-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ ក្នុងនោះដែរ សូមលោកអ្នកធ្វើទំនាក់ទំនងល្អជាមួយ មនុស្សដែលនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ដោយឡែក ចំពោះការបណ្តាក់ទុនធំ ការផ្លាស់ប្តូរការងារ ឬការសម្រេចចិត្តសំខាន់ៗគួរតែផ្អាកសិន។ ក្រៅពីនេះ…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

មានប្រទេសចំនួនតែ ៣ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៤៤២ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងថយចុះមកវិញចំនួនច្រើនដល់ទៅ ៧៥៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៥៩ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៣នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៩ករណី។ ប្រទេសចំនួន៧ គឺប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពុំមានសេចក្តីរាយការណ៍ពីករណីស្លាប់ ដោយសារកូវីដ១៩ដែរក្នុងប្រទេសអាស៊ានទាំង១០។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ២៨៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…
-
សំណង់ប្រព្រឹត្តិកម្មទឹកកខ្វក់សម្រេចបាន៨០ភាគរយ (Video Inside)

មន្ទីរសាធារណការបានថ្លែងថា សំណង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក បានសាងសង់សម្រេចបាន៨០ភាគរយហើយនាពេលនេះ។ យោងតាមផែនការ សំណង់ស្ថានីយ៍នោះ នឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន។ គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូប ក្នុង១ម៉ោង ដោយមានបឹងបម្រុងទុកប្រមាណ១៩ហិកតា និងសំណង់ប្រព្រឹត្តកម្មសំណល់ភក់ ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។ គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញបឹងជើងឯក។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសា ហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕
-
ខណ្ឌមានជ័យប្រញាប់ស្តារ និងបូមលូ ដើម្បីបញ្ចៀសការលិចដោយទឹកភ្លៀង (Video Inside)

ខណ្ឌមានជ័យ ដែលមានតំបន់ទំនាបងាយនឹងរងការលិចដោយជំនន់ទឹកភ្លៀង បានធ្វើការស្តារ និងបូមលូ ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈរដូវវស្សាធ្លាក់ភ្លៀង តែងបង្កជំនន់ក្នុងមូលដ្ឋាន។ ក្នុងសប្តាហ៍នេះ ការធ្លាក់ភ្លៀងកម្រិតជាង១៥០មីលីម៉ែត្រ បានធ្វើឱ្យតំបន់ទំនាបក្នុងខណ្ឌនេះ រងការលិចដោយជំនន់ទឹកភ្លៀង។ នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣នេះ, អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ដើម្បីកាត់បន្ថយអោយបាននូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ។ ការស្តារ និងបូមលូ ក្នុងខណ្ឌមានជ័យនេះ បានធ្វើធ្វើជាបន្តបន្ទាប់ រយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកម្រិតជាង១៥០មីលីម៉ែត្រក្នុងសប្តាហ៍នេះមក។
-
អតីតមន្ត្រីសង្គមកិច្ចកេងកឹបលុយជាតិត្រូវបានកាត់ទោសដាក់គុក៣ឆ្នាំ (Video Inside)

មន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទាម្នាក់ ដែលគេបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយកេងប្រវ័ញ្ចលុយរបស់ជាតិ ត្រូវបានតុលាការកាត់ទោសដាក់គុករយៈពេល៣ឆ្នាំ។ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់លោក ឡាយ សំណាង អាយុ៥៣ឆ្នាំ ត្រូវអង្គភាពប្រឆាំងនឹងអំពើពុករលួយ បានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធការកេងកិបលុយរដ្ឋ១ពាន់ ៥០០លានរៀល ដែលស្មើនឹងប្រមាណជិត៤០ម៉ឺនដុល្លារ។ សាលក្រមរបស់តុលាការបានប្រកាសនៅថ្ងៃទី៥កក្កដាបញ្ជាក់ថា លោកនឹងត្រូវជាប់ទោស ក្នុងពន្ធនាគារ រយៈ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០០លានរៀល។ លោកត្រូវបានផ្តន្ទាទោស ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។ ការកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារនេះ ត្រូវបានគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធការកេងកឹបប្រាក់ ជារបបគោលនយោបាយរបស់រដ្ឋ ជូនជនពិការក្រីក្រចំនួនជិត៤ពាន់ នៅតាមសហគមន៍។
-
ធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើន៥,៥% (Video Inside)

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងមានកំណើន ៥,៥ភាគរយ ជាមួយនឹងកម្រិតអតិផរណាមានកម្រិតទាប។ របាយការណ៍ព្យាករណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលគេទទួលបាននៅថ្ងៃទី៦ ខែកក្កដា បានសរសេរថា «កំណើនសេដ្ឋកិច្ចជាតិត្រូវបានគេព្យាករក្នុងឆ្នាំ២០២៣ថា នឹងមាន៥,៥% ជាមួយនឹងកម្រិតអតិផរណាទាប ប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗ មានប្រភពពីកត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ»។ របាយការណ៍បានបញ្ជាក់នូវហានិភ័យខាងក្រៅ ដែលពាក់ព័ន្ធដូចជា «ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុក នៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា, បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា, ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ និងដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ»។ របាយការណ៍ដដែលនៅបាន លើកជុំវិញហានិភ័យខាងក្នុងផងដែរ។ ហានិភ័យនៃសក្តានុពលខាងក្នុងនឹងអាចកើតមានដោយសារវិស័យអចលនទ្រព្យ ដែលស្ថានភាពនេះនឹងទាមទារឱ្យ មានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។ យោងតាមរបាយការណ៍ដដែល, ធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្តវិធានការដាក់ចេញពីវិបត្តិដោយការពង្រឹងក្របខណ្ឌបទបញ្ញតិ្តឡើងវិញ ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជាសហគ្រាសធុនតូច និងមធ្យម, វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាល…
-
៦ខែចំណូលពីទេសចរណ៍បរទេសទស្សនាអង្គរមានជិត១៨លានដុល្លារ (Video Inside)

ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរកាន់តែកើនឡើង ខណៈកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយល្អ និងការគ្រប់គ្រងបានលើការឆ្លងជម្ងឺកូវីដ១៩។ នៅក្នុងខែមិថុនា ចំណូលពីការលក់បណ្ណទស្សនាអង្គរមានចំនួនជាង១លាន៨១ម៉ឺនដុល្លារ។ ចំនួននេះកើនឡើងប្រមាណ២២១ក្បៀស ៤០ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។ ក្នុងខែមិថុនាកន្លងមកនេះ, បណ្ណលក់ជូនភ្ញៀវទេសចរបរទេស មានចំនួន ៤ម៉ឺន ១ពាន់ ១២នាក់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ, ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ បានសរុប១៧លាន ៨៧ម៉ឺន ៧ពាន់ ៤១៨ដុល្លារអាមេរិក ដែលកើនឡើង៦៣៨,៧១ភាគរយ។ ភ្ញៀវទេសចរបរទេសមកទស្សនាអង្គរមានសរុប៣៨ម៉ឺន ៥ពាន់ ៧៦៩នាក់។ ដោយឡែកក្នុងរយៈពេល៦ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភលើមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា បានចំនួនសរុប ៧៧ម៉ឺន ១ពាន់ ៥៣៨ដុល្លារអាមេរិក។ ប្រាក់ឧបត្ថម្ភទាំងនេះ គឺបានកាត់ចេញពីថវិកានៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
-
ទូតអាមេរិកបញ្ជាក់ថា កម្ពុជានៅតែបន្តទទួលបានប្រព័ន្ធអនុគ្រោះ GSP (Video Inside)

មន្ត្រីអាមេរិកបានថ្លែងថាកម្ពុជា នៅតែស្ថិតក្នុងប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ដដែលពីសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មើហ៊្វី Patrick Murphy បានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រី អ៊ិត សំហេង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៥កក្កដា ជុំវិញការបន្តទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនេះ។ ក្នុងកិច្ចពិភាក្សានោះ, ភាគីទាំងពីរ បានលើកជុំវិញការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនការបណ្តាក់ទុនរបស់អាមេរិកនៅកម្ពុជា ក្នុងវិស័យជាច្រើនទៀត។ ភាគីទាំងពីរនៅបានពិភាក្សាលើអនុសាសន៍មួយ ចំនួនដូចជាករណីពលកម្មកុមារ, អំពើជួញដូរមនុស្ស, ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ, ការធានានិរន្តរភាព នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើង នូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។ ភាគីអាមេរិក បានសន្យាការផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ជាពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
-
ក្រសួងមហាផ្ទៃព្រមានបិទក្រុមហ៊ុនដែលយកទុកនូវអត្តសញ្ញាណបណ្ណជាតិខ្មែររបស់អ្នកដាក់បញ្ចាំវត្ថុ (Video Inside)

ក្រសួងមហាផ្ទៃ បានព្រមានបិទចោលចំពោះក្រុមហ៊ុនទាំងឡាយណា ដែលយកទុកនូវអត្តសញ្ញាណបណ្ណជាតិខ្មែរ របស់អ្នកដាក់បញ្ចាំវត្ថុ ដែលទង្វើនោះបានផ្ទុយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ការព្រមានបិទនេះ បានធ្វើឡើងច្រើនថ្ងៃនៅមុនពេលដែលកម្ពុជា ត្រៀមនឹងធ្វើការបោះឆ្នោតសកលទូទាំងប្រទេស ដែលអត្តសញ្ញាណបណ្ណ គឺជាឯកសារសំខាន់បំផុតដែលត្រូវបង្ហាញ។ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ថ្ងៃទី៥កក្កដា បានសរសេរក្នុងចំណុចទី៤បញ្ជាក់ថា «ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធណា នៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា, រដ្ឋបាលរាជធានីខេត្តត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ, ឬរដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការណ៍ដកហូតអាជ្ញាបណ្ណនោះ ស្របតាមបែបបទ និងនីតិវិធីដែលស្ថិតនៅក្នុងកម្មសិទ្ធិអំណាចរបស់ខ្លួ នក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តខ្លួន»។ អត្តសញ្ញាណបណ្ឌសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ជាតិខ្មែរ និងត្រូវបានផ្តល់ជួនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការស្នើសុំសេវានានាក៏ដូចជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ បានសរសេរថា «ការយកអត្តសញ្ញាណបណ្ណជាតិខ្មែរ ទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបករណ៍ដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗ ស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ»។
-
គ.ជ.ប ទទួលបានបណ្តឹងចំនួន២ ក្នុងរយៈពេល៦ថ្ងៃ នៃការឃោសនា (Video Inside)

មន្ត្រីរៀបចំការបោះឆ្នោតបានថ្លែងនៅថ្ងៃនេះថា គេបានទទួលបណ្តឹងចំនួន២ ចាប់តាំងពីមានដំណើរការឃោសនាបោះឆ្នោតតាំងពីដើមខែកក្កដានេះមក។ មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី៦កក្កដានេះ បញ្ជាក់ជុំវិញការប្តឹងរបស់គណបក្សនយោបាយចំនួន២។ ក្នុងសប្តាហ៍នេះដែរ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានលើកឡើងនូវការរកឃើញ ឧបាយកលទុច្ចរិតមួយ ដែលមានមនុស្សបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកក្លែងបន្លំនោះ បានប្រាប់ពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោតឱ្យច្រើនជាងមួយគណបក្ស។ យោងតាមនីតិវិធីការគូសសន្លឹកឆ្នោតលើសពីមួយគណបក្ស នឹងត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។ លោក ហង្ស ពុទ្ធា បានថ្លែងថាពាក់ព័ន្ធនឹងករណីនោះ, គជបនៅមិនទាន់បានទទួលពាក្យបណ្តឹងជាផ្លូវការឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីម្សិលមិញ បានថ្លែងថាគេបានបង្កើតក្រុម ដើម្បីតាមដានពួកជនទុច្ចរិតទាំងនេះ ដែលព្យាយាមចង់បំផ្លាញដំណើរការបោះឆ្នោតសកល តាមបែបលទ្ធិប្រជាធិបតេយ្យ។ ការឃោសនាបោះឆ្នោតមានរយៈពេល៦ថ្ងៃហើយគិតត្រឹមថ្ងៃទី៦កក្កដា។ មន្ត្រីនាំពាក្យគជប បានថ្លែងថាដំណើរការឃោសនាមានភាពរលូន, មានសណ្តាប់ធ្នាប់និងគ្មានអំពើហិង្សាឡើយ។ លោកបានបញ្ជាក់ជុំវិញដំណើរការឃោសនានៅថ្ងៃទី៦កក្កដានេះ។ យុទ្ធនាការឃោសនារយៈពេល ២១ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស, និងថ្ងៃទី២៣កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។