Category: វិទ្យាសាស្ត្រ-បច្ចេកវិទ្យា

  • តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    ហូឡង់៖ តុលាការហូឡង់បានចេញបញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈដែលសេចក្ដីសម្រេចដ៏សំខាន់នេះ នឹងក្លាយជាគំរូផ្នែកច្បាប់សម្រាប់ប្រទេសដទៃទៀត ក្នុងការចាត់វិធានការប្រឆាំងក្រុមហ៊ុនថាម ពលជុំវិញពិភពលោក ។ ក្នុងសវនាការថ្ងៃទី២៦ ខែឧសភានេះ តុលាការទីក្រុងឡាអេបានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្រុមហ៊ុនថាមពលខ្នាតយក្សមួយនេះ ត្រូវតែមានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលចំនួន៤៥ភាគរយនៅឆ្នាំ២០៣០ ។ បើតាមតុលាការនោះ ផែនការកាត់បន្ថយឧស្ម័នបំពុលរបស់ក្រុមហ៊ុនបច្ចុប្បន្នពុំទាន់រឹងមាំនៅឡើយ ។ ជាការឆ្លើយតបនោះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Ben Van Beurden បានច្រានចោលបរិមាណដែលកំណត់ដោយតុលាការ ហើយថា ក្រុមហ៊ុនខ្លួនក៏នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការនេះដែរ ។ សូមរំលឹកផងដែរថា អង្គការបរិស្ថាន និងសិទ្ធមនុស្សចំនួន៧ក្រុម ក៏ដូចជាប្រជាពលរដ្ឋហូឡង់ប្រមាណ១ពាន់៧រយនាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០១៨ ដោយស្នើឱ្យតុលាបញ្ជាឱ្យក្រុមហ៊ុន Shell កាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅពិភពលោក ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន GM និង Lockheed Martin ចាប់ដៃគ្នាអភិវឌ្ឍយានជំនិះសម្រាប់អោយអវកាសយានិកបើកបរលើឋានព្រះច័ន្ទនាពេលអនាគត (មានវីដេអូ)

    ក្រុមហ៊ុន GM និង Lockheed Martin ចាប់ដៃគ្នាអភិវឌ្ឍយានជំនិះសម្រាប់អោយអវកាសយានិកបើកបរលើឋានព្រះច័ន្ទនាពេលអនាគត (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន GM និង Lockheed Martin ប្រកាសថា ពួកគេកំពុងអភិវឌ្ឍយានជំនិះមួយដែលអាចប្រើប្រាស់នៅក្នុងកម្មវិធី អាតថែមមីស (Artemis) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយកម្មវិធីនេះ មានគោលដៅកសាងមូលដ្ឋានអោយមនុស្សស្នាក់នៅប្រកបដោយនិរន្តរភាពនៅលើផ្ទៃ និងជុំវិញឋានព្រះច័ន្ទ មុនចុងទសវត្សរ៍នេះ ។ អង្គការ NASA កាលពីឆ្នាំមុន បានស្នើឲ្យក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកអវកាសជួយផ្តល់គំនិតអំពីការអភិវឌ្ឍយានជំនិះហៅថា LTV ដែលអាចជួយដល់ការងាររុករកនៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងដែលក្រុមអវកាសយានិកនៃបេសកកម្ម Artemis នឹងចុះទៅដល់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងជាកន្លែងដែល NASA មានចក្ខុវិស័យបង្កើតមូលដ្ឋានស្រាវជ្រាវមួយនៅទីនោះ ។ យ៉ាងណាមិញ ក្រុមហ៊ុន Lockheed និង GM ពុំមានកិច្ចសន្យារបស់ NASA ដើម្បីអភិវឌ្ឍយានជំនិះ LTV ទេ ហើយ NASA ផ្ទាល់ក៏ពុំទាន់បានផ្តល់កិច្ចសន្យាបែបនេះដល់ក្រុមហ៊ុនណាមួយដែរ ប៉ុន្តែក្រុមហ៊ុនទាំងពីរកំពុងព្យាយាមក្តាប់យកឱកាសឲ្យបានមុនគេនៅពេល NASA ចាប់ផ្តើមពិចារណាជ្រើសរើសក្រុមហ៊ុនណាមួយ ឬនៅពេលមានអតិថិជនណាផ្សេងចាប់អារម្មណ៍ ៕ ប្រភព៖ CNA

  • វីដេអូច្នៃប្រឌិតថ្មី! ការបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់បដិវត្តថ្មី (មានវីដេអូ)

    វីដេអូច្នៃប្រឌិតថ្មី! ការបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់បដិវត្តថ្មី (មានវីដេអូ)

    បរទេស៖ តាមរយៈខ្សែអាតិ៍វីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ ស្តាតអាប់ សែលហ្វី (Startup Selfie) បានបង្ហាញនូវដុំឥដ្ឋដែលជាការច្នៃប្រឌិតថ្មី ដោយពួកវាទាំងនេះត្រូវបានផលិតចេញពីប្លាស្ទិកដែលមិនអាចកែច្នៃបាន ។  ពួកវាត្រូវបានបង្កើតឡើងដោយក្រុមការងារ បាយហ៊្វូសិន (byfusion) ។ ពួកគេបានហៅឈ្មោះថា ហាយប្លុក (hyblocks) ។ ឥដ្ឋត្រូវបានបង្កើតឡើងដោយកំដៅបង្ហាប់ និងច្របាច់យកវត្ថុធាតុដើមដែលមិនអាចកែច្នៃចេញចូលជាប្លុក ។ ក្រោយផលិតរួចរាល់ហើយនោះ វា (ឥដ្ឋ) មានភាពរឹងមាំខ្លាំង ក៏ដូចជាធន់ជាមួយនឹងការប៉ះទង្គិចដោយវត្ថុរឹង​ទៀតផង ។ ក្រុមការងារបានយកដុំឥដ្ឋដែលផលិតរួចទាំងនោះ ទៅបង្កើតជាទីកន្លែងស្នាក់នៅតូចមួយ តែពោលពេញដោយភាពរឹងមាំ និងស្រស់ស្អាត ខណៈដែលការច្នៃប្រឌិតថ្មីនេះ គឺជាដំណោះស្រាយមួយ ដើម្បីប្រែក្លាយកន្លែងចាក់សំរាមទៅជាទីកន្លែងមានអត្ថប្រយោជន៍វិញ ៕ ប្រភព៖  Startup Selfie

  • ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    ចិន៖ ក្រុមហ៊ុន ហូវៃ ប្រកាសថា ខ្លួននឹងដាក់អោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីសន្លាងមួយ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ស្មាតហ្វូននៅសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២ ខែមិថុនាខាងមុខ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ក្រោយរងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ប្រព័ន្ធដំណើរការថ្មីខាងលើដែលមានឈ្មោះថា HarmonyOS ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ ត្រៀមទុកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពី Google បញ្ឈប់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android តាមរយៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ ជុំវិញព័ត៌មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះទៀតសោត ក្រុមហ៊ុន ហូវៃ ផ្ទាល់ មិនបានបញ្ជាក់អោយដឹងលម្អិតឡើយ ស្របពេលដែលគេសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ អាចនឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនថ្មី ដែលភ្ជាប់មកជាមួយនូវប្រព័ន្ធ ដំណើរការនេះ ៕ ប្រភព៖ CNA

  • មិនធម្មតា! ក្រុមហ៊ុនផលិតនាវាជប៉ុនសាកល្បងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដែលគ្រោងនឹងដាក់អោយដំណើរការនៅឆ្នាំ២០២៥ (មានវីដេអូ)

    មិនធម្មតា! ក្រុមហ៊ុនផលិតនាវាជប៉ុនសាកល្បងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដែលគ្រោងនឹងដាក់អោយដំណើរការនៅឆ្នាំ២០២៥ (មានវីដេអូ)

    ជប៉ុន៖ អ្នកផលិតកប៉ាល់ជប៉ុនម្នាក់បានបង្ហាញនូវប្រព័ន្ធថ្មីមួយ ដែលដឹកនាំសាឡាងធំមួយទៅកន្លែងចតរបស់វាដោយស្វ័យប្រវត្តិ ។ ក្រុមហ៊ុនដែលទទួលបន្ទុកដោយក្រសួងដឹកជញ្ជូនជប៉ុន បានធ្វើការសាកល្បងនៅកំពង់ផែក្បែរទីក្រុងតូក្យូកាលពីពេលថ្មីៗកន្លងទៅនេះ ។នាវានេះ មានបណ្តោយ១៩០ម៉ែត្រ ទទឹង២៦.៤ម៉ែត្រ និងមានចំណុះសរុប១ម៉ឺន១ពាន់៤១០ តោន ។ ប្រព័ន្ធកំព្យូទ័របានប្រមូលព័ត៌មានអំពីទិសដៅខ្យល់ និងកម្លាំង ក៏ដូចជាទិសដៅរលក និងកម្ពស់ ។ វាប្រើទិន្នន័យនេះ ដើម្បីដំណើរការការពិសោធន៍ជិត ១ពាន់ក្នុងមួយវិនាទី ។ នៅពេលដែលកប៉ាល់ចូលកំពង់ផែ ប្រតិបត្តិករបានប្តូរទៅជារបៀបសាកល្បងដោយខ្លួនឯង ហើយប្រព័ន្ធបានគ្រប់គ្រង ។ សាឡាងបានបន្ថយល្បឿនបន្តិចម្តងៗ ដោយឈប់ចម្ងាយ១០ម៉ែត្រពីផែ ។ក្រុមហ៊ុនផលិត មីតស៊ូ អ៊ី&អេស (Mitsui E&S) គឺក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើតេស្តនេះ គឺជាលើកដំបូងរបស់ពិភពលោកហើយ ដើម្បីដាក់កប៉ាល់ធំមួយនៅខាងស្តាំផែមួយដោយស្វ័យប្រវត្តិ ។ ទន្ទឹមគ្នា ក្រុមហ៊ុនសង្ឃឹមថា ប្រព័ន្ធនេះនឹងរួមចំណែកដល់សុវត្ថិភាព នៃការដឹកជញ្ជូនតាមសមុទ្រ និងការកាត់បន្ថយបន្ទុកការងារលើនាវិក ខណៈដែលក្រសួងដឹកជញ្ជូនជប៉ុនចង់អោយប្រព័ន្ធនេះ ចូលជាធរមាននៅឆ្នាំ ២០២៥ខាងមុខ ៕ ប្រភព៖ NHK

  • ផ្ទាំងទឹកកកដ៏ធំបំផុតរបស់ពិភពលោកបាក់ដាច់ចេញនៅទ្វីបអង់តាក់ទិក កំពុងបង្កការភ្ញាក់ផ្អើលដល់មនុស្សជាតិ និងការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    ផ្ទាំងទឹកកកដ៏ធំបំផុតរបស់ពិភពលោកបាក់ដាច់ចេញនៅទ្វីបអង់តាក់ទិក កំពុងបង្កការភ្ញាក់ផ្អើលដល់មនុស្សជាតិ និងការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

    បរទេស៖ ទីភ្នាក់ងារអវកាសអឺរ៉ុបបានអោយដឹងថ្មីៗនេះថា ផ្ទាំងទឹកកកខ្នាតយក្ស មួយ ដែលធំជាងកោះ ម៉ាចូកា (Majorca) របស់ប្រទេសអេស្ប៉ាញនោះ បានកាត់ចេញពីគែមទឹកកកនៃទ្វីបអង់តាក់ទិកចូលទៅក្នុងសមុទ្រ វេដឌែល (Weddell) ដោយវាបានក្លាយជាផ្ទាំងទឹកកកដ៏ធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបណ្តោយប្រវែង១៧០គីឡូម៉ែត្រ និងទទឹង២៥គីឡូម៉ែត្រឯណោះ ។ទីភ្នាក់ងារអវកាសអឺរ៉ុបបន្តថា វាត្រូវបានគេដាក់ឈ្មោះថា A-76 តាមតំបន់អង់តាក់ទិកដែលជាកន្លែងដែលវាត្រូវបានគេប្រទះឃើញដំបូង ដោយផ្ទាំងទឹកកកនេះបានបែកចេញពីកន្លែងតំរងទឹកកក ហ្វិចណឺ រុន (Filchner-Ronne) ហើយឥឡូវកំពុងអណ្តែតនៅសមុទ្រ វេដឌែល នៃមហាសមុទ្រអង់តាក់ទិក ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមកពីគ្រប់ទិសទីលើពិភពលោក នឹងរក្សាការតាមដានទីតាំងនិងស្ថានភាពរបស់ផ្ទាំងទឹកកក នៅពេលវាអណ្តែតឆ្ងាយពីទ្វីបអង់តាក់ទិក ដើម្បីធ្វើការព្រមានកប៉ាល់ណាដែលអាចស្ថិតនៅក្នុងតំបន់ ដើម្បីជៀសវាងវា ក៏ដូចជាធ្វើឱ្យប្រាកដថា វានឹងមិនមកជិតនឹងផ្ទៃដីមុនពេលវារលាយ ។សូមរំលឹកផងដែរថា ផ្ទាំងទឹកកកដ៏ធំសម្បើមមួយ ដែលមានឈ្មោះថា A-68 បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោក បន្ទាប់ពីវាបានបែកចេញនៅឆ្នាំ ២០១៧ មុនពេលរលាយបាត់ខ្លួនបាននៅដើមឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

  • ប្រមុខអង្គការ NASA ថ្មីបង្ហាញការព្រួយបារម្ភពីឥទ្ធិពលនៃវិស័យអវកាសចិនទៅកាន់សភាអាមេរិក (មានវីដេអូ)

    ប្រមុខអង្គការ NASA ថ្មីបង្ហាញការព្រួយបារម្ភពីឥទ្ធិពលនៃវិស័យអវកាសចិនទៅកាន់សភាអាមេរិក (មានវីដេអូ)

    អាមេរិក៖ លោក បៀល ណែលសុន (Bill Nelson) ដែលជាប្រធានថ្មីរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA និងជាអ្នកនយោបាយជើងចាស់មួយរូបផងនោះ បានប្រាប់សភាអាមេរិកពីការព្រួយបារម្ភ អំពីឥទ្ធិពលនៃវិស័យអវកាសរបស់ប្រទេសចិន និងកម្មវិធី អាថេមីស (Artemis) ដែលជាកិច្ចប្រឹងប្រែងបញ្ជូនអវកាសយានិកអាមេរិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ។លោក ណែលសុន បាននិយាយថា ចិនគ្រោងនឹងបញ្ជូនយានរ៉ូបូតចំនួន៣គ្រឿង ទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទក្នុងពេលប៉ុន្មានឆ្នាំទៀត ខណៈដែលNASA មានតែ១គ្រឿងប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ជូនទៅកាន់ទីនោះ ។ ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងគួរចាប់អារម្មណ៍ជាពិសេស សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះតែទឹកកកនៅទីនោះ អាចប្រើប្រាស់ជាឥន្ធនៈរ៉ុក្កែត និងឧស្ម័នអុកស៊ីហ្សែន សម្រាប់អវកាសយានិក ។ ដោយយោងតាមរបាយកាណ៍មួយចំនួន លោក ណែលសុន បន្តថា ទីភ្នាក់ងារអវកាសចិន ក៏មានគោលដៅបញ្ជូនអវកាសយានិក ក្នុងបេសកកម្មហោះឆ្វែលមួយ ទៅកាន់ឋានព្រះច័ន្ទផងដែរ ហើយបន្ទាប់មកនឹងមានការចុះចតតែម្តងថែមទៀត ក្នុងពេលណាមួយ នៅទសវត្សរ៍ឆ្នាំ២០២០នេះ។ បន្ទាប់ពីនិយាយទាក់ទងព្រះច័ន្ទ លោក ណែលសុន ថែមទាំងបានលើកបង្ហាញរូបភាព ដែលយានរ៉ូបូតចិន ស៊ូរ៉ុង ថតបាននៅលើផ្ទៃភពអង្គារ ។កំលុងសវនាការខាងលើ ក្រុមសមាជិកសភាអាមេរិក ក៏បានបង្ហាញពីការបារម្ភពាក់ព័ន្ធទៅនឹងកម្មវិធី អាថេមីស ផងដែរ…

  • សមាជិកព្រឹទ្ធសភាអាមេរិកបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកភាពជាមហាអំណាចអវកាស ក្រោយចុះចតយានអវកាស “ស៊ូរ៉ុង” ដោយជោគជ័យលើភពអង្គារ (មានវីដេអូ)

    សមាជិកព្រឹទ្ធសភាអាមេរិកបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកភាពជាមហាអំណាចអវកាស ក្រោយចុះចតយានអវកាស “ស៊ូរ៉ុង” ដោយជោគជ័យលើភពអង្គារ (មានវីដេអូ)

    អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបបញ្ជាក់ថា ជោគជ័យនៃការចុះចតយានលើកដំបូងរបស់ប្រទេសចិននៅលើផ្ទៃភពអង្គារកាលពីពេលថ្មីៗនេះ គឺជាភស្តុតាងស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ចិនកំពុងឆ្ពោះក្លាយទៅជាមហាអំណាចអវកាស ដែលនឹងប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈរាប់ទសវត្សរ៍មកនេះ ធ្លាប់តែគ្មាននរណាប្រៀបបាន ។សមាជិកព្រឹទ្ធសភាអាមេរិកលោក អាំងហ្គឹស ឃីង (Angus King) បានលើកឡើងថា ការចុះចតរបស់យានអវកាសចិន ជាការក្រឿនរំឭកកាន់តែច្បាស់ទៀតថា សហរដ្ឋអាមេរិកលែងគ្រប់គ្រង លំហអវកាសតែឯងទៀតហើយ គឺគូប្រជែងដ៏ខ្លាំងក្លាមួយ កំពុងតែផុសត្រដែតឡើងនៅក្នុងវិស័យនេះ ។ លោក ឃីង បន្ថែមថា ជោគជ័យរបស់ចិន ក៏ជួយលុបបំបាត់ចោលផងដែរ នូវភាពមន្ទិលទាំងឡាយស្តីពីការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក ។សូមជម្រាបថា ឥឡូវចិនក្លាយជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានបញ្ជាយានចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ ។ បេសកកម្មនោះមានឈ្មោះថា ធានវិន-វ័ន ហើយជាបេសកកម្មលើកដំបូងបំផុតរបស់ចិន ទៅកាន់ភពអង្គារ ដែលបានចាកចេញពីផែនដីកាលពីខែកក្កដា ឆ្នាំ២០២០ ។ កន្លងទៅ ចិនក៏បានទទួលជោគជ័យក្នុងការបញ្ជូនយានទៅចុះចតលើឋានព្រះច័ន្ទ ហើយប្រមូលគំរូតាងពីទីនោះយកមកកាន់ផែនដីវិញថែមទៀតផង ៕ ប្រភព៖ Space News និង Freshnews

  • អ្នកស្រាវជ្រាវម៉ិកស៊ិករកឃើញគំរូសំណាកសត្វដាយណូស័រប្រភេទថ្មី ដែលបានស្លាប់ប្រហែល៧២លានឆ្នាំមុន (មានវីដេអូ)

    អ្នកស្រាវជ្រាវម៉ិកស៊ិករកឃើញគំរូសំណាកសត្វដាយណូស័រប្រភេទថ្មី ដែលបានស្លាប់ប្រហែល៧២លានឆ្នាំមុន (មានវីដេអូ)

    ម៉ិកស៊ិក៖ អ្នកស្រាវជ្រាវម្នាក់បញ្ជាក់ថា សត្វដាយណូស័រប្រភេទថ្មីមួយ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញសត្វម៉ិកស៊ិកត្រូវបានគេជឿថា ចេះទំនាក់ទំនងបានយ៉ាងល្អ ហើយបានប្រើសម្លេងប្រេកង់ទាបដូចជាដំរី ដើម្បីជជែកគ្នា ។អ្នកជំនាញខាងសត្វពាហណៈម៉ិកស៊ិកលោក អេនជែល អាឡេជែនដ្រូ រ៉ាមីរ៉េស បានបញ្ជាក់ថា យើងកំពុងគណនាទំហំសត្វដែលអាចមានប្រវែងពី៨ម៉ែត្រទៅ១២ម៉ែត្រ ពីព្រោះគ្រាន់តែកន្ទុយគឺប្រហែល៦ម៉ែត្រទៅហើយ ។ យើងជឿជាក់ថា ដាយណូស័រទាំងនេះចេះទំនាក់ទំនងគ្នាយ៉ាងល្អ ហើយពពួកសត្វប្រភេទនេះថែមទាំងបង្កើត និងយល់បាននូវសំលេងប្រេកង់ទាបដូចជាសត្វដំរី ដែលធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ។ បន្ទាប់ពីបានរកឃើញកន្ទុយដំបូង ក្រុមអ្នកជំនាញបាននិយាយថា ក្រោយមកពួកគេបានរកឃើញភាគច្រើននៃលលាដ៍ក្បាលរបស់វា គឺប្រហោងឆ្អឹងមានកំពស់ ១.៣២ម៉ែត្រ។សូមបញ្ជាក់ផងដែរថា គំរូសំណាកសត្វដាយណូស័រ ដែលត្រូវបានគេដាក់ឈ្មោះថា ថ្លាតូឡូភើស (Tlatolophus) ត្រូវបានគេគិតថា បានស្លាប់ប្រហែល៧២លានឆ្នាំមកហើយ ហើយឥឡូវបានរកឃើញនៅរដ្ឋខូចហុយឡា (Coahuila) ភាគខាងជើងប្រទេសម៉ិកស៊ិក ៕ ប្រភព៖ Reuters

  • ចិនទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្រោយយានចល័ត Tianwen-1 របស់ប្រទេសខ្លួនចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ (មានវីដេអូ)

    ចិនទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្រោយយានចល័ត Tianwen-1 របស់ប្រទេសខ្លួនចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ (មានវីដេអូ)

    ចិន៖ យានចល័ត (Rover) របស់បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើការចុះចតដោយជោគជ័យ នៅក្នុងតំបន់់មួយមានឈ្មោះថា យូថូភា ផ្លានីធា (Utopia Planitia) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ ។ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលអវកាសជាតិចិន (CNSA) លោក ហ្គែង យ៉ាន (Geng Yan) បានបញ្ជាក់ថា ការចុះចតដំណាក់កាលចុងក្រោយ គឺមានរយៈពេល៩នាទី ហើយស្ថិតនៅក្នុងរយៈកម្ពស់១០០ម៉ែត្រពីផ្ទៃដីភពអង្គារ Tianwen-1បានព្យាយាមគណនារកទីកន្លែងសមរម្យ និងគណនាកម្រិតល្បឿនដោយស្វ័យប្រវត្តិ ដើម្បីចុះចតខ្លួនវាដោយសុវត្ថិភាព និងដោយគ្មានការបញ្ជាពីអ្នកនៅលើផែនដីឡើយ ។វាគឺជាលើកដំបូងបំផុតហើយសម្រាប់ចិន ដែលមានយានអាចចុះចតដោយជោគ ជ័យលើភពផ្សេងទៀតក្រៅពីភពផែនដី ។ បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព៖ ស៊ីនហួរ