-
រដ្ឋបាលខេត្តក្រចេះបកស្រាយជុំវិញការចោទប្រកាន់អំពើរំលោភដី (Video Inside)
ការផ្ញើសារមួយចោទប្រកាន់អំពើរំលោភដីពលរដ្ឋក្នុងខេត្តក្រចេះ ផ្ញើចូលក្នុងប្រព័ន្ធតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន បានប្រញាប់ឱ្យរដ្ឋបាលខេត្ត ធ្វើការបកស្រាយបំភ្លឺ។ រដ្ឋបាលខេត្តក្រចេះក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៤ មករា ឆ្នាំ២០២៤ បានសរសេរថា ការផ្ញើសាររបស់គណនីឈ្មោះគ្រូ ឈង ចូលក្នុងតេឡេក្រាមសម្តេចតេជោ គឺ «ជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡើង ក្នុងគោលបំណងបង្ខូចកិត្តិយសមន្ត្រីរាជការ អាជ្ញាធរ» ខេត្តក្រចេះ។ គណនីឈ្មោះគ្រូឈង ក្នុងសារតាមតេឡេក្រាមថ្មីៗនេះ បានសរសេរប្រាប់សម្តេចតេជោថា «នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្ត្រីពាក់ព័ន្ធខោអាវស៊ីវិល មកប្លន់ដីប្រជាពលរដ្ឋ»។ រដ្ឋបាលខេត្តក្រចេះ ក្នុងសេចក្តីប្រកាសព័ត៌មានបានរៀបរាប់ ជុំវិញដីសម្បទានសង្គមកិច្ច ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលគេរក្សាទុកសម្រាប់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងដីច្រើនឡូតិ៍ផ្សេងទៀត សម្រាប់ផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ ក្នុងឆ្នាំ២០២៤។ រដ្ឋបាលខេត្ត បានបញ្ជាក់ថាគណនីតេឡេក្រាមឈ្មោះគ្រូឈង ដែលមានឈ្មោះពិតប្រាកដ លឹម សុខឈង រស់នៅភូមិជ្រោយថ្មក្រោម, ឃុំឆ្លូង ក្នុងស្រុកឆ្លូងនោះ កន្លងមកបានធ្វើសកម្មភាពចូលទន្ទ្រាន និងកាន់កាប់ដីសម្បទានសង្គមកិច្ចជាច្រើនលើក។ រដ្ឋបាលខេត្តបញ្ជាក់បន្តថា «ថ្មីៗនេះ បុគ្គលនេះ បានសង់រោងដែក ដាំដុះដំណាំ និងដាំបង្គោលភ្លើង បំពាក់សូឡា…
-
រដ្ឋមន្ត្រីយុត្តិធម៌ណែនាំការដោះស្រាយលឿនលើរឿងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវធ្វើយ៉ាងណាពន្លឿននីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាឱ្យសាច់ញាតិជនរងគ្រោះទទួលបាននូវភាពអយុត្តិធម៌។ ការណែនាំរបស់លោករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ លោករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងទៀតថា៖ «ចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍, ការងារអាទិភាពសំខាន់ជាងគេ គឺជនរងគ្រោះទទួលបាននូវសំណង ក៏ប៉ុន្តែនៅពេលបានសំណងហើយ ក៏មិនត្រូវឱ្យអ្នកបុកជនរងគ្រោះស្លាប់នោះ បង់លុយដើម្បីរួចខ្លួននោះដែរ។ លោកបានថ្លែងថា បើមានស្ថានភាពអយុត្តិធម៌ វានឹងបង្កើតឱ្យមានកំហឹងវណ្ណៈ ក្នុងសង្គម, បង្កើតបានជាការផ្គើនមួយ ចំពោះមុខច្បាប់ដោយសារតែអំណាចទឹកលុយ។
-
គសពស ប្រាប់ពលរដ្ឋកុំចុចលើ Link អនាមិក (Video Inside)
ការផ្សព្វផ្សាយព័ត៌មានមួយដោយល្បួងឱ្យចុចលើ Link ដើម្បីទទួលបានប្រាក់អំណោយ ១ពាន់ ៥០០ដុល្លារ ពីប្រទេសបារាំង បានប្រញាប់ឱ្យអង្គភាពព័ត៌មានរបស់រាជរដ្ឋាភិបាល ធ្វើសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រាប់ប្រជាពលរដ្ឋថា សូមកុំឱ្យចុចលើ Link នោះឱ្យសោះ ពីព្រោះជាព័ត៌មានក្លែងក្លាយ និងមិនមានករណីចុះឈ្មោះ ដើម្បីទទួលបានអំណោយជាថវិកា ពីប្រទេសបារាំង ដូចតាមការបង្ហោះនោះទេ។ គួរកត់សម្គាល់ថា វេលាថ្មីៗកន្លងមកនេះ អំពើបោកបញ្ឆោតតាមបណ្តាញសង្គម ដោយល្បួងឱ្យចុច Link តាមការណែនាំរបស់ក្រុមទុច្ចរឹតមួយចំនួន ត្រូវបានពលរដ្ឋខ្លះត្អូញត្អែរការ Hack គណនី និងបង្កឱ្យមានជាហានិភ័យផ្សេងៗ ពាក់ព័ន្ធនឹងការលួចទិន្នន័យ ក្នុងគណនីអ្នកដែលបានចុច Link របស់ក្រុមអនាមិកនោះ។
-
រដ្ឋាភិបាលអ៊ីស្រាអែលប្រកាសជួយឧបត្ថម្ភគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបង់ជីវិតដោយក្រុមហាម៉ាស (Video Inside)
រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា នឹងជួយឧបត្ថម្ភទំនុកបម្រុងពេញមួយជីវិត ដល់ឪពុកម្ដាយរបស់និស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅលើប្រទេសអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧ តុលា ឆ្នាំ២០២៣។ ការប្រកាសអំពីការផ្ដល់ជំនួយឧបត្ថម្ភពេញមួយជីវិតនេះ បានធ្វើឡើងក្នុងឱកាស ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសកម្ពុជា លោកស្រី អរណា សាហ្គីវ (OrnaSagiv) បានចុះជួបសម្ដែងមរណទុក្ខ ចំពោះឪពុកម្ដាយរបស់អតីតនិស្សិត ចាន់ ឧត្តម នៅគេហដ្ឋានក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី២៤ មករា ឆ្នាំ២០២៤។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
៣សប្តាហ៍បង្ក្រាបល្បែងស៊ីសង៤៣ទីតាំង (Video Inside)
ក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសងបានចំនួន៤៣ទីតាំង និងបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការក្នុងរយៈពេល៣សប្តាហ៍ដើមខែមករានេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានបញ្ជាក់ថាការបង្ក្រាបល្បែងស៊ីសងទាំង ៤៣ទីតាំងនេះ បានធ្វើនៅទូទាំង ១៤ខេត្ត និងរាជធានី ជាមួយនឹងការបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ។ លោក ទូច សុឃៈ បានបញ្ជាក់ថាក្រោមគតិបណ្ឌិត «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់អភិសន្តិបណ្ឌិត ស សុខា គឺ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» កំណែទម្រង់ជាច្រើន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសលើបញ្ហាអទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ រួមមានការបង្ក្រាបល្បែងស៊ីសង, បញ្ហាគ្រឿងញៀន, បទល្មើសព្រហ្មទណ្ឌទូទៅ, ក្រុមក្មេងទំនើង, បញ្ហាចរាចរណ៍, ការជួញដូរមនុស្ស និងបញ្ហានានាដែល កើតឡើងតាមបណ្តោយព្រំដែនកម្ពុជា៕
-
ក្រសួងមហាផ្ទៃបណ្តេញនគរបាលបួនរូបចេញពីក្របខណ្ឌ (Video Inside)
នគរបាលបួននាក់ដែលមុននេះត្រូវបានដកហូតឋាន្តរសក្តិ៍ពីឧត្តមសេនីយ៍មកនៅត្រឹមពលបាលត្រីនោះ, ទីបំផុតត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត។ លោក ទូច យុទ្ធា ឋានៈឧត្តមសេនីយ៍ទោ, លោក តាំង គង់, លោក ជូ ផល្លីឌីន និងលោក ខៃ វណ្ណៈ ដែលជាឧត្តមសេនីយ៍ត្រី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានព្រះរាជក្រឹត្យថ្ងៃទី៥ មករា ឆ្នាំ២០២៤ បានដកហូតឋានន្តរសក្តិ៍ចុះមកនៅត្រឹមពលបាលត្រី និងក្រោយមកនៅថ្ងៃទី១៨មករា ក្រសួងមហាផ្ទៃបានចេញប្រកាសមួយ បណ្តេញចេញនគរបាលទាំងបួនរួបនេះ ក្រោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានបញ្ជាក់ជុំវិញការបណ្តេញមន្ត្រីនគរបាលទាំងបួនរួប ដោយសារតែភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានសរសេរបញ្ជាក់ថា ការបណ្តេញចេញនេះ គឺផ្អែកលើគោលការណ៍ «សំអាតផ្ទះយើង» និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។ អ្នកនាំពាក្យដដែលបានថ្លែងថា ផ្អែកទៅលើគោលការណ៍នេះ, ក្រសួងមហាផ្ទៃ បានបណ្តេញមន្រ្តីនគរបាលអសកម្ម ចេញពីក្របខណ្ឌប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមានអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសវិន័យរបស់ក្រសួងមហាផ្ទៃ។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ (Video Inside)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា និងក្រសួងនគរបាលវៀតណាម បានជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែន និងការបើកច្រកផ្លូវអន្តរជាតិតាមព្រំដែន នៃប្រទេសទាំង២បន្តទៀត ដើម្បីការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទាំង២ប្រទេស។ ការជំរុញកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៣មករានេះ ក្នុងរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំរួមគ្នាមួយរវាងគណៈប្រតិភូ នៃក្រសួងទាំង២ ដែលពីភាគីកម្ពុជាដឹកនាំដោយលោករដ្ឋមន្ត្រី ស សុខា និងពីភាគីវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រី តូឡឹម នៃប្រទេសវៀតណាម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានសរសេរថារដ្ឋមន្ត្រីក្រសួង នៃប្រទេសកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនការសហប្រតិបត្តិការឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សម្រាប់ឆ្នាំនេះរួមមាន «បង្កើនកិច្ចសហការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាល នៃប្រទេសទាំង២ បានឯកភាពគ្នាកន្លងមក។
-
សម្តេចធិបតីដាក់បទបញ្ជារឹតបន្តឹងអំពើបើកបរស្រវឹងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាការរឹតបន្តឹង នូវអំពើបើកបរស្រវឹង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។ ប្រសាសន៍របស់សម្តេចធិបតី បានធ្វើឡើងនារសៀលថ្ងៃទី២៣ មករា ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន និងប្រសាសន៍បញ្ជាក់នោះទៀត គឺនៅប៉ុន្មានថ្ងៃដែលរូបភាពតាមបណ្តាញសង្គម បានបង្ហាញនូវគ្រោះថ្នាក់មនុស្សស្លាប់ និងរបួសជាច្រើនដោយអំពើបុករះរបស់រថយន្តមួយគ្រឿង ដែលមអ្នកបើកបររងជាតិស្រវឹង ប៉ុន្តែនៅតែបើកបរខុសច្បាប់។ នៅថ្ងៃទី២៣មករានេះដែរ, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបង្កឱ្យមានមនុស្សស្លាប់ ៥នាក់មានអ្នករងរបួសធ្ងន់ស្រាលចំនួន៧នាក់។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប១២នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៧លើក។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន៥លើក បង្កការស្លាប់៤នាក់, មិនគោរពសិទ្ធិ១លើកស្លាប់១នាក់ និងបើកងងុយគេង ១លើក៕
-
សម្តេចតេជោផ្តល់ទស្សនៈនយោបាយ រួមចំណែកដោះស្រាយភាពស្មុគស្មាញ របស់ពិភពលោក (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដោះស្រាយភាពស្មុគស្មាញ របស់ពិភពលោក ដែលបច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងវិបត្តិសង្គ្រាមធំ២ ដែលបង្កវិបត្តិនានា រួមទាំងសេដ្ឋកិច្ច និងនយោបាយដល់ពិភពលោក។ ការផ្តល់ទស្សនៈនយោបាយនេះ បានធ្វើឡើងក្នុងឱកាសដែល «គណបក្សរុស្ស៊ីរួបរួម» បានរៀបចំកិច្ចប្រជុំតុមូលអន្តរគណបក្សតាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ មករា ឆ្នាំ២០២៤ ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយប្រកបដោយយុត្តិធម៌»។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចប្រជុំតុមូល រវាងបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយតាមប្រព័ន្ធវីដេអូ ក្រោមការរៀបចំរបស់ប្រធាន «គណបក្សរុស្ស៊ីរួបរួម» លោក ឌីមីទ្រី ម៉េតវីដេហ្វ «មានសារៈប្រយោជន៍យ៉ាងក្រៃលែង ដើម្បីផ្តល់លទ្ធភាពស្វែងរកដំណោះស្រាយរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់និងនៅក្នុងពិភពលោក»។ កិច្ចប្រជុំរវាងបណ្តាគណបក្សនយោបាយតាមប្រព័ន្ធវីដេអូនេះ បានទន្ទឹមនឹងភាពក្តៅគគុក នៃការប្រកួតប្រជែងឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាច និងក្នុងនោះប្រទេសអាស៊ាន គឺជាចំណុចមួយដែលកំពុងក្លាយជាការអូសទាញ របស់ប្រទេសមហាអំណាច ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងមានសង្គ្រាម២កើតឡើងរួចមកហើយនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នូវជំហររបស់កម្ពុជាក្នុងពេលនោះថា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, កម្ពុជាប្តេជ្ញាបន្តពង្រឹងថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ…
-
សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌របស់ខ្លួន (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវការរៀបចំក្រមស្តង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានត្រូវអនុវត្តតាម។ ប្រសាសន៍អំពាវនាវនេះ បានទន្ទឹមនឹងការកត់សម្គាល់ខ្លះ ជុំវិញសកម្មភាពមិនប្រក្រតីរបស់អ្នកសារព័ត៌មានមួយចំនួនតូច ដែលបំពេញវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ខុសនឹងក្រមសីលធម៌ និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, សម្តេចធិបតីបានថ្លែង បញ្ជាក់យ៉ាងនេះ។ ភាពជឿនលឿន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ត្រូវគេឃើញថាជាសន្ទុះជំរុញមួយយ៉ាងលឿន ផ្តល់លទ្ធភាពដល់ការផ្សាយព័ត៌មានបានលឿន និងឆាប់រហ័សគួរឱ្យកត់សម្គាល់ ប៉ុន្តែការផ្សាយខ្លះពីកន្លែងកើតហេតុ ត្រូវគេរាយការណ៍ថា បានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារតែអ្នកសារព័ត៌មានខ្លះ មិនទាន់មានការយល់ដឹងពីក្រមវិជ្ជាជីវៈសីលធម៌ ក្នុងការបំពេញកិច្ចការងារ។ ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់យ៉ាងនេះ