-
ប្រមុខចារកម្មអ៊ីស្រាអែលទៅអេហ្ស៊ីប ស្វែងរកបទឈប់បាញ់នៅហ្គាហ្សា

ហ៊េ្សរុយសាឡឹម៖ ប្រធានចារកម្មអ៊ីស្រាអែល លោក David Barnea ក្នុងថ្ងៃអង្គារនេះ ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីគែរ ក្នុងគោលបំណងពិភាក្សាជាមួយសមភាគីអេហ្ស៊ីប និងសហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើសំណើបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។ មន្រ្តីអ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា នាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad លោក David Barnea នឹងជួបលោក William Burns នាយកចារកម្មអាមេរិក CIA ហើយនៅរដ្ឋធានីគែររបស់អេហ្ស៉ីប អ្នកទាំងពីរនឹងត្រូវចូលរួមដោយនាយករដ្ឋមន្រ្តីកាតា Mohammed bin Abdulrahman Al-Thani ដែលមានតួនាទីជាប្រមុខការទូតកាតាផងដែរ និងធ្លាប់ជួយសម្រេចបានបទឈប់បាញ់កន្លងមក។ បើតាមប្រភពពីសហហរដ្ឋអាមេរិក លោក Burns នឹងត្រូវមានវត្តមាននៅទីក្រុងគែរ ដើម្បីចូលរួមកិច្ចពិភាក្សា អំពីសំណើបទឈប់បាញ់ ដែលជួយសម្រុះសម្រួលដោយភាគីកាតា បន្ទាប់ពីអ៊ីស្រាអែលបានបដិសេធលក្ខខណ្ឌឆ្លើយតបដំបូងកាលពីសប្តាហ៍មុន ពីសំណាក់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ ដំណឹងនាពេលនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅតែប្តេជ្ញាបន្តសង្រ្គាមកម្ទេចក្រុមហាម៉ាស តាមរយៈការបញ្ជូនកងទ័ពចូលវាយលុកទ្រង់ទ្រាយធំលើទីក្រុង Rafah ដែលនៅព្រំដែនភាគខាងត្បូងតំបន់ហ្គាហ្សា និងជាទីដែលជនជាតិប៉ាឡេស្ទីនប្រហែល ១.៤លាននាក់ នាំគ្នារត់ទៅជ្រកកោននៅទីនោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
បារាំងរក្សាស្ថេរភាពអត្រាគ្មានការងារធ្វើ

ប៉ារីស៖ អត្រាគ្មានការងារធ្វើជាផ្លូវការរបស់ប្រទេសបារាំង រក្សាបាននូវស្ថិរភាពនៅត្រឹម ៧.៥ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ខណៈដែលទីភ្នាក់ងារស្ថិតិជាតិ (INSEE) ក្នុងថ្ងៃអង្គារនេះ បានកែសម្រួលការព្យាករណ៍ដំបូងរបស់ខ្លួន ដែលថា នឹងកើនឡើង ០.១ភាគរយ។ នៅត្រីមាសទី៤ ឆ្នាំ២០២៣ បារាំងបានមើលឃើញចំនួនអ្នកគ្មានការងារធ្វើនៅទូទាំងប្រទេស កើនឡើងប្រមាណ ២៩,០០០នាក់ ដល់ ២.៣លាននាក់ជាមួយនឹងអត្រា ០.៤ភាគរយ តួលេខនេះខ្ពស់ជាងកាលពី ៤០ឆ្នាំមុន ដែលខ្លួនទើបអាចសម្រេចបានកាលពីចុងឆ្នាំ២០២២។ ទន្ទឹមគ្នា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មានមហិច្ឆតាកាត់បន្ថយអត្រាគ្មានការងារធ្វើទូទាំងប្រទេស នៅត្រឹម ៥.៥ភាគរយ ឬទាបជាងនេះ។ យ៉ាងណាមិញ អត្រាគ្មានការងារធ្វើរបស់ប្រទេសបារាំង បានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ ដែលមានចំនួនរហូតដល់ ១០.៥ភាគរយឯណោះ។ គួរបញ្ជាក់ថា អត្រាគ្មានការងារធ្វើ ក្នុងចំណោមយុវវ័យ ដែលមានអាយុចាប់ពី ១៥ ដល់ ២៤ឆ្នាំនៅតែខ្ពស់ដដែល បើទោះបីជាបានធ្លាក់ចុះ ០.២ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដល់ ១៧.៥ភាគរយ ប៉ុន្តែចំនួនសរុប គឺ ០.៦ភាគរយ កើនឡើងលើសកាលពីចុងឆ្នាំ២០២២។ ចំណែកតួលេខអត្រាអ្នកគ្មានការងារធ្វើក្នុងរយៈពេលយូរ ពោលគឺចាប់ពីមួយឆ្នាំ…
-
ព្យុះរដូវរងាវាយប្រហារភាគឦសាន សហរដ្ឋអាមេរិក លុបជើងហោះហើរ បិទសាលារៀន

អាមេរិក៖ ភាគឦសាននៃសហរដ្ឋអាមេរិកត្រូវបានគ្របដណ្ដប់ដោយព្រិល ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានវាយលុកតំបន់នេះ ដោយគ្របដណ្តប់លើសលប់លើទីក្រុងញូវយ៉ក ជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ និងបណ្តាលឱ្យមានការលុបចោលជើងហោះហើរ និងការបិទសាលារៀន ជាដើម។ កាលពីថ្ងៃអង្គារ សេវាអាកាសធាតុជាតិ ហៅកាត់ NWS បានចេញពីការព្រមានសម្រាប់ខ្យល់បក់ខ្លាំង ព្រិលធ្លាក់ខ្លាំង និងការជន់លិច នៅតាមឆ្នេរសមុទ្រ ដោយសាតែព្យុះ Lorraine នៅតាមបណ្តោយផ្នែកខ្លះ នៃឆ្នេរភាគខាងកើត។ បើតាមសេវា NWS បានចេញផ្សាយថា មនុស្សជាង ៣២ លាននាក់ស្ថិតក្រោមការព្រមានអំពីព្យុះរដូវរងានេះ ខណៈដែលព្យុះបានបង្កការបំផ្លិចបំផ្លាញបណ្តើរៗហើយ។ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ ជាង ១២២០ ជើង រួមទាំងជើងហោះហើរ ៤៣ភាគរយ នៅអាកាសយានដ្ឋាន LaGuardia របស់ទីក្រុងញូវយ៉ក ក៏ដូចជា ជើងហោះហើរមួយ ក្នុងចំណោមជើងហោះហើរចំនួន ៥ នៅមជ្ឈមណ្ឌលអាកាសសំខាន់ផ្សេងទៀត នេះបើយោងតាមអ្នកតាមដានអាកាសចរណ៍ Flight Aware ។ សាលារៀនត្រូវបានបង្ខំឱ្យបិទ នៅក្នុងទីក្រុងញូវយ៉ក ហើយប្រតិបត្តិករដឹកជញ្ជូនបានព្យាយាមផ្តល់សេវា បន្ទាប់ពីអាជ្ញាធរបានអំពាវនាវឱ្យសាធារណជន ជៀសវាងការបើកបរចំពេលមានស្ថានភាពអាប់អួរ។ អាជ្ញាធរបាននិយាយថា វាជាលើកទីមួយ ក្នុងរយៈពេលពីរឆ្នាំ ដែលព្រិលបានធ្លាក់ចុះយ៉ាងខ្លាំងក្លា…
-
វិមានក្រឹមឡាំង និងលោក Musk បដិសេធការចោទដែលថា យោធារុស្ស៊ីប្រើអ៊ីនធឺណេត Starlink

បរទេស៖ វិមានក្រឹមឡាំង ឬរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទ បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនដែលថា យោធារុស្ស៊ី ដែលកំពុងប្រយុទ្ធជួរមុខបានប្រើប្រាស់អ៊ីធឺណែតរបស់ក្រុមហ៊ុន Starlink ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ លោក មហាសេដ្ឋីមានសញ្ជាតិអាមេរិក Elon Musk។ រីឯ ខាងក្រុមហ៊ុនក៏បានច្រានចោលការអះអាងរបស់អ៊ុយក្រែន លើរឿងនេះដែរ។ ទីភ្នាក់ងារសង្ងាត់នៃយោធាអ៊ុយក្រែន ហៅកាត់ GUR បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងដែលថា បណ្តាញអ៊ីនធឺណែតរបស់ក្រុមហ៊ុន Starlink កំពុងត្រូវបានប្រើប្រាស់ដោយ មូលដ្ឋាន «ជាប្រព័ន្ធ» នៃកងទ័ពរុស្ស៊ី ហើយគេថែមទាំងចោទថា រុស្ស៊ីបានគេចពន្ធសេវាកម្មនេះ យកទៅប្រើក្នុងប្រទេសខ្លួន ទៀតផង។ Starlink ត្រូវបានគេដឹងថា ជាបណ្តាញផ្កាយរណប ក្នុងគន្លងផែនដីទាប ដែលអាចផ្តល់សេវាអ៊ីនធឺណែត ទៅកាន់តំបន់ដាច់ស្រយាល ឬ តំបន់ ដែលគេបិទទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ជុំវិញរឿងនេះ លោក Musk បាននិយាយ នៅលើបណ្តាញសង្គមរបស់ខ្លួន X ឬ ពីមុនគេហៅ Twitter ថា នោះគឺជារបាយការណ៍មិនពិត។ លោកបានបន្ថែមទៀត គ្មានសេវាកម្មអ៊ីនធឺណែត…
-
បាញ់ប្រហារនៅរថភ្លើងក្រោមដី ក្នុងក្រុងញូវយ៉ក ស្លាប់និងរបួសមនុស្ស ៦នាក់

ញូវយ៉ក៖ មនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារលើរថភ្លើងក្រោមដីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅមុនម៉ោងដ៏មមាញឹក កាលពីរសៀលថ្ងៃចន្ទ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អាជ្ញាធរត្រូវបានជូនដំណឹងភ្លាមៗ ពីហេតុការណ៍នេះ នៅម៉ោងប្រមាណ ជាង៤ល្ងាច។ លោក Michael Kemper ប្រធានផ្នែកឆ្លងកាត់របស់ប៉ូលីសទីក្រុងបាននិយាយថា «យើងមិនជឿថា នេះគឺជាការបាញ់ប្រហារ ដោយចៃដន្យទេ…ជាអកុសល ជនរងគ្រោះម្នាក់ អាយុ ៣៤ ឆ្នាំ ត្រូវបានប្រកាសថា បានស្លាប់»។ ហេតុការណ៍នេះបានកើតឡើង នៅឯស្ថានីយ៍រថភ្លើងក្រោមដី Mount Eden Avenue នៅតំបន់ភាគខាងជើងនៃទីក្រុង Bronx ចម្ងាយ ១៤គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ Times Square របស់ទីក្រុងមានប្រជាជនច្រើនបំផុត Manhattan នៃទីក្រុងញូវយ៉ក។ ក្រុមប៉ូលិស និងភ្នាក់ងារមកពីការិយាល័យសហព័ន្ធគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) បាននៅកន្លែងកើតហេតុ ធ្វើការស្វែងរកស្នាមម្រាមដៃ បន្ទាប់ពីការបាញ់ប្រហារនេះ។ ការបាញ់ប្រហារដ៏ធំគឺជារឿងធម្មតា នៅក្នុងសហរដ្ឋអាមេរិក ដែលមានកាំភ្លើងច្រើនជាងមនុស្ស ហើយប្រហែលមួយភាគបីនៃមនុស្សពេញវ័យ មានកាំភ្លើងប្រើប្រាស់។ ការស្ទង់មតិបង្ហាញថា…
-
ហូឡង់ផ្អាកនាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅឱ្យអ៊ីស្រាអែល

តុលាការក្នុងប្រទេសហូឡង់ នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយព្រួយបារម្ភថា គ្រឿងបន្លាស់ទាំងនោះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីបំពានច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា។ សាលាឧទ្ធរណ៍ទីក្រុងឡាអេ និងអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ថា គ្រឿងបន្លាស់ទាំងនោះ បានរួមចំណែកដល់ការរំលោភច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ដូច្នេះតុលាការបានបញ្ជាឱ្យរដ្ឋ ត្រូវតែបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ៧ថ្ងៃ។ ចៅក្រមតុលាការក្រុងឡាអេ បានគូសបញ្ជាក់ថា មានហានិភ័យខ្លាំងណាស់ ជុំវិញការរំលោភបំពានច្បាប់មនុស្សធម៌ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល។ គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងមួយក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។ ការហាមឃាត់របស់តុលាការក្នុងប្រទេសហូឡង់នាពេលនេះ ធ្វើឡើងចំពេលដែលអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរស់នៅយ៉ាងច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង ៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រុស្ស៊ីនាំចេញទៅអឺរ៉ុបធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២៣

មូស្គូ៖ ទីភ្នាក់ងារគយរបស់រុស្ស៊ី ក្នុងថ្ងៃចន្ទនេះ និយាយថា ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះជាងពីរភាគបីក្នុងឆ្នាំ ២០២៣ ដោយសារសហភាពអឺរ៉ុបកាត់បន្ថយខ្លាំង លើការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី។ ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៦៨ភាគរយក្នុងឆ្នាំ ២០២៣ មានត្រឹមទឹកប្រាក់ ៨៤.៩ពាន់លានដុល្លារ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់សម្តីរបស់ទីភ្នាក់ងារគយសហព័ន្ធរុស្ស៊ី។ ចំណែកការនាំចេញរបស់រុស្ស៊ីទៅកាន់តំបន់អាស៊ី ជំនួសសហភាពអឺរ៉ុបដែលជាអតិថិជនថាមពលដ៏ធំរបស់ខ្លួន កើនឡើង ៥.៦ភាគរយ មានទឹកប្រាក់ ៣០៦.៦ពាន់លានដុល្លារ។ បើតាមសារព័ត៌មាន Interfax ការនាំចូលរបស់រុស្ស៊ីពីអឺរ៉ុបក៏បានធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ ដោយបានធ្លាក់ចុះ ១២.៣ភាគរយ មានទឹកប្រាក់ប្រហែល ៧៨.៥ពាន់លានដុល្លារ ខណៈដែលតម្លៃទំនិញដែលបានទិញពីតំបន់អាស៊ី បានបន្តកើនឡើង ២៩.២ភាគរយ មានទឹកប្រាក់ប្រហែល ១៨៧.៥ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ការនាំចេញថាមពល គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិការបស់រុស្ស៊ី ដែលនាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ខែ។ ប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុប បានបញ្ឈប់ការទិញថាមពលរបស់ពួកគេភាគច្រើនពីប្រទេសរុស្ស៊ី ក្នុងគោលបំណងដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ចំនួនអ្នកស្លាប់កើនជិត ៧០នាក់ ក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន

ម៉ានីល៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីវាយប្រហារភូមិជីករ៉ែមាសមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បន្តកើនឡើងដល់ ៦៨នាក់ហើយ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលក្រុមអ្នករុករកបានបោះបង់ចោលក្តីសង្ឃឹម ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ អ្នកជួយសង្គ្រោះរាប់រយនាក់បានប្រើដៃទទេ ប៉ែល និងឧបករណ៍រំកិលថ្មដ៏ធ្ងន់អស់រយៈពេលជិតមួយសប្តាហ៍ ដើម្បីស្វែងរកអ្នកដែលកប់ក្រោមដី នៅពេលដែលការរអិលបាក់ដីកាលពីថ្ងៃអង្គារសប្តាហ៍មុន បានវាយប្រហារសហគមន៍ Masara នៅលើកោះ Mindanao។ សាកសពមនុស្សជាច្រើននាក់ ត្រូវបានទាញចេញពីល្បាប់ភក់ក្នុងថ្ងៃចន្ទនេះ ដោយមនុស្សចំនួន ៥១នាក់នៅតែបាត់ខ្លួន ក្នុងនោះមានកម្មករអណ្តូងរ៉ែ និងអ្នកភូមិ នេះបើយោងតាមតួលេខផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលក្រុង។ ទន្ទឹមគ្នា អាជ្ញាធរបានប្តេជ្ញាបន្តរុករក រហូតទាល់តែអ្នកបាត់ខ្លួនទាំងអស់បានរកឃើញ។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើផ្នែកខ្លះនៃកោះ Mindanao អស់រយៈពេលជាច្រើនសប្តាហ៍ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់ បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទៅទីជម្រកសង្គ្រោះបន្ទាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អ៊ីស្រាអែល វាយប្រហារតំបន់ជំរុំភៀសខ្លួន Rafah ស្លាប់មនុស្សជាង៥០នាក់

ហ្គាហ្សា៖ អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលបណ្តុំទៅជនភៀសខ្លួន រស់នៅច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស់។ តំបន់មួយនេះត្រូវបានគេដឹងថាគ្របដណ្តប់ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប របស់ហ្គាហ្សា ពោលគឺជាទីដែលពួកគេបានភៀសខ្លួន គេចចេញពីការទម្លាក់គ្រាប់បែក នៅកន្លែងផ្សេងទៀត ក្នុងតំបន់ Gaza។ ប្រភពបានបន្តថា ក្រៅពីស្លាប់មនុស្ស ក៏មានផ្ទះចំនួន១៤ខ្នង និងវិហារអ៊ីស្លាម ៣កន្លែងត្រូវបានបំផ្លិចបំផ្លាញ ទៀតផង។ យោធាអ៊ីស្រាអែលបានអះអាង នៅថ្ងៃចន្ទដែរថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើគោលដៅភេរវកម្ម នៅក្នុងតំបន់ភាគខាងត្បូង Gaza Strip។ ការវាយប្រហារតំបន់នេះធ្វើឡើង ក្រោយពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទើបបញ្ជាឱ្យកងទ័ពរៀបចំការវាយលុកលើដីលើទីក្រុង Rafah ដែលជាមជ្ឈមណ្ឌលប្រជាជនដ៏សំខាន់ចុងក្រោយរបស់ Gaza តាំងពីសង្គ្រាមផ្ទុះឡើងក្រោយថ្ងៃទី៧ ខែតុលា។ ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់បានប្រមូលផ្តុំគ្នា ក្នុងតំបន់ Rafah ហើយមនុស្សជាច្រើនកំពុងរស់នៅក្នុងតង់ ខណៈដែលអាហារ ទឹក និងថ្នាំពេទ្យ កំពុងខ្វះខាត កាន់តែខ្លាំងឡើង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឥណ្ឌូនេស៊ីបារម្ភពីទឹកជំនន់ ប៉ះពាល់ដល់ការបោះឆ្នោតសកល នៅថ្ងៃពុធ

ហ្សាកាតា៖ គិតត្រឹមថ្ងៃចន្ទ មានមនុស្សជាង២ម៉ឺននាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ដោយសារតែបញ្ហាទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។ គ្រោះទឹកជំនន់ដែលធ្វើឲ្យមានការបារម្ភខ្លាំងថា អាចប៉ះពាល់ដល់ដំណើរការបោះឆ្នោត នាថ្ងៃពុធនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា មានផ្ទះរាប់សិបពាន់ខ្នង ក្នុងតំបន់ Demak នៃកោះ ជ្វា (Java) នៃប្រទេសឥណ្ឌូនេស៊ីបានរងផលប៉ះពាល់។ លោក Ahmad Hanafi អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រចាំនៅកោះ ជ្វា បានប្រាប់ថា ដោយសារតែបញ្ហាអាកាសធាតុ ក្នុងរដូវធ្លាក់ភ្លៀងនោះ បណ្តាលឲ្យសន្លឹកឆ្នោតពិបាកបញ្ជូនទៅតំបន់ដាច់ស្រយាល ដូច្នេះ សត្វសេះនឹងត្រូវប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនសម្ភារបម្រើឲ្យការបោះឆ្នោត។ អ្នកនាំពាក្យប្រចាំ នៅក្នុងខេត្ត Lampung នៃកោះស៊ូម៉ាត្រា ឯណោះវិញ ក៏បានប្រាប់ដែរថា សត្វគោនឹងត្រូវប្រើប្រាស់ នៅក្នុងភូមិយ៉ាងហោចណាស់ចំនួន ៤ ដើម្បីអូសសន្លឹកឆ្នោត ឆ្លងកាត់តាមផ្លូវភក់ ទាំងទៅ ទាំងមក។ ចំពោះរដ្ឋធានីហ្សាកាតាវិញ អាជ្ញាធរបារម្ភថា ហានិភ័យនៃទឹកជំនន់មានកម្រិតខ្ពស់ អាចប៉ះពាលដល់ការិយាល័យបោះឆ្នោត ជាង ២០០០ កន្លែង។ អាជ្ញាធររៀបចំការបោះឆ្នោត បានផ្លាស់ប្តូរទីតាំងបោះឆ្នោត ទៅកាន់ទីទួលខ្ពស់ ដោយប្រើម៉ាស៊ីនបូមទឹកចល័ត…