឹមឡាំងនៅតែអាចបង្កើនផលិតកម្មយោធារបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Boeing ប្រកាសត្រៀមខ្លួនប្រជែងជាមួយយន្តហោះចិន

    Boeing ប្រកាសត្រៀមខ្លួនប្រជែងជាមួយយន្តហោះចិន

    សិង្ហបុរី៖ ក្រុមហ៊ុន Boeing ក្នុងថ្ងៃពុធនេះ និយាយថា ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយយន្តហោះដឹកអ្នកដំណើរ ដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ប្រទេសចិន ដែលដាក់តាំងបង្អួតរាងទៅកាន់អ្នកទិញអន្តរជាតិ នៅឯពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ីក្នុងប្រទេសសង្ហិបុរី។ នាយកគ្រប់គ្រងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Dave Schulte និយាយថា យន្តហោះចិន C919 គឺស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Boeing និង Airbus ផលិតដែរ ហើយវាអាចជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ អាចពិចារណាទិញយកប្រើប្រាស់បាន។ លោក Schulte បានប្រាប់អ្នកយកព័ត៌មាននៅឯពិព័រណ៍យន្តហោះថា C919 គឺជាយន្តហោះដែលនឹងចូលខ្លួនមកប្រកួតប្រជែងជាមួយ Boeing ហើយយើងនឹងចាប់ផ្តើមប្រកួតប្រជែង។ បើតាមលោក Schulte តំបន់អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មីចំនួន ៤,២២៥គ្រឿងនៅក្នុងឆ្នាំ២០៤២ ដូច្នេះក្រុមហ៊ុន Boeing កំពុងត្រៀមខ្លួន ដើម្បីរត់ប្រណាំងជាមួយនឹងក្រុមហ៊ុន COMAC ក្នុងការស្រូបទាញអ្នកបញ្ជាទិញ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Boeing បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Royal Brunei Airlines ទើបបានបញ្ជាទិញយន្តហោះរបស់ខ្លួនចំនួន ៤គ្រឿង ក្នុងចំណោមយន្តហោះ Boeing…

  • បាក់រលំអណ្តូងរ៉ែ នៅវ៉េណេស៊ុយអេឡា សង្ស័យស្លាប់មនុស្ស២៥នាក់

    បាក់រលំអណ្តូងរ៉ែ នៅវ៉េណេស៊ុយអេឡា សង្ស័យស្លាប់មនុស្ស២៥នាក់

    ការ៉ាកាស៖ មនុស្សប្រមាណ២៥នាក់ត្រូវបានសង្ស័យថា បានស្លាប់ នៅក្នុងហេតុការបាក់រលំអណ្តូងរ៉ែមួយ កន្លែងនៅវ៉េណេស៊ុយអេឡា។ អាន. ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Angostura នៃរដ្ឋ Bolivar ។ អភិបាលក្រុងបាននិយាយថា អណ្តូងរ៉ែដែលបាក់រលំនេះ គឺខុសច្បាប់ មានទីតាំងនៅក្នុងព្រៃដាច់ស្រយាលនៃភាគខាងត្បូង ប្រទេសវេណេស៊ុយអេឡា។ លោកបានបន្តថា «មានការពិភាក្សាអំពីអ្នកស្លាប់ មានចំនួន ២៥ នាក់ និង ១៥ នាក់ទៀតរងរបួស» ប៉ុន្តែលោកបានបន្ថែមថា «មិនទាន់មានចំនួនពិតប្រាកដនៅឡើយ»។ យ៉ាងណាមិញ មុននេះ រដ្ឋលេខាធិការសន្តិសុខពលរដ្ឋនៃរដ្ឋ Bolivar បានរាយការណ៍ថា មានមនុស្សស្លាប់ពីរនាក់ និងរបួសពីរនាក់។ គួរបញ្ជាក់ថា តំបន់កើតហេតុនេះ សម្បូរទៅដោយមាស ពេជ្រ ដែក បុកស៊ីត រ៉ែថ្មខៀវ និងកូលតាន់។ ក្រៅពីការជីកយករ៉ែរបស់រដ្ឋដោយស្របច្បាប់ ក៏មានឧស្សាហកម្មរុករករ៉ែខុសច្បាប់ កំពុងកើនឡើងដែរ។ កាលពីខែធ្នូឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ១២ នាក់ត្រូវបានសម្លាប់ អំឡុងពេលដែលអណ្តូងរ៉ែ នៅឯសហគមន៍ជនជាតិដើមភាគតិច Ikabaru ក្នុងតំបន់ដូចគ្នានេះ បានដួលរលំ៕…

  • កងទ័ពអ៊ុយក្រែន ខឹងសម្បារ នឹងការមិនរើសទាហានថ្មីបន្ថែម

    កងទ័ពអ៊ុយក្រែន ខឹងសម្បារ នឹងការមិនរើសទាហានថ្មីបន្ថែម

    គៀវ៖ ក្រុមនាយទាហាន និងទាហានដែលកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធការពារអ៊ុយក្រែន ក្នុបពេលធ្វសង្គ្រាមជាមួយរុស្ស៊ីនោះ បានត្អួញត្អែរពីភាពនឿយហត់ និងចង់ឲ្យមានទាហានថ្មីៗ មកជំនួសពួកគេ។ ទាហានម្នាក់ឈ្មោះថា Ivan Zadontsev ដែលបានប្រញាប់ប្រញាល់ ទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែន ពេលរុស្ស៊ីចូលឈ្លានពាន ភ្លាមៗ បានប្រាប់ កាលពីថ្ងៃអង្គារថា ពេលឥឡូវនេះ រូបគេបានហត់នឿយ ខណៈដែលសមរភូមិនេះជិតឈានចូលដល់ ឆ្នាំទី៣ ហើយនោះ។ លោក Zadontsev ក្នុងវ័យ ២៧ ឆ្នាំបាននិយាយថា «មិនដឹងថា ការតស៊ូប្រយុទ្ធនេះនឹងអូសបន្លាយ ដល់ណាទៀតនោះទេ»។ លោកថា «យើងហត់ហើយ យើងទាំងអស់គ្នាចង់សម្រាក សូមអ្នកទាំងឡាយ មកប្តូរពួកយើងទៅ»។ ភាពនឿយហត់នេះកំពុងបង្កភាពលំបាកសម្រាប់មេដឹកនាំយោធា ដែលត្រូវការកម្លាំងមនុស្សបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។ លោក Sergiy Ogorodnyk អាយុ ៣៩ ឆ្នាំ ដែលដឹកនាំកម្លាំងវាយប្រហារតាមអាកាសបាននិយាយថា «មនុស្សត្រូវការសម្រាក មិនមែនគ្រាន់តែដើម្បីសង្គ្រោះ និងបន្តការប្រយុទ្ធនោះទេ» ។ លោកបាននិយាយថា «ពួកគេក៏ត្រូវការពេលវេលាដើម្បី កសាងជីវិតជនស៊ីវិលរបស់ពួកគេឡើងវិញដែរ» ដោយបន្ថែមថា អារម្មណ៍នៃ “ភាពអយុត្តិធម៌” ចំពោះអ្នកដែលមិនត្រូវបានគេហៅឱ្យឡើងប្រយុទ្ធ…

  • ទំហំទឹកប្រាក់នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សេដ្ឋកិច្ចពិភពលោកទាំងមូលមានរហូតដល់ ១០១,៦ ទ្រីលានដុល្លារ នៅឆ្នាំ២០២២

    ទំហំទឹកប្រាក់នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សេដ្ឋកិច្ចពិភពលោកទាំងមូលមានរហូតដល់ ១០១,៦ ទ្រីលានដុល្លារ នៅឆ្នាំ២០២២

    ដោយអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និងឥណ្ឌា ជាប្រទេសកំពូលទាំង ៥ដែលមាន GDP ខ្ពស់ជាងគេ។ អាមេរិកមាន GDPសរុប ២៥ទ្រីលានដុល្លារ ខណៈចិនមាន ១៨,៣ទ្រីលានដុល្លារ។ ជប៉ុន ស្ថិតនៅលំដាប់ទី៣ ជាមួយនឹង GDPចំនួន ៤,៣ទ្រីលានដុល្លារ ខណៈអាល្លឺម៉ង់មានGDPសរុប ៤ទ្រីលានដុល្លារ។ ឈរនៅលំដាប់ទី៥ គឺឥណ្ឌា ដែលទើបវ៉ាដាច់អង់គ្លេស ជាមួយនឹងGDPសរុប ៣,៥ទ្រីលានដុល្លារ ខណៈអង់គ្លេសមានGDP សរុប ៣,២ទ្រីលានដុល្លារ – IMF via Visual Capitalist #ams1minute

  • អតិផរណាកាណាដាធ្លាក់ចុះដល់ ២.៩ភាគរយ ក្នុងខែមករា

    អតិផរណាកាណាដាធ្លាក់ចុះដល់ ២.៩ភាគរយ ក្នុងខែមករា

    អូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសកាណាដា ក្នុងថ្ងៃអង្គារនេះ និយាយថា អតិផរណានៅក្នុងប្រទេសកាណាដាធ្លាក់ចុះដល់ ២.៩ភាគរយ នៅក្នុងខែមករា ដើមឆ្នាំ២០២៤ តួលេខនេះ ធ្លាក់ចុះទាបជាងការព្យាករណ៍កាលពីខែមុន ដែលមាន ៣.៣ភាគរយ។ ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសកាណាដា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះអតិផរណាកាលពីខែមករា មានការជួយជ្រោមជ្រែងធំពីតម្លៃប្រេងសាំង ដែលបានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា។ បន្ថែមលើនេះ ធនាគារកណ្តាលកាណាដាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានដំឡើងអត្រាការប្រាក់ ពីកម្រិតទាបបំផុតពី ០.២៥ភាគរយទៅ ៥ភាគរយ នៅក្នុងការដេញថ្លៃ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។ សូមរម្លឹកថា អតិផរណានៅក្នុងប្រទេសកាណាដា បានស្ទុះឡើងមិននឹកស្មានដល់កាលពីខែធ្នូឆ្នាំមុន ដោយហក់ដល់ ៣.៤ភាគរយ បន្ទាប់ពីការធ្លាក់ចុះជាលំដាប់ពីកម្រិតខ្ពស់បំផុត ៨.១ភាគរយក្នុងខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមគ្នា អ្នកសេដ្ឋកិច្ចរំពឹងថា អតិផរណានឹងថយចុះមកត្រឹម ៣.៣ភាគរយនៅក្នុងខែមករាដើមឆ្នាំនេះ ប៉ុន្តែជាក់ស្តែង វាបានធ្លាក់ចុះដល់ ២.៩ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • យន្តហោះចិនចង់ដណ្តើមតំណែង Airbus និង Boeing

    យន្តហោះចិនចង់ដណ្តើមតំណែង Airbus និង Boeing

    សង្ហិបុរី៖ យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ី ដែលកំពុងបើកដំណើរការក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ជាមួយនឹងយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួន ប្រទេសចិនមានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះកំពូល គឺ Airbus និង Boeing ស្របពេលដែលទីក្រុងប៉េកាំងកំពុងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ក្រៅពីយន្តហោះខ្នាតធំ C919 ប្រទេសចិនក៏បានដាក់តាំងបង្ហាញយន្តហោះ ARJ21 ចំនួនពីរគ្រឿងផងដែរ ដែលយន្តហោះពាណិជ្ជកម្មខ្នាតតូច ផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិន (COMAC)។ យន្តហោះ C919 ចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងប្រទេសចិនកាលពីខែឧសភា ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅខាងក្រៅប្រទេសចិន គឺនៅក្នុងទីក្រុងហុងកុង កាលពីខែធ្នូ។ ខណៈពេលដែលវាមិនទាន់ទាក់ទាញអ្នកទិញនៅក្រៅប្រទេស យន្តហោះ C919 ទើបបានទទួលការបញ្ជាទិញដំបូងរបស់ខ្លួន ពីក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន ដែលបានចុះកិច្ចសន្យាទិញយន្តហោះ C919 ចំនួន ៤០គ្រឿង និង ARJ21 ចំនួន ១០គ្រឿង។ COMAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Henan Civil Aviation Development and Investment Group…

  • សេដ្ឋកិច្ចអ៊ីស្រាអែល ធ្លាក់ចុះ ចំពេលមានសង្គ្រាមជាមួយក្រុមហាម៉ាស់

    សេដ្ឋកិច្ចអ៊ីស្រាអែល ធ្លាក់ចុះ ចំពេលមានសង្គ្រាមជាមួយក្រុមហាម៉ាស់

    ហ្ស៊េរុយសាឡឹម៖ តួលេខផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល ធ្លាក់ចុះជិត១ភាគ៥ ពោលគឺ ១៩.៤ភាគរយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ បើធៀបនឹងរយៈពេល៣ខែមុន។ ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ត្រូវបានគេសន្មត់ថា ដោយសារការជះឥទ្ធិពលពីសង្គ្រាមនៅហ្គាហ្សា ដែលកំពុងបន្តកើតមានលើសេដ្ឋកិច្ចរបស់ប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ។ ការនាំចេញរបស់អ៊ីស្រាអែលធ្លាក់ចុះ ១៨.៣ភាគរយ និងការនាំចូល ៤២.៤ភាគរយ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍បញ្ឈប់ការហោះហើរ និងការដឹកជញ្ជូនអន្តរជាតិ គេចចេញពីសមុទ្រក្រហម បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានចាប់ផ្តើមវាយប្រហារលើនាវា ដើម្បីឆ្លើយតបនឹងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ប្រទេសអ៊ីស្រាអែលបានជួបការខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើន និងការដួលរលំនៃឧស្សាហកម្មទេសចរណ៍ ចាប់តាំងពីការផ្ទុះសង្រ្គាម។ តួយ៉ាង យោធាអ៊ីស្រាអែលបានកែនទ័ពបម្រុងជាង ៣០០,០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ថ្ងៃទី៧ ខែតុលា ហើយភ្លាមៗរដ្ឋាភិបាលថែមទាំងបានរារាំងមិនឱ្យកម្មករប៉ាឡេស្ទីនយ៉ាងតិច ១៦០,០០០នាក់ចូលក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើននៃពួកគេបំពេញការងារផ្នែកសំណង់ និងកសិកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ តួលេខរបស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល បានបង្ហាញថា ជារួម GDP របស់អ៊ីស្រាអែល បានកើនឡើង ២ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ពោលគឺទាបជាងការព្យាករណ៍ ២.៣ភាគរយ ដែលធ្វើឡើងដោយធនាគារកណ្តាលអ៊ីស្រាអែល និងបន្ទាប់ពីការផ្ទុះសង្រ្គាមឡើងកាលពីខែតុលា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…