-
គ.ជ.ប បង្ហាញទឹកខ្មៅជ្រលក់ទិញពីប្រទេសឥណ្ឌា (Video Inside)

ទឹកខ្មៅជ្រលក់លើម្រាមចង្អុលដៃសម្រាប់ពេលបោះឆ្នោតសកល ត្រូវបានដាក់បង្ហាញ ក្នុងពិធីមួយរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣នេះ។ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះ ពីប្រទេសឥណ្ឌាចំនួន៥ម៉ឺន ២ពាន់ដប ខណៈ១ដបមានតម្លៃ១៧ដុល្លារ ៦៣សេន។ លោក ប្រាជ្ញ ចន្ទ បានថ្លែងបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃក្នុងការបោះឆ្នោតខាងមុខនេះ មានគុណភាពខ្ពស់បញ្ជាទិញពីប្រទេសឥណ្ឌា និងមានគុណភាពដូចការប្រើប្រាស់មុនៗ យ៉ាងដូច្នោះដែរ។ គ.ជ.ប បានចំណាយលើការទិញទឹកថ្នាំសរុប ៩១ម៉ឺន ៦ពាន់ ៧៦០ដុល្លារ និងចំណាយថវិកាលើថ្លៃដឹកជញ្ជូន និងធានារ៉ាប់រងតម្លៃ ៤ម៉ឺន ៦ពាន់ ៥៥០ដុល្លារដទៃទៀត។ ក្នុងការបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនោះ ក៏មានការសាកល្បងដោយមានការចូលរួមពីប្រទេសជាម្ចាស់ជំនួយ, តំណាងអង្គការជាតិ និងអន្តរជាតិ រួមទាំងតំណាងគណបក្សនយោបាយទាំង១៨ផងដែរ។ ទឹកខ្មៅជ្រលក់នេះ ត្រូវគេចាត់ទុកថាគឺជានីតិវិធី និងជាយន្តការមួយ ក្នុងចំណោមនីតិវិធីជាច្រើនទៀត របស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវ នៃការបោះឆ្នោត ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប នឹងបោះឆ្នោតថ្ងៃទី២៣កក្កដាខាងមុខនេះ បានតែមួយដងប៉ុណ្ណោះ៕
-
ឯកឧត្តម សាយ សំអាល់៖ «កម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ» (Video Inside)

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ បានថ្លែងនៅថ្ងៃទី៦កក្កដានេះថា កម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ប្រសាសន៍របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៤ គឺឃុំអូរឧកញ៉ាហេង, ឃុំព្រៃនប់, ឃុំទួលទទឹង និងឃុំអណ្តូងថ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្ពុជាត្រៀមនឹងរៀបចំធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានព្យាយាមឃោសនាអូសទាញឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬត្រូវគូសបំផ្លាញ សន្លឹកឆ្នោតចោល។ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុបានប្រាប់ប្រជាពលរដ្ឋដែលចូលរួមថា «ការដែលបំផុសមិនឲ្យទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺឲ្យប្រជាពលរដ្ឋបោះបង់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត»។ លោក សាយ សំអាល់ បានអំពាវនាវប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដា និងបោះឆ្នោតជូនគណបក្សដែលពលរដ្ឋបានពេញចិត្តជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានធ្វើឱ្យប្រទេសសុខសាន្តក្រោមនយោបាយឈ្នះឈ្នះ និងបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន និងមានសុភមង្គល។
-
Channel Telegram សម្តេចតេជោកើនចំនួនលើសគេបំផុតក្នុងសកលលោក (Video Inside)

Channel Telegram របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។ គិតត្រឹមរសៀលម៉ោង ៤កន្លះ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣, Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានអ្នកភ្ជាប់ជាមួយរហូតដល់ទៅចំនួន ៩២ម៉ឺន ៩ពាន់ ៨៤៣នាក់ ដែលបានក្លាយជា Telegram មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។ តាមរយៈចំនួនដ៏ច្រើននេះ បានធ្វើឱ្យ Channel Telegram របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្ថិតក្នុងចំណាត់លេខ២វិញបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។ Channel Telegram របស់ប្រធានាធិបតីអ៊ុយក្រែនមានចំនួនអ្នកភ្ជាប់បច្ចុប្បន្ន ៩២ម៉ឺន ៨ពាន់ ៩៥៤នាក់។ Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ និងត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
-
ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដើម្បីភាពចម្រើនលូតលាស់នៅក្នុងពេលនេះ សូមលោកអ្នកបោះបង់ចោលបំណងប្រាថ្នាដែលចង់បំពេញការងារច្រើន ឬរំពឹងលទ្ធផល ក្នុងពេលតែមួយ។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។ ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្នុងពេលជាមួយគ្នានេះដែរ សូម លោកអ្នកមានភាពអត់ធ្មត់អោយបានច្រើន ហើយក៏មិនចាំបាច់ត្រូវទាមទារនោះដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង និងប្រាក់បៀវត្សរ៍ផងដែរ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។ ថ្ងៃនេះបើទោះមានអ្វីកើតឡើងក្តី សូមមានចិត្តអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្ស ដែលនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ សូមរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ៤ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងច្រើនជាថ្មីម្តងទៀត បន្ទាប់ពីមិនមានករណីឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២០០ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ៦០៨ករណីធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៨៩១ ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៥ នោះ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសសឹង្ហបុរី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះការឆ្លងសរុបមានចំនួន ៣៦លាន ២៧ម៉ឺន…
-
កម្ពុជារំពឹងការកើនឡើងការនាំចេញផ្លែមៀនទៅទីផ្សារប្រទេសចិន (Video Inside)

កម្ពុជារំពឹងការនាំចេញផ្លែមៀនប៉ៃលិនចូលក្នុងទីផ្សារប្រទេសចិន ពីជាង១ម៉ឺន ៧ពាន់តោន ដល់ជាង២ម៉ឺន ៧ពាន់តោនក្នុងឆ្នាំ២០២៣នេះ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន បានថ្លែងថា កាលពីរដូវកាលមុន កម្ពុជានាំចេញមៀនស្រស់ទៅកាន់ប្រទេសចិន បានចំនួនប្រមាណ ៣ពាន់ ៤០០តោន។ លោកបានរំពឹងថាក្នុងឆ្នាំ២០២៣នេះ ការនាំចេញមៀនប៉ៃលិនចូលក្នុងទីផ្សារចិន នឹងកើនពី៥ទៅ៨ដង។ រដូវកាលប្រមូលផលផ្លែមៀនប៉ៃលិន ត្រូវបានបញ្ចប់កាលពីថ្ងៃខែមេសា ឆ្នាំ២០២៣…ហើយនៅខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាកសិករនឹងចាប់ផ្តើមប្រមូលផលផ្លែមៀន ប៉ៃលិនរដូវកាលថ្មី សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ជាពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាទើបទទួលបានសិទ្ធិនាំចេញផ្លែមៀនទៅប្រទេសចិនជាលើកដំបូង កាលពីខែតុលាឆ្នាំ២០២២។ ផ្លែមៀនប៉ៃលិនប្រភេទលេខ១ មានតម្លៃចន្លោះពី៣ពាន់ ៥០០រៀល ទៅ៤ពាន់ ៥០០រៀលក្នុងមួយគីឡូក្រាម, ប្រភេទលេខ២ និងលេខ៣ មានតម្លៃចន្លោះពី ២ពាន់ ៥០០រៀល ទៅ ៣ពាន់រៀល…ចំណែកប្រភេទលេខ៤ មានតម្លៃ ១ពាន់រៀលចុះក្រោមក្នុងមួយគីឡូក្រាម។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រយៈពេល៣ខែ ដើមឆ្នាំ២០២៣, កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួនប្រមាណ៣ពាន់ ៤២២តោន ចូលទៅទីផ្សារប្រទេសចិន៕
-
៦ខែដើមឆ្នាំ កម្ពុជាមានទេសចរណ៍បរទេសជាង២លាននាក់ (Video Inside)

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ហើយ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានអោយដឹងថាតួលេខនេះកើនឡើងជាង៤០៩% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ យោងតាមក្រសួងទេសចរ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ ទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកទស្សនាកម្ពុជា មានប្រមាណជាង២លាន ៥៧ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរ ដែលធ្វើដំណើរមកតាមផ្លូវអាកាសចំនួន៩១ ម៉ឺននាក់ ដែលកើនឡើង ២៧៩% , ចំណែកតាមផ្លូវគោកមានចំនួន១លាន ៦៣ម៉ឺននាក់ ដែលកើនឡើង ៥២៦% និងតាមផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ដែលកើនឡើង ៥៨៦%។ ភ្ញៀវទេសចរដែលបានធ្វើដំណើរមកកម្ពុជារួមមានថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។ យោងតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៣, កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ៥លាននាក់ ដែលនឹងកើនឡើង ១២០% បើធៀបនឹងឆ្នាំ២០២២៕
-
ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

-
កម្ពុជារំពឹងកាណាដាជួយសម្រេចគោលដៅគ្មានគ្រាប់មីនឆ្នាំ២០២៥ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាប្រទេសកាណាដាជាមួយប្រទេសជាមិត្តដទៃទៀត នឹងជួយកម្ពុជា ដើម្បីការអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ក្តីរំពឹងនេះបានធ្វើឡើងដោយទេសរដ្ឋមន្រ្តី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីនកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះបានរៀបចំធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Sarah Taylor។ ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន, ការរក្សាសន្តិភាព, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងថា «កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ»។ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកាណាដា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជា សម្រេចនូវគោលដៅកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥។
-
គជបបង្កើតក្រុមតាមដានពួកទុច្ចរិតចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតក្រុមដើម្បីតាមដានពួកជនទុច្ចរិត ដែលព្យាយាមចង់បំផ្លាញដំណើរការបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យ។ ការបង្កើតក្រុមតាមដាននេះ គឺនៅបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបញ្ជាក់ការទើបរកឃើញមនុស្សក្លែងបន្លំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបង្រៀនពលរដ្ឋឱ្យគូសសន្លឹកឆ្នោត លើគណបក្សនយោបាយលើសពីមួយ។ មន្ត្រីគជប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី៥កក្កដានេះថា «គជបបានសម្រេចបង្កើតក្រុមការងារសម្រាប់តាមដានជនទុច្ចរិត បន្លំរបៀបគូសសន្លឹកឆ្នោត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌»។ មន្ត្រីគជបដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតាមដានការណែនាំ តាមរយៈខិតប័ណ្ណ ដើម្បីការយល់ដឹងពីសញ្ញាសម្រាប់គូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោក ហង្ស ពុទ្ធា បានថ្លែងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបង្កើនសកម្មភាពអប់រំប្រជាពលរដ្ឋបន្ថែមទៀត និងថាគជបប្រឆាំងសកម្មភាពដែលចង់គូសបំផ្លាញសន្លឹកឆ្នោតចោល។