-
តើការផ្តល់ប្រព័ន្ធមីស៊ីល Patriot នឹងជម្រុញសង្គ្រាមអ៊ុយក្រែនក្លាយជាយ៉ាងណាទៀត? (Video Inside)

ដំណឹងបង្ហើបនៃការផ្តល់ប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីខឹងសម្បារនិងបានព្រមានផលវិបាកកើតឡើង។ មេដឹកនាំប្រទេសអ៊ុយក្រែន បានស្នើសុំប្រព័ន្ធមីស៊ីល Patriot ការពារដែនអាកាសនេះ ពីសហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថាក្រសួងការពារជាតិអាមេរិកទំនងនឹងសម្រេចលើការ ស្នើសុំនេះខណៈដែលការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាសដាក់លើអ៊ុយក្រែនបង្កការ ដាច់ភ្លើងនិងទឹកធ្វើឱ្យពលរដ្ឋរងទុក្ខវេទនាជាខ្លាំង។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
រដ្ឋមន្ត្រីបរិស្ថានលោក សាយ សំអាល់ ចូលរួមសន្និសីទ CBD COP15 (Video Inside)

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ COP15 នៅក្នុងប្រទេសកាណាដា។ សន្និសីទកំពូលCBD COP15 ដែលចូលរួមពីបណ្តារដ្ឋ ជាសមាជិក១៩៣ប្រទេស គឺជាសន្និសីទមួយដែលបង្ហាញនូវការប្តេជ្ញារកការបញ្ឈប់ និងធ្វើឱ្យជីវចម្រុះ ដែលបាត់បង់ពីមុន ត្រូវវិលត្រឡប់មកវិញតាមកិច្ចសហប្រតិបត្តិការរួមគ្នារបស់ពិភពលោក។ អប្សរាណិតរាយការណ៍
-
សមត្ថកិច្ចកំពុងបន្តតាមរកជនសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែករកឃើញក្បែរក្រុមហ៊ុនណាហ្គាវើលទី២

សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវស្វែងរកអ្នកជាប់ពាក់ព័ន្ធពិតប្រាកដលើករណីគ្រាប់ បែកដាក់ក្នុងស្បោងមួយរកឃើញនៅក្បែរចំណុចក្រុមហ៊ុនណាហ្គាវើល២។ យោងតាមប្រព័ន្ធ កាម៉េរ៉ាសុវត្ថិភាព គ្រាប់បែកដាក់ក្នុងថង់ផ្លាស្ទីកជាមួយនឹងឧបករណ៍ពាក់ព័ន្ធ ត្រូវបានគេឃើញធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង។ សមត្ថកិច្ចបានថ្លែងនៅថ្ងៃនេះថាមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ត្រូវបានគេឃាត់ខ្លួន ដើម្បីធ្វើការសាកសួរដើមទង។ មនុស្សទាំង៥នោះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែលមានអាយុពី២៣ដល់២៩ឆ្នាំ រួមមាន៣នាក់ជាបុរសនិងម្នាក់ជាស្ត្រី។ សមត្ថកិច្ចនៅមិនទាន់ អាចកំណត់មុខសញ្ញាពាក់ព័ន្ធច្បាស់លាស់នៅឡើយទេ ដោយសារតែមនុស្សដែលឃាត់ខ្លួន ពាក់ព័ន្ធជាម្ចាស់ឡាននោះ បានបដិសេធការជាប់ពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃបាន សន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវ កម្មនោះឡើយ។
-
តើដំណើរទស្សនកិច្ច៥ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេសទទួលបានលទ្ធផលអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច៥ថ្ងៃក្នុងទ្វីបអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស, សម្តេចបានអញ្ជើញជួបពលរដ្ឋខ្មែរ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក និងបានធ្វើដំណើរទៅប្រទេសបារាំងចូលរួមក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន»។ ក្នុងប្រទេសបារាំងដដែល សម្តេចតេជោ ហ៊ុន សែន និងគណៈ ប្រតិភូបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់ប្រធានាធិបតីបារាំង និងក្រោយដំណើរទស្សនកិច្ចប្រទេសបារាំងរួច សម្តេចបានអញ្ជើញទៅប្រទេសបែលហ្ស៊ីកវិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃខួបអនុស្សាវរីយ៍លើកទី៤៥អាស៊ានអឺរ៉ុប។ អប្សរាណិតរាយការណ៍
-
សារព្រះមហាក្សត្រប្រសិទ្ធពរដល់សម្តេច ហេង សំរិន ដែលកំពុងរងជម្ងឺ

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារមួយដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលកំពុងមានជម្ងឺ។ យោងតាមព្រះរាជសារ ការដែលដឹងថាសម្តេចប្រធានរដ្ឋសភាមាន ជម្ងឺនេះ គឺនៅបន្ទាប់ពីសម្តេចពញាចក្រីបានទូលថ្វាយការខកខានមិនបានដង្ហែរព្រះអង្គយាង ចូលរួមព្រះរាជពិធីសម្ពោធ មណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី នៅខេត្តសៀមរាបថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២។ ព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ បានជួយបួងសួងសូមឱ្យសម្តេចប្រធានរដ្ឋសភាមានសុខភាពល្អ និងចាកផុតពីជម្ងឺផងទាំងពួង។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានព្រះជន្ម៨៨វស្សា កំពុងប្រឈមនឹងជម្ងឺអ្វីនោះទេ ប៉ុន្តែមានការបញ្ជាក់ពីប្រភពដែលស្និទ្ធថា សម្តេចប្រធានសភា បានឈឺចាប់តាំងពី កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ាទើបបានបញ្ចប់នោះមកម្ល៉េះ។ កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ារយៈពេល៥ថ្ងៃ ដែលមានការចូលរួមពី២៦ប្រទេសក្នុងនោះរួមមានទាំង ប្រទេសដែលសង្កេតការណ៍ផងដែរនោះ បានបិទបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជសារថ្វាយប្រសិទ្ធពរជ័យ នៅបានសម្តែងការកោតសរសើរយ៉ាងកក់ក្តៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដោយមិនគិតនឿយហត់ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដឹកនាំស្ថាប័នរដ្ឋសភា និងបានបំរើជាតិ មាតុភូមិ និងប្រជារាស្ត្រ កម្ពុជាទទួលបានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍន៍គួរជាទីមោទនៈ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ មនុស្សដែលអាចជួយយកអាសារអ្នកបាន គឺមនុស្សដែលជិតស្និទ្ធនឹងអ្នក ពិសេសសមាជិកក្រុមគ្រួសារ។ ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារ ដោយត្រូវថ្លឹងថ្លែងនិងការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អណាស់ ព្រមទាំងមានមនុស្សចាំគាំទ្រ និងទំនុកបម្រុងផងដែរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុនកិច្ចការងារផ្សេងៗបាន ប៉ុន្តែត្រូវមានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបាន ដោយគ្មានអ្វីជំទាស់នោះឡើយ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។ ក្រៅពីនេះលោកអ្នកមានសញ្ញាណវិជ្ជមានក្នុងការធ្វើទំនាក់ទំនងតូចធំនានា។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើន ឡើងមកវិញចំនួន ៦០ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មី កូវីដ១៩សរុប នៅប្រទេសអាស៊ាន ថ្ងៃនេះ មានចំនួន ៦ពាន់ ១៥៦ករណី ។ តួលេខឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់ ១៣៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ២៧ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៣នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ២៤នាក់…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើង ៩ករណីបន្ថែមទៀតហើយ បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងថ្ងៃនេះ មានចំនួន ២៧ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់សម្បត្តិ បានថ្លែងនៅថ្ងៃនេះថាគិតរហូត មកទល់នឹងពេលនេះ អ្នកឆ្លងកូវីដ១៩ដែលបានសម្រាកព្យាបាលតាមមន្ទីរពេទ្យមានចំនួនជិត ៤០នាក់។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយ រួចមកនេះ។
-
វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស នៃជំនួយកាកបាទក្រហមចិនដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣០ម៉ឺនដូសនៃជំនួយពីសមាគមជាតិកាកបាទក្រហមចិន ត្រូវផ្តល់មកកាកបាទក្រហមកម្ពុជាហើយ។ តំណាងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន គឺលោកជំទាវ ឃួន សុដារី អញ្ជើញទៅទទួលវ៉ាក់សាំង ជំនួយស៊ីណូហ្វាមនេះក្នុងពិធីមួយនាល្ងាចថ្ងៃទី១៤ ធ្នូ ដែលចូលរួមដោយអគ្គទីប្រឹក្សាស្ថានទូតចិនលោក ឆាំង ជាន។ គួរបញ្ជាក់ថាក្នុងអម្លុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។
-
មន្ត្រីទូតជប៉ុនចប់អាណត្តិអញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា (Video Inside)

ឯកអគ្គរាជទូតជប៉ុនដែលបញ្ចប់អាណតិ្តការទូត៣ឆ្នាំរបស់ខ្លួន បានអញ្ជើញជួបមេបញ្ជាការ កងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្នុងជំនួបនារសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះដែលបានជួយជម្រុញ កាន់តែខ្លាំងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្តរីកចម្រើនទៅមុខឥតឈប់ឈរ។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងក្តីអបអរសាទចំពោះភាព ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣។ កិច្ចពិភាក្សាបានផ្តោតលើជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន និងបញ្ហាអន្តរជាតិខ្លះទៀត។