-
រយៈពេល ៦ខែដំបូង ឆ្នាំ២០២៣ ការលក់រថយន្តអគ្គិសនី (EVs) នៅទូទាំងពិភពលោកកើនឡើងដល់៤៩% ស្មើនឹង ៦,២លានគ្រឿង

-
ប្រជាជនរុស្ស៊ីខ្វាយខ្វល់ឡើងថ្លៃទំនិញ បង្កពីទណ្ឌកម្មលោកខាងលិច

មូស្គូ៖ ប្រជាជនរុស្ស៊ីបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងថ្លៃដើមម្ហូបអាហារ និងស៊ុត ដែលចង្អុលទៅស្ថានភាពផុយស្រួយ នៃសេដ្ឋកិច្ចដែលរងទណ្ឌកម្មពីលោកខាងលិច ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកអាណត្តិទី៥។ តម្លៃស៊ុតហក់ឡើង ៤០ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារស្ថិតិរុស្ស៊ី Rosstat។ ជុំវិញបញ្ហានេះដែរ ប្រជាជនរុស្ស៊ីម្នាក់បានរៀបរាប់ប្រាប់សារព័ត៌មាន AFP នៅទីក្រុងមូស្គូ ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំរន្ធត់ណាស់… អ្វីដែលកំពុងកើតឡើងជាមួយនឹងតម្លៃទំនិញ គឺជាសុបិន្តអាក្រក់។ មិនថា តម្លៃស៊ុតទេ គ្រប់មុខទំនិញក៏ឡើងថ្លៃដែរ។ ប្រជាជនរុស្ស៊ីម្នាក់ទៀតបាននិយាយថា ខ្ញុំធ្លាប់ទិញស៊ុតក្នុងតម្លៃ ៧០រូប្លិ៍ប៉ុណ្ណោះនៅហាង ប៉ុន្តែឥឡូវនេះវាមានតម្លៃប្រហែល ១៣០ ទៅ១៤០រូប្លិ៍។ បើតាមការបញ្ជាក់ពីអ្នកជំនាញ ការឡើងតម្លៃស៊ុតខាងលើនេះ គឺបណ្តាលមកពីការកើនឡើងតម្លៃអាហារបសុបក្សី និងផលិតផលបសុសត្វ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ទោះបីជាយ៉ាងណា កន្លងមក លោក ពូទីន បានលើកសរសើរម្តងហើយម្តងទៀត អំពីភាពធន់នៃសេដ្ឋកិច្ចប្រទេសរុស្ស៊ី ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ប៉ុន្តែអំណាចទិញរបស់ប្រជាជនរុស្ស៊ីកំពុងធ្លាក់ចុះ ជាមួយនឹងអតិផរណា ដែលកើនឡើងដល់ ៧.៥ភាគរយនៅក្នុងខែវិច្ឆិកាឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កូឡុំប៊ីរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន ១៩៥តោនក្នុងពេល ៦សប្តាហ៍

បូហ្គោតា៖ កងទ័ពជើងទឹកកូឡុំប៊ី នៅថ្ងៃចន្ទសប្តាហ៍នេះប្រកាសថា ប្រតិបត្តិការមួយដែលបានធ្វើឡើងជាមួយប្រទេសចំនួន ៤២ រឹបអូសបានកូកាអ៊ីនចំនួន ១៩៥តោន ក្នុងរយៈពេល៦សប្តាហ៍ ដែលនេះជាកំណត់ត្រាមួយ ចាប់តាំងពីការបង្កើតយុទ្ធនាការកងទ័ពជើងទឹក (Orion) កាលពី ៥ឆ្នាំមុន។ មេបញ្ជាការកងទ័ពជើងទឹកកូឡុំប៊ី លោកឧត្តមនាវីឯក Francisco Cubides បាននិយាយក្នុងសន្និសិទកាសែតថា ប្រតិបត្តិការរួមគ្នាជាមួយប្រទេសចំនួន ៤២ រឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន ១៩៥តោន និងចាប់ខ្លួនជនសង្ស័យ ៥៧៤នាក់ ក្នុងរយៈពេល ៦សប្តាហ៍។ ក្នុងនោះមានគ្រឿងញៀនប្រភេទកញ្ឆា ១៧៦តោន, ទូកចំនួន ១១៣គ្រឿង, នាវាមុជទឹកចំនួន ៦ និងយន្តហោះ ២គ្រឿងផងដែរ។ លោកបន្តថា អាជ្ញាធរបានរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបង្រ្កាបការគំរាមកំហែងទូទៅ នៃការជួញដូរគ្រឿងញៀន។គួរបញ្ជាក់ថា យុទ្ធនាការអន្តរជាតិនៅឆ្នាំ២០២០ រឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនបានចំនួន ៥០តោន ខណៈដែលនៅឆ្នាំ២០២១ បង្ក្រាបបានរហូតដល់ ១១៦តោន។ កូឡុំប៊ីដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើនដំណាំស្លឹកកូកាជិត ១៣ភាគរយក្នុងឆ្នាំ២០២២ ដល់២៣០,០០០ហិកតា នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្តល់ប្រាក់កម្ចីថ្មី ៩០០លានដុល្លារ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា លោកពិតជាអរគុណសម្រាប់ការគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្របពេលដែលលោកព្យាយាមស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ នៅចំពោះមុខសង្គ្រាមជាមួយរុស្ស៊ី។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសបញ្ចេញប្រាក់កម្ចីថ្មីចំនួន ៩០០លានដុល្លារ ដែលជាកម្ចីរយៈពេលវែងជួយដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសន្និសិទកាសែតជាមួយអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានថ្លែងអំណរគុណដល់ IMF និងលោកស្រី គ្រីស្តាលីណា ហើយថា ប្រាក់កម្ចីទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលដ៏លំបាកនេះ។ នោះហើយជាមូលហេតុធ្វើឱ្យអ៊ុយក្រែនរឹងមាំ ហើយមិនមែននៅតែម្នាក់ឯងទេ។រីឯអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា ថ្លែងថា កំណើនសេដ្ឋកិច្ចអ៊ុយក្រែនឆ្នាំនេះ ទំនងជាមានចំនួន ៤.៥ភាគរយ ខណៈត្រីមាសចុងក្រោយនេះ មានចំនួន ៩.៣ភាគរយ។ ចំណែកអតិផរណានៅអ៊ុយក្រែនវិញ បានបន្តធ្លាក់ចុះដល់ ៥.១ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ។ លោកស្រីអគ្គនាយិកាបានសង្កត់ធ្ងន់ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ហើយយើងនឹងបន្តអំពាវនាវឱ្យអ្នកដែលគាំទ្រអ៊ុយក្រែន រក្សាស្ថិរភាពក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
លោក បៃដិន ៖ អាមេរិកនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមហាម៉ាស។ ប៉ុន្តែយើងត្រូវប្រយ័ត្ន… ព្រោះមតិសាធារណៈរបស់ពិភពលោកទាំងមូល អាចផ្លាស់ប្តូរបាន ត្រឹមពេលមួយយប់។ យើងមិនអាចអនុញ្ញាតឱ្យវាកើតឡើងបានទេ។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ដូចដែលខ្ញុំបាននិយាយបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះសុវត្ថិភាពរបស់ប្រជាជនជ្វីហ្វ និងសន្តិសុខរបស់អ៊ីស្រាអែល ព្រមទាំងសិទ្ធិជារដ្ឋជ្វីហ្វឯករាជ្យ គឺមិនអាចរង្គោះរង្គើបានទេ។ សូមជម្រាបថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលនៅពាសពេញតំបន់ហ្កាហ្សា ក្រោយកងទ័ពអ៊ីស្រាអែលពង្រីកការវាយលុកទៅកាន់ភាគខាងត្បូង។ ចំណែកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះបានកើនលើស ១៨,២០០នាក់ ខណៈទាហានអ៊ីស្រាអែល ១០៤នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល ដោយសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អង្គការសហប្រជាជាតិត្រូវការថវិកា ៤៦.៤ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ក្នុងឆ្នាំ ២០២៤

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសអំពាវនាវឱ្យមានការរៃអង្គាសថវិកា ៤៦.៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ដើម្បីយកទៅជួយសង្គ្រោះជីវិតមនុស្សក្នុងរង្វង់ ១៨០លាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌នៅទូទាំងសកលលោក។ ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សជិត ៣០០លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ដោយសារជម្លោះ, ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច។ ជំនួយនោះរួមមានមនុស្ស ៧៤,១លាននាក់នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំរងផលប៉ះពាល់ដោយសារវិបត្តិជម្លោះនៅប្រទេសស៊ូដង់។ ចំណែកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវការថវិកា ១៣.៩ពាន់លានដុល្លារ ដែលជាចំនួនសរុបធំបំផុតក្នុងឆ្នាំ ២០២៤។ ក្រៅពីប្រទេសស៊ីរី ទឹកដីប៉ាឡេស្ទីន និងយេម៉ែន លោក Griffiths ក៏បានចង្អុលទៅស៊ូដង់ និងប្រទេសជិតខាង ក៏ដូចជាអ៊ុយក្រែន អាហ្វហ្គានីស្ថាន វេណេស៊ុយអេឡា និងមីយ៉ាន់ម៉ា ដែលជាចំណុចក្តៅត្រូវការការយកចិត្តទុកដាក់ជាសកល។ ដែលនេះគឺជាការខ្វះខាតមូលនិធិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន អំពីតម្រូវការមនុស្សធម៌សកលថា ប្រព័ន្ធជំនួយមនុស្សធម៌កំពុងតែប្រឈមមុខនឹងវិបត្តិមូលនិធិដ៏ធំមួយ ដោយកាលពីឆ្នាំមុន ទទួលបានត្រឹមជាង ១ភាគ៣ប៉ុណ្ណោះ នៃថវិកាគោលដៅចំនួន ៥៧ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
នាយករដ្ឋមន្រ្តីជប៉ុននឹងបណ្តេញរដ្ឋមន្រ្តីសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងបណ្តេញរដ្ឋមន្ត្រីកំពូលៗមួយចំនួនចេញពីតំណែង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញរឿងអាស្រូវរៃអង្គាសប្រាក់។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលកំពុងប្រឈមនឹងការរិះគន់ នៅថ្ងៃចន្ទសប្តាហ៍នេះ សន្យាថា នឹងស្ដារទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកឡើងវិញ ចំពេលមានសេចក្តីរាយការណ៍ថា លោកកំពុងរៀបចំផែនការដករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវរៃអង្គាសប្រាក់ ដែលបានក្លាយជាដើមហេតុ បង្កើតឲ្យមានផលប៉ះពាល់ថ្មី សម្រាប់ការគាំទ្រសាធារណៈដែលធ្លាក់ចុះរបស់លោក។ ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញថា ការគាំទ្ររដ្ឋាភិបាលរបស់លោក គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន កាលពី ២ឆ្នាំមុន។ ដៃគូចម្រុះរបស់គណបក្ស LDP បានព្រមានថា ការបំពានច្បាប់ណាមួយ នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណបក្សប្រឆាំងដ៏ធំកំពុងរៀបចំអំពាវនាវឲ្យមានញត្តិដកទំនុកចិត្ត ចំពោះរដ្ឋបាលរបស់លោក គីស៊ីដា។ ទោះបីជាយ៉ាងណា លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា យើងនឹងពិចារណាវិធានការសមស្រប នៅក្នុងពេលវេលាដ៏ត្រឹមត្រូវ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អាមេរិក គឺជាប្រទេសផលិតប្រេងច្រើនបំផុតរបស់ពិភពលោក

-
មនុស្សរាប់ពាន់នាក់ស្លៀកពាក់ឈុតតាណូអែល រត់ប្រណាំង នៅម៉ិកស៊ិក

ម៉ិកស៊ីកូ៖ មនុស្សរាប់ពាន់នាក់ស្លៀកសម្លៀកបំពាក់ជាលោកតា សាន់តា ក្លូស បានចូលរួមក្នុងការរត់ម៉ារ៉ាតុនប្រចាំឆ្នាំដ៏ធំមួយ ដែលគេស្គាល់ថា “រត់សាន់តា រត់” ឬ “Run Santa Run”នៅប្រទេសម៉ិកស៊ិក ក្នុងថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នករត់ប្រណាំងស្លៀកពាក់ឈុតក្រហម និងពុកចង្ការពណ៌ស ដែលជាសំលៀកបំពាក់របស់លោកតា សាន់តា ក្លូស បានរត់កាត់ផ្លូវនៅឧទ្យាន Fundidora ក្នុងទីក្រុងMonterrey។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើសប្បុរសធម៌ ពីព្រោះតម្លៃសំបុត្រចូលរួមទាំងអស់ នឹងត្រូវបរិច្ចាគទៅទិញអំណោយបុណ្យណូអែល ជូនដល់កុមារដែលជួបការលំបាក។ អ្នកចូលរួមរត់ម្នាក់បាននិយាយថា វាជាបទពិសោធន៍ដ៏ល្អមួយ ព្រោះខ្ញុំមានក្មួយប្រុស និងក្មួយស្រីក្មេងៗ… ពួកគេចូលចិត្តបែបនេះ នៅពេលខ្ញុំស្លៀកពាក់ជាតួអង្គផ្សេងៗគ្នា។ អ្នកចូលរួមរត់ម្នាក់ទៀតបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ពួកយើង ដែលបានចូលរួមកម្មវិធីរត់ម៉ារ៉ាតុន “Run Santa Run”។ វាជាកម្មវិធីរត់ប្រណាំងដ៏រីករាយបំផុត ព្រោះពួកយើងទាំងអស់គ្នាស្លៀកពាក់ជាលោកតា សាន់តា ក្លូស និងតួអង្គផ្សេងទៀត ដូច្នេះវាពិតជាអស្ចារ្យខ្លាំងណាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អ៊ីរ៉ង់បង្ហាញយន្តហោះដ្រូនបំពាក់មីស៊ីលដ៏ទំនើប ចំពេលមានភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា

តេហេរ៉ង់៖ អ៊ីរ៉ង់បានពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដោយដាក់បន្ថែមយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនប្រយុទ្ធបំពាក់មីស៊ីលដ៏ទំនើប ទៅកាន់ឃ្លាំងអាវុធរបស់ប្រទេសខ្លួន។ យន្តហោះដ្រូន Karrar រាប់សិបគ្រឿងបំពាក់ដោយមីស៊ីល នឹងត្រូវដាក់ពង្រាយ ដើម្បីការពារដែនអាកាសនៅតាមតំបន់ព្រំដែនទាំងអស់របស់ប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់។ យន្តហោះដ្រូនដែលហោះហើរបានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ និងវាយប្រហារបានចម្ងាយ ៨គីឡូម៉ែត្រនេះ ដាក់តាំងបង្ហាញនៅថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្នុងអំឡុងពិធីមួយដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ រៀបចំឡើងនៅសាលាយោធាក្នុងរដ្ឋធានីតេហេរ៉ង់។ សារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ អាប់ឌុលរ៉ាហ៊ីម ម៊ូសាវី ថា ឥឡូវនេះ សត្រូវនឹងត្រូវគិតឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ដោយសារតែកងកម្លាំងអ៊ីរ៉ង់កាន់តែមានអំណាចខ្លាំងក្លា។ ការអភិវឌ្ឍន៍ឃ្លាំងអាវុធរបស់ប្រទេសអ៊ីរ៉ង់នេះដែរ បានបង្កការព្រួយបារម្ភក្នុងចំណោមប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាសត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ក្រោយមកទៀតបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យន្តហោះដ្រូនដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ជាពិសេសចំពោះក្រុមហេសបូឡា ក្រុមស៊ីអ៊ីតលីបង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា