Category: កម្មវិធីព័ត៌មាន

  • កម្ពុជាថាគុណភាពទឹកទន្លេមេគង្គស្ទឹងត្រែងនៅល្អ ខណៈឡាវហាមបណ្តោះអាសន្នមិនឱ្យពលរដ្ឋប្រើប្រាស់ ដោយសារសារធាតុគីមីអាស៊ីដស៊ុលផូរិច ហៀរចូល (Video Inside)

    កម្ពុជាថាគុណភាពទឹកទន្លេមេគង្គស្ទឹងត្រែងនៅល្អ ខណៈឡាវហាមបណ្តោះអាសន្នមិនឱ្យពលរដ្ឋប្រើប្រាស់ ដោយសារសារធាតុគីមីអាស៊ីដស៊ុលផូរិច ហៀរចូល (Video Inside)

    ក្តីបារម្ភនឹងជាតិពុលក្នុងទឹកទន្លេមេគង្គក្បែរព្រំដែននៃប្រទេសឡាវ បានជម្រុញឱ្យក្រសួងធនធានទឹក បានប្រញាប់ចាត់វិធានការពិនិត្យមើលគុណភាពទឹក ក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម, សារធាតុគីមីអាស៊ីដស៊ុលផូរិច ប្រមាណ ៣០តោន បានហូរចូលក្នុងទឹកទន្លេមេគង្គក្នុងខេត្តហ្លួងប្រាបាង នៃប្រទេសឡាវ កាលពីថ្ងៃទី៣ មេសា ដោយសារតែករណីក្រឡាប់ឡានដឹកសារធាតុគីមី ចូលក្នុងស្ទឹងណាមខាន់ ដែលស្ថិតក្នុងភូមិសាងខាំ នៃក្រុងហ្លូងព្រះបាង។ យោងតាមមន្ត្រីជំនាញសារធាតុគីមីអាស៊ីដស៊ុលផូរិច គឺជាសារធាតុដែលអាចបង្កការរលាកស្បែកធ្ងន់ធ្ងរ និងបង្កការប៉ះពាល់ដល់ភ្នែកថែមទៀត។ វាអាចបង្កការរលាកក្នុងកម្រិតធ្ងន់ទីបី និងអាចធ្វើឱ្យមនុស្សខ្វាក់ភ្នែក នៅពេលដែលសារធាតុនោះ បានចូលក្នុងភ្នែក។ ការប៉ះពាល់ នឹងសារធាតុគីមីអាស៊ីដ ស៊ុលផូរិច រលាកបំពង់ក, ច្រមុះ និងប៉ះពាល់ដល់ការខូចសួតថែមទៀត។ អាជ្ញាធរក្នុងប្រទេសឡាវ បានហាមពលរដ្ឋឡាវ ផ្អាកការប្រើប្រាស់ទឹកទន្លេមេគង្គរបស់ខ្លួន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញក្រសួងធនធានទឹកនិយាយថា គុណភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅមិនទាន់រងផលប៉ះពាល់នៅឡើយទេ។ ក្រសួងធនធានទឹកបានថ្លែងថា គេកំពុងបន្តមើលលើបញ្ហានេះ ដោយយកចិត្តទុកដាក់ និងធ្វើការជួនដំណឹងបន្ថែមទៀត ក្នុងករណីចាំបាច់។

  • ក្រុម «អប្សរា២៥ដួង» បញ្ចេញស្នាដៃរបាំសហសម័យច្នៃ «នាគក្នុងដួងចិត្តខ្មែរ» (Video Inside)

    ក្រុម «អប្សរា២៥ដួង» បញ្ចេញស្នាដៃរបាំសហសម័យច្នៃ «នាគក្នុងដួងចិត្តខ្មែរ» (Video Inside)

    នៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងឈានចូលដល់ឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧។ ក្រុម «អប្សរា២៥ដួង» ដែលតំណាងឱ្យយុវតីគម្រូឆ្នើមក្នុងវិស័យសិល្បៈវប្បធម៌ទាំង ២៥ខេត្តនិងរាជធានី បានបញ្ចេញជាផ្លូវការស្នាដៃរបាំសហសម័យមួយរបស់ខ្លួន គឺរបាំ «នាគក្នុងដួងចិត្តខ្មែរ» ដើម្បីអបអរសាទរឆ្នាំរោង នៃនិម្មិតរូបស្តេចនាគរាជ ដែលតំណាងនូវភាពអង់អាចរបស់ជាតិខ្មែរ។ សូមអញ្ជើញទស្សនា

  • រដ្ឋបាលរាជធានីហាមឃាត់អុជកាំជ្រួច និងដុតគោមក្នុងធាតុអាកាសក្តៅហួតហែង (Video Inside)

    រដ្ឋបាលរាជធានីហាមឃាត់អុជកាំជ្រួច និងដុតគោមក្នុងធាតុអាកាសក្តៅហួតហែង (Video Inside)

    អំពើអុជផាវ ឬអុជកាំជ្រួច ក្នុងអាកាសធាតុកំពុងតែក្តៅស្ងួតនៅរាជធានីភ្នំពេញ ត្រូវបានហាមឃាត់ ជាពិសេសរវាងពីថ្ងៃទី១៣ ដល់១៦មេសា ដែលមានបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ កាលពីយប់ថ្ងៃទី៩ មេសា ឆ្នាំ២០២៤, ជនជាតិវៀតណាមមួយក្រុម ដែលអុជកាំជ្រួចអបអរខួបកំណើត ដើម្បីថតវីដេអូផ្ញើទៅមិត្តស្រីរបស់ខ្លួន ត្រូវបានសមត្ថកិច្ចហៅទៅអប់រំ និងព្រមានមិនឱ្យធ្វើសកម្មភាពដដែលនេះបន្តឡើយ ខណៈអាកាសធាតុក្តៅខ្លាំង ក្នុងពេលដែលកម្ពុជាកំពុងរងនឹងបាតុភូតកម្តៅ El Nino នាពេលនេះ ងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ នៅក្នុងរាជធានីភ្នំពេញ កម្តៅអតិបរមានក្នុងសប្តាហ៍នេះ បានកើនដល់៣៩ ឬពេលខ្លះ៤០អង្សាសេ។ ការអុជកាំជ្រួចវេលាយប់ម៉ោង១០និង៤០នាទីថ្ងៃទី៩មេសា បានកើតឡើងនៅចំណុចអគារ apartment LH Residence ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយការព្រមាន និងអប់រំ ជនជាតិវៀតណាមទាំងបួននាក់នោះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកបន្ទប់ apartment របស់ខ្លួនវិញ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីចុះថ្ងៃទី១០ មេសា ឆ្នាំ២០២៤, ការអុជកាំជ្រួច, ការបង្ហោះគោម ត្រូវបានហាមឃាត់ដាច់ខាត និងអ្នកដែលប្រព្រឹត្តបង្កអគ្គិភ័យដោយ សារទង្វើហាមឃាត់នេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សមត្ថកិច្ចនៅបានដាស់តឿនដល់វត្តអារាម, ទីកន្លែងគោរពសក្ការៈបូជា, ក្រសួង, ស្ថាប័ន, មន្ទីរ អង្គភាព និងកន្លែងសប្បាយដ្ឋាននានា,…

  • សម្តេចធិបតីលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

    សម្តេចធិបតីលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបំផ្លាញបរិស្ថានបឹងទន្លេសាប។ រាជរដ្ឋាភិបាល បានព្រមានការចាប់ខ្លួន និងបញ្ចប់តួនាទីមន្ត្រីរាជការណា ដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ កាលពីដើមខែមេសានេះ មនុស្ស ៣នាក់ដែលពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្នុងបឹងទន្លេសាប ក្នុងនោះរួមមានម្នាក់ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានចាប់ខ្លួន ក្នុងករណីឈូសឆាយដីលិចទឹក ស្ថិតនៅចំណុចបឹងតាទុម ភូមិកង្កែប ឃុំច្រណូក នៃស្រុកកំពង់លែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់បន្តធ្វើកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថែមទៀត។

  • ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

    សីតុណ្ហភាពកម្តៅក្នុងតំបន់វាលទំនាប នៅបន្តក្តៅក្នុងកម្រិត ៣៩អង្សាសេជាដដែល ក្នុងរយៈពេល ៣ថ្ងៃរវាងពីថ្ងៃ៩ ដល់១១មេសា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភាគពាយព្យ នៃតំបន់ខ្ពង់រាប ដែលក្តៅបែកក្រហែងនេះ នឹងអាចមានភ្លៀងធ្លាក់ ជាមួយផ្គរ និងរន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។ នៅតំបន់វាលទំនាបនោះវិញ, សីតុណ្ហភាពកម្តៅអតិបរមាមានក្នុងកម្រិត ៣៨អង្សាសេ ប៉ុន្តែនាភាគពាយព្យ នៃតំបន់វាលទំនាបនេះ នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ១៥ភាគរយផងដែរ។ ចំណែកនៅតំបន់មាត់សមុទ្ទវិញ, សីតុណ្ហភាពកម្ដៅអតិបរមា មានកម្រិត ៣៦អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ។

  • មន្ទីរប្រឆាំងគ្រឿងញៀនថ្លែងថា ចរាចរគ្រឿងញៀនគ្មានសញ្ញាថមថយ (Video Inside)

    មន្ទីរប្រឆាំងគ្រឿងញៀនថ្លែងថា ចរាចរគ្រឿងញៀនគ្មានសញ្ញាថមថយ (Video Inside)

    មន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងថា ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ការបង្ក្រាបគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែបញ្ហាគ្រឿងញៀនគ្មានសញ្ញាណាថមថយឡើយ។ ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឧត្តមសេនីយ៍ឯកនគរបាល ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការប្រឆាំងគ្រឿងញៀន បានថ្លែងនៅថ្ងៃទី៩មេសា នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទីមួយ សម្រាប់ឆ្នាំ២០២៤ បញ្ជាក់ថា ទោះបីជាបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។ យោងតាមរបាយការណ៍ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ បទល្មើសគ្រឿងញៀន ដែលបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀនតែមួយ មានចំនួន ១តោន ៧៨៣គីឡូក្រាម និង២០៩.៨៣ក្រាម និងឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់។ ដោយឡែកការបង្ក្រាបគ្រឿងញៀនដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងរាជធានីទាំង២៥ ក្នុងរយៈពេល៣ខែមកនេះ មានចំនួន ៨០គីឡូ និង៣៩៥ក្បៀស១២ក្រាម, ឃាត់បានជនសង្ស័យ ៣ពាន់ ៩០៣នាក់។ លោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ បានថ្លែងក្នុងពិធីថា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយប្រទេសជិតខាង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះ មានការរកឃើញគ្មានប្រទេសណា ដែលថមថយលើបញ្ហាគ្រឿងញៀនឡើយ។ លោកថា កម្ពុជា គឺជាប្រទេសមួយដែលបានរងគ្រោះ…

  • កម្ពុជាត្រៀមចូលឆ្នាំខ្មែរ (Video Inside)

    កម្ពុជាត្រៀមចូលឆ្នាំខ្មែរ (Video Inside)

    នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ប្រជាជនកម្ពុជាទូទាំងប្រទេស នឹងប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ១៥ និង១៦មេសា។ សម្រាប់ឆ្នាំរោងឆស័កពុទ្ធសករាជ ថ្ងៃខាងមុខនេះ, ថ្ងៃចូលឆ្នាំដំបូង គឺចំថ្ងៃសៅរ៍ ត្រូវចំនឹងព្រះនាង «មហោធរទេវី» ជារាជបុត្រីទី៧ របស់កបិលមហាព្រហ្ម។ អ្នកស្រាវជ្រាវវិទ្យាហោរាសាស្ត្រខ្មែរចិនសកលរបស់លោក អ៊ឹម បុរិន្ទ បានរៀបរាប់អំពីសង្ក្រាន្តឆ្នាំរោង ដែលនឹងមកដល់ថ្ងៃទី១៣មេសា។ តាមធម្មតាបុណ្យឆ្នាំខ្មែរ តែងមានចំនួនតែបីថ្ងៃទេ ប៉ុន្តែសម្រាប់ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨, បុណ្យចូលឆ្នាំនឹងមានរយៈពេលបួនថ្ងៃ ក្នុងនោះរួមមានថ្ងៃទីមួយ គឺថ្ងៃមហាសង្ក្រាន ឬថ្ងៃចូលឆ្នាំរោងឆស័ក, ថ្ងៃទី២ និងថ្ងៃទី៣ គឺថ្ងៃវារៈវ័នបត និងថ្ងៃទី៤ គឺថ្ងៃវារៈឡើងស័ក។ ហេតុអ្វីបានជាឆ្នាំរោងនេះ មានថ្ងៃវារៈវ័នបត រហូតដល់២ថ្ងៃ? ខណៈទេវតាឆ្នាំរោង គឺជាព្រះនាង «មហោធរទេវី» នៃរាជបុត្រីទី៧ របស់កបិលមហាព្រហ្ម, ការរៀបរណ្តាប់ថ្វាយទេវតាឆ្នាំថ្មីនេះ មានការខុសគ្នាទាំងស្រុងពីទេវតាឆ្នាំចាស់។ តើសម្រាប់ទេវតាឆ្នាំថ្មី គេនឹងត្រូវរៀបរណ្តាប់អ្វីខ្លះ ដើម្បីទទួលទេវតា? សូមស្តាប់ការរៀបរាប់របស់លោក អ៊ឹម បុរិន្ទ

  • រកឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងខេត្តព្រះសីហនុ (Video Inside)

    រកឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងខេត្តព្រះសីហនុ (Video Inside)

    ខេត្តព្រះសីហនុដែលប្រកាសអស់គ្រាប់មីន ត្រូវបានគេរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតក្នុងរណ្តៅដីមួយកន្លែង ក្បែរមាត់សមុទ្រ។ គ្រាប់បែកទម្លាក់ដែលរកឃើញក្នុងសប្តាហ៍នេះ គឺជាប្រភេទគ្រាប់ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ដែលជាគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកាំង ក្នុងអតីតកាលសម័យសង្គ្រាមស៊ីវិល។ គ្រាប់បែកមិនទាន់ផ្ទុះនោះ ត្រូវបានអង្គភាពស៊ីម៉ាក់រកឃើញ និងដោះបន្សាបដោយជោគជ័យ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង។ បើគិតជាទម្ងន់សរុបមានចំនួនជាង ៤លានតោន និងមានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស ដោយយន្តហោះអាមេរិកកាំង ដែលមានចំនួនជាង ៥០ម៉ឺនដង។

  • មន្ទីរប្រឆាំងគ្រឿងញៀនព្រមានការផ្សាយប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តច្បាប់ (Video Inside)

    មន្ទីរប្រឆាំងគ្រឿងញៀនព្រមានការផ្សាយប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តច្បាប់ (Video Inside)

    មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបដិសេធចំពោះសេចក្តីរាយការណ៍ តាមបណ្តាញសង្គម ដែលចោទថា មានមន្ត្រីគ្រឿងញៀនម្នាក់ បានបោកយកម៉ូតូពីមិត្តភក្តិក្នុងហាងផឹកស៊ី។ សេចក្តីបដិសេធថ្ងៃទី៩មេសា បានធ្វើឡើងក្រោយគណនីហ្វេសប៊ុកផ្សាយព័ត៌មានឈ្មោះ CPNS News, CSK News និង FK News Media បានផ្សាយថា មន្ត្រីបំរើការនៅការិយាល័យ «ក៤» នៃមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូមួយគ្រឿងទៅបាត់ ពេលផឹកស៊ីជាមួយមិត្តភក្តិក្នុងហាងមួយកន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយការស្រាវជ្រាវជនដែលបោកយកម៉ូតូនោះ ពុំមែនជាមន្ត្រីនគរបាល បំរើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀនឡើយ។ សមត្ថកិច្ចបញ្ជាក់ថា គេកំពុងស្វែងរកជនសង្ស័យ ដែលបន្លំខ្លួន ជាមន្ត្រីនគរបាលនោះ។ មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានព្រមានបណ្តាញសង្គមទាំងនេះ ដែលបានផ្សាយព័ត៌មានប៉ះពាល់កេរ្តិ៍ឈ្មោះអង្គភាពអនុវត្តច្បាប់ ដោយមិនបានប្រមូលគ្រប់ជ្រុងជ្រោយឡើយ។

  • សម្តេចធិបតីលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ (Video Inside)

    សម្តេចធិបតីលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ ដើម្បីបញ្ចៀសកង្វះពលកម្មក្នុងពេលអនាគត។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ សម្តេចធិបតីបានថ្លែងថា រហូតដល់ឆ្នាំ២០៥០ មនុស្សមានវ័យចំណាស់នឹងកើនចំនួនច្រើនគួរឱ្យកត់សម្គាល់។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដែលវិស័យបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ចាំបាច់យ៉ាងក្រៃលែង។ សម្តេចធិបតីបានអំពាវនាវសាលាជាតិផែនការ និងស្ថិតិ ត្រូវដើរតួនាទីពង្រឹងថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ក្នុងការបំប៉នបន្ថែម និងសម្រួលចំណេះដឹង និងជំនាញខ្វះខាតឱ្យស្របតាមតម្រូវការចំណេះដឹង និងជាក់ស្តែងរបស់មន្ត្រីរាជការក្នុងបរិការបច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងការដំណើរការ និងការអនុវត្តកម្មវិធីកែទម្រង់សាធារណៈ ស្របតាមបាវចនាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ចកោណដំណាក់កាលទី១។