-
អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ត្រូវបានវាយខ្នោះ ដោយសារមិនសហការជាមួយមន្ត្រីអនុវត្តច្បាប់ (Video Inside)
មន្ត្រីនគរបាលម្នាក់ដែលបើកបរស្រវឹង និងមិនព្រមសហការជាមួយអាជ្ញាធរ ដោយថែមទាំងប្រើកម្លាំងច្រានទ្រូងមន្ត្រីមានសមត្ថកិច្ចទៀតនោះ ត្រូវបានគេវាយខ្នោះ បញ្ជូនទៅឱ្យច្បាប់កាត់ទោស។ មន្ត្រីនគរបាលដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយការវាយខ្នោះ កាលពីយប់ជ្រៅថ្ងៃទី២១មីនានោះ ឈ្មោះ យ៉ាន ប៊ុនថន ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ក្នុងក្រសួងមហាផ្ទៃ។ អប្សរាណិតរាយការណ៍
-
គណបក្សនយោបាយចំនួន៥ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (Video Inside)
ចំនួនគណបក្សនយោបាយដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា មានសរុបចំនួន៥។ យោងតាមសចក្តីប្រកាសព័ត៌មានថ្ងៃទី២២មីនា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សទាំង៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះទូទាំង២៥ខេត្ត និងរាជធានី, គណបក្សឆន្ទៈខ្មែរមាន ២៣ខេត្ត និងរាជធានី, គណបក្សកម្លាំងជាតិមាន២២ខេត្ត និងរាជធានី, គណបក្សហ៊្វុនស៊ិនប៉ិច មាន១៨ខេត្ត និងរាជធានី និងគណបក្សខ្មែររួបរួមជាតិមាន១៧ខេត្ត និងរាជធានី។ យោងតាម គជប ការចាប់លេខលំដាប់រៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់លើខេត្ត និងរាជធានីចំនួន ២៣ គិតត្រឹមថ្ងៃសុក្រនេះ។ ដោយឡែកខេត្តចំនួន ២ទៀត គឺខេត្តព្រៃវែង និងខេត្តក្រចេះ នឹងធ្វើការចាប់ឆ្នោតកំណត់យកលេខរៀងនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
-
កិច្ចប្រជុំ GBC លើកទី១៦ បិទបញ្ចប់ ក្នុងរាជធានីភ្នំពេញ (Video Inside)
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ រយៈពេល៥ថ្ងៃ បានបញ្ចប់ជាមួយការលើកទិសដៅ «បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ រវាងកងកម្លាំងប្រដាប់អាវុធទាំង២ លើគ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន»។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃលើកទី១៦ រវាងពីថ្ងៃទី១៨ដល់២២មីនា បានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ដោយចួលរួមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ដែលធ្វើជាសហប្រធានរួមគ្នា។ សេចក្តីប្រកាសព័ត៌មានរួមថ្ងៃទី២២មីនា កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។ កិច្ចប្រជុំ បានពិចារណាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការបន្តទិសដៅអនុវត្តការងាររួមគ្នា ក៏ដូចជាបំពេញបន្ថែមកិច្ចសហប្រតិបត្តិការ លើការដោះមីននៅតាមតំបន់ព្រំដែន, ការដោះស្រាយបញ្ហាបំពុលផ្សែងឆ្លងដែន, ការរត់ពន្ធអាវុធ និងបញ្ហា Call Center។ ភាគីទាំង២ បានឯកភាពរក្សា និងជំរុញកិច្ចសប្រតិបត្តិការលើវិស័យសន្តិសុខ តាមព្រំដែនគ្រប់កម្រិតជាប្រចាំ ដើម្បីធានាបាននូវសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ដែលជាកត្តាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំង២។
-
ប្រធានរដ្ឋសភាថៃបំពេញទស្សនកិច្ចថ្ងៃទី២ នៅកម្ពុជា (Video Inside)
ប្រធានរដ្ឋសភាថៃលោក វ៉ាន់មូហាម៉ាត់ ណ័រម៉ាក់ថា ដែលកំពុងធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅថ្ងៃទី២២ មីនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាថៃ រវាងពីថ្ងៃទី២១ដល់២៣មីនា គឺតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃប្រទេសកម្ពុជា។ អប្សរាណិតរាយការណ៍
-
គជបអំពាវនាវគណបក្សនយោបាយប្រញាប់រួសរាន់ឯកសារ (Video Inside)
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់គណបក្សនយោបាយ ត្រូវធ្វើការរួសរាន់រៀបចំឯកសារឱ្យបានត្រឹមត្រូវ ខណៈគជបគ្រោងនឹងបញ្ចប់ការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយទាំងអស់ យ៉ាងយូរត្រឹមដំណាច់ខែមីនានេះ។ គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងនៅថ្ងៃទី២០ មីនាថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត បានបញ្ចប់ គជបកំពុងពិនិត្យមើលឯកសារ ដែលតម្រូវឱ្យគណបក្សនយោបាយ បំពេញឱ្យបានគ្រប់សព្វ ដើម្បីអាចមានសិទ្ធិចូលរួមប្រកួតប្រជែង។ គជបគ្រោងនឹងចេញសេចក្តីសម្រេចចុងក្រោយបង្អស់នៅថ្ងៃទី២២មីនា ដែលនឹងកំណត់ថា តើនឹងមានគណបក្សនយោបាយ និងបេក្ខជនចំនួនប៉ុន្មាន ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤។
-
អធិការរងនគរបាលក្រុងប៉ោយប៉ែត រងការចោទប្រកាន់អំពើឆរបោក (Video Inside)
អធិការរងនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្នាក់ បានរងការចោទប្រកាន់ការយកលុយពលរដ្ឋ ១ម៉ឺន ៨ពាន់ដុល្លារ ដើម្បីរត់ការជួយឱ្យចូលក្របខណ្ឌនគរបាលជាតិ។ ការចោទប្រកាន់នោះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តថ្ងៃទី២០ មីនា ឆ្នាំ២០២៤ បានសរសេរថា គេបានកោះហៅអធិការរងនគរបាលឈ្មោះ សន ធឿន ដែលត្រូវបានគេចោទប្រកាន់នោះ ដើម្បីធ្វើការបកស្រាយបំភ្លឺ។ ប៉ុន្តែអធិការរងនគរបាលរួបនោះ បានបដិសេធមិនបង្ហាញខ្លួនចំនួន ២លើករួចមកហើយ។ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តដដែលបានបញ្ជាក់ថា គេត្រៀមនឹងអនុវត្តតាមបទវិន័យនគរបាល ពាក់ព័ន្ធនឹងការមិនស្តាប់បទបញ្ជានេះ។ គួរបញ្ជាក់ថាក្នុងសប្តាហ៍នេះ ឧត្តមសេនីយ៍នគរបាលផ្កាយពីរម្នាក់ ទើបនឹងត្រូវបានចាប់ខ្លួន ក្នុងអំពើបទឆបោកប្រាក់ជាង ៥ម៉ឺនដុល្លារក្នុងរឿងសន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ។
-
ចិនផ្តល់ជំនួយឧបករណ៍ធ្វើតេស្តស្វែងរកសារធាតុញៀន (Video Inside)
សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយជាឧបករណ៍តេស្តរកសារធាតុញៀនចំនួន ១ម៉ឺន ៣ពាន់តេស្ត ជូនដល់ក្រសួងមហាផ្ទៃ។ ពិធីប្រគល់ និងទទួល ឧបករណ៍តេស្តរកសារធាតុញៀននេះ បានធ្វើនៅថ្ងៃទី២០ មីនា ឆ្នាំ២០២៤ រវាងរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និងអនុប្រធានបេសកកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឆាង ជាន CHANG JIAN។ ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពចំបងមួយ ក្នុងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីកត្តាសុវត្ថិភាពភូមិឃុំ របស់កម្ពុជា។ មន្ត្រីស្ថានទូតចិន លោក ឆាង ជាន CHANG JIAN បានថ្លែងគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងលោកបានកោតសរសើរចំពោះកិច្ចប្រឹងប្រែង របស់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន។ សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។
-
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៤ នឹងធ្វើនៅថ្ងៃទី២៦ឧសភា នៅកំពង់ស្ពឺ (Video Inside)
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រោងនឹងប្រារព្ធធ្វើនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងសប្តាហ៍ទីបួន ខែឧសភា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សតខ្មែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ខែឧសភា គឺជាខែដែលកម្ពុជាចាប់ផ្តើមចូលរដូវវស្សា។ យោងតាមគណៈកម្មការទទួលបន្ទុកការរៀបចំ, ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងត្រូវធ្វើនៅចំថ្ងៃទី២៦ឧសភា។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំ២០២៤នេះ ស្តេចមាឃ គឺអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចំណែកមេហួ គឺលោកជំទាវ ឈុន ស៊ីន។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជប្បវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ ប្រពៃណីនៅក្នុងពិធីច្រត់ព្រះនង្គ័លនេះ គឺដើម្បីចង់ទស្សទាយពីប្រផ្នូលភោគផលកសិកម្ម តាមរយៈសត្វគោឧសភរាជមួយគូ តាមរយៈការទទួលទានចំណីអាហារ ក្រោយព្រះរាជពិធីបានបញ្ចប់។ គេបានរៀបចំចំណីអាហារ៧មុខដាក់លើថាស រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្រា ស្មៅ និងទឹក សម្រាប់គោឧសភរាជបរិភោគ ក្រោយការភ្ជួរជានិមិត្តរូបចំនួន ៣ជុំ លើវាលព្រះមេរុ។ បើសិនជាគោឧបសុភរាជ បរិភោគ ចំណីដូចជាស្រូវ ពោត ឬសណ្តែក…
-
ក្រសួងធនធានទឹកអំពាវនាវពលរដ្ឋសន្សំសំចៃទឹក (Video Inside)
ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋ ត្រូវសន្សំសំចៃទឹកក្នុង «លក្ខណៈខ្ពស់» ខណៈសីតុណ្ហភាពកម្តៅកាន់តែកើនឡើង ដែលបារម្ភនឹងគ្រោះរាំងស្ងួត។ យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្តៅអតិបរមានឹងកើនខ្ពស់ដល់ ៣៨អង្សាសេ ក្នុងសប្តាហ៍នេះ គ្រាដែលបាតុភូតកម្តៅអែលនីញ៉ូ នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាដដែល។ យោងតាមការព្យាករណ៍បាតុកំដៅអែលនីញ៉ូ នឹងថយចុះមកវិញ ក្នុងរង្វង់ខែមេសា និងខែឧសភា គ្រាដែលបាតុភូតអែនសូឈានចូលមកដល់។ បាតុភូត ENSO ដែលជាបាតុភូតមួយ ស្ថិតក្នុងចន្លោះភាពត្រជាក់ និងក្តៅរួមគ្នា។ យោងតាមការព្យាករណ៍ ដើមរដូវវស្សានឹងចូលមកដល់ ក្នុងខែឧសភា។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកក្នុងសប្តាហ៍នេះ បានអំពាវនាវ «ពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក»។
-
ជប៉ុនផ្តល់ជំនួយជាង ៣ម៉ឺន ៨ពាន់ ដើម្បីជួយកម្មវិធីបណ្តុះបណ្តាលវិស័យវប្បធម៌ (Video Inside)
ភាពខ្វះខាតលើឧបករណ៍តន្ត្រីបុរាណ ដើម្បីជួយបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយបំពេញសេចក្តីត្រូវការ លើភាពខ្វះខាតទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីជួយបណ្តុះបណ្តាលជំនាញយុវជនក្រីក្រចំនួន ១លាន ៥សែននាក់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក៏រួមមានការជួយបណ្តុះបណ្តាល ដល់ជំនាញនានា ពាក់ព័ន្ធនឹងវិស័យវប្បធម៌ជាតិផងដែរ។ សេចក្តីរាយការណ៍បង្ហាញថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ៣ម៉ឺន ៨ពាន់ ៧៥០ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូច ដល់សាលាមធ្យមវិចិត្រសិល្បៈ។ ជំនួយជំរុញការបណ្តុះបណ្តាលលើវិស័យវប្បធម៌នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ មីនា ឆ្នាំ២០២៤ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី និងនាយកនៃសាលាមធ្យមវិចិត្រសិល្បៈលោក កំសាន្ត ហេង នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា ជំនួយ ៣ម៉ឺន ៨ពាន់ ៧៥០ដុល្លារអាមេរិក ដល់សាលាមធ្យមវិចិត្រសិល្បៈ គឺក្នុងគោលបំណងតម្លើងឧបករណ៍តន្ត្រីបុរាណខ្មែរចំនួន ១៥ប្រភេទសរុប ២៤គ្រឿង។ ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា «ដោយសារកង្វះខាតឧបករណ៍តន្ត្រីបុរាណ, សាលាមធ្យមវិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខនឹងបញ្ហា ក្នុងការបណ្តុះបណ្តាលយុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្ត្រីបុរាណទាំងនេះបាន»។ លោកឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជប៉ុន និងកម្ពុជា។