-
ចិនចាត់វិធានការសងសឹកវិញ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចំនួន០៦

ចិន៖ ចិនបានរឹតបន្តឹងច្បាប់លើប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយចំនួននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងវិធានការមួយដែលខ្លួននិយាយថា ចាំបាច់ និងតបតទៅវិញ ក្រោយអ្នកកាសែតចិននៅអាមេរិករងការរឹតត្បិតដែរ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ បន្ទាប់ពីអាមេរិកប្រកាសថា បណ្តាញផ្សព្វផ្សាយចិនជាច្រើនទៀត ជា “បេសកកម្មបរទេស”នោះ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃចន្ទម្សិលមិញបានទាមទារឱ្យក្រុមសារព័ត៌មានអាមេរិកចំនួន០៦រាយការណ៍ទៅរដ្ឋាភិបាលចិន អំពីបុគ្គលិកហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់ពួកគេ ។ ក្រុមទាំងនោះរួមបញ្ចូលផងដែរនូវកាសែត LA Times, Newsweek និងទូរទស្សន៍ ABC ។ សូមរំលឹកថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយចិនចំនួន០៦បន្ថែមទៀតជាកន្លែងឃោសនាការរបស់រដ្ឋចិន ។ វាគឺជាជុំទីបីហើយនៃការចាត់ទុកប្រព័ន្ធផ្សព្វផ្សាយចិនជា “បេសកកម្មបរទេស” ដែលអាមេរិកតម្រូវអោយពួកគេរាយការណ៍ព័ត៌មានលម្អិត អំពីបុគ្គលិកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រតិបត្តិការអចលនៈទ្រព្យទៅកាន់ក្រសួងការបរទេស ៕
-
មន្រ្តីជាន់ខ្ពស់អង្គការ WHO ជំរុញអោយអឺរ៉ុបចាត់វិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

ស្វីស៖ នាយកផ្នែកកម្មវិធីសង្គ្រោះបន្ទាន់អង្គការ WHO លោក ម៉ៃ រីយ៉ាន បញ្ជាក់ថា ពេលនេះទ្វីបអឺរ៉ុបកំពុងស្ថិតនៅពីក្រោមការគំរាមកំហែងពីជំងឺ COVID-19 នៅឡើយ ដូច្នេះការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម គឺជារឿងដែលទ្វីបអឺរ៉ុបត្រូវតែធ្វើ នេះបើតាមសារព័ត៌មាន APនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃចន្ទនេះ លោក ម៉ៃ រីយ៉ាន បានសង្កត់ធ្ងន់ថា ទ្វីបអឺរ៉ុបត្រូវការការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបញ្ហាកង្វះសមត្ថភាពក្នុងការតាមដានអ្នកជំងឺនេះ នឹងជម្រុញឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង ។ ដោយឡែកប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ក៏បានអះអាងដែរថា វាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ចាំបាច់ត្រូវចូលរួមចំណែក និងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ៕
-
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃស្នើសុំអោយអាល្លឺម៉ងស៊ើបអង្កេតព្រះមហាក្សត្រថ្មីរបស់ខ្លួន

ថៃ៖ បាតុករថៃ នៅថ្ងៃចន្ទ និងអង្គារនេះបានពង្រីកការតវ៉ាប្រឆាំងរបស់ពួកគេដល់កំរិតអន្តរជាតិ ដោយបាននាំគ្នាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ប្រចាំរដ្ឋធានីបាងកក ក្នុងបំណងស្នើអោយរដ្ឋាភិបាលអាល្លឺម៉ង់ បើកការស៊ើបអង្កេតថាតើព្រះមហាក្សត្រថៃបានប្រើឥទ្ធិពលនយោបាយទេ អំឡុងពេលព្រះអង្គគង្គនៅព្រះរាជដំណាក់នៅទីក្រុងបាវ៉ារៀ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ ក្រុមបាតុករប្រមាណ៥ពាន់នាក់ទៅ១ម៉ឺននាក់ បានផ្គើននឹងការព្រមានរបស់អាជ្ញាធរហាមមិនអោយពួកគេជួបជុំតវ៉ាដោយខុសច្បាប់ ហើយបាននាំគ្នាដើរទៅកាន់ស្ថានទូត ក្នុងកិច្ចខិតខំមួយដើម្បីទាក់ទាញការចាប់អារម្មណ៍ពីព្រះមហាក្សត្រ មហា វេចរ៉ាឡុងកន ដែលព្រះអង្គគង្គនៅអាល្លឺម៉ង់ភាគច្រើនជាមួយស្រីស្នំជាច្រើន ។ ពួកគេបានប្រគល់លិខិតមួយទៅកាន់មន្ត្រីស្ថានទូតដោយស្នើសុំអោយអាល្លឺម៉ង់ធ្វើការស៊ើបអង្កេតថាតើស្តេចអង្គនេះ បានពាក់ព័ន្ធក្នុងនយោបាយថៃ ដោយប្រើបុព្វសិទ្ធិរបស់ទ្រង់ ដើម្បីបង្គាប់បញ្ជាចេញពីអាល្លឺម៉ង់ដែរឬអត់ ។ សូមជំរាបថា ក្រុមបាតុករក៏រិះគន់សភារបស់ខ្លួន ដែលកំពុងជួបប្រជុំចាប់តាំងពីថ្ងៃចន្ទមក ដើម្បីពិភាក្សារកវិធីបន្ថយកំដៅនយោបាយ ដែលបង្កឡើងពីការតវ៉ាដឹក នាំដោយក្រុមនិស្សិតជាង៣ខែមកនេះ តែមិននិយាយអំពីការទាមទាររបស់ពួកគេទេ ៕
-
ឥណ្ឌានិយាយថា ខ្លួននឹងចុះកិច្ចព្រមព្រៀងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក ក្នុងការចែករំលែកទិន្នន័យពីផ្កាយរណប

ឥណ្ឌា៖ ឥណ្ឌា និងសហរដ្ឋអាមេរិកគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស័យោធា ដើម្បីចែករំលែកទិន្នន័យពីផ្កាយរណប ក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នេះបើតាមប្រភពពីក្រសួងការពារជាតិឥណ្ឌា ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការមូលដ្ឋានស្តីពីកិច្ចសហប្រតិបត្តិការភូមិសាស្ត្រ ហៅកាត់ថា (BECA) នេះ នឹងអនុញ្ញាតឱ្យឥណ្ឌាទទួលបានទិន្នន័យភូមិសាស្ត្រ និងផ្នែកអវកាសជាដើម ។ លោក Mark Esper និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើដំណើរទៅដល់ទីក្រុងញូដេលី ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ៍នេះ សម្រាប់កិច្ចពិភាក្សាសន្តិសុខថ្នាក់កំពូលមួយ ដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ ។ សូមបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបន្តដំណើរពីឥណ្ឌាទៅកាន់ប្រទេសស្រីលង្កា ម៉ាល់ឌីវ និងឥណ្ឌូនេស៊ី ដែលប្រទេសទាំងអស់នេះសុទ្ធសឹងមានតួនាទីយ៉ាងសំខាន់ ក្នុងចរាចរណ៍នាវានៅមហាសមុទ្រឥណ្ឌា ដែលចិនបានដាក់ស្រមោលនៅទីនោះកាន់តែច្រើន ៕
-
សហរដ្ឋអាមេរិកប្រកាសលក់អាវុធតម្លៃជិត២.៤ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ក្រោយចិនទើបប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនធំៗរបស់ខ្លួន

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានជូនដំណឹងដល់សភា អំពីផែនការលក់ប្រព័ន្ធមីស៊ីល Harpoon ក្នុងតម្លៃជិត២.៤ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ខណៈប្រការនេះ កាន់តែធ្វើឱ្យចិនខឹងសម្បារជាខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទើបយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធតម្លៃជាង១ពាន់លានដុល្លារឱ្យទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចថា នឹងចាត់វិធានការចាំបាច់ ដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ដែលចូលរួមពាក់ព័ន្ធក្នុងការលក់អាវុធរបស់សហរដ្ឋអាមេរិកឲ្យទៅកោះតៃវ៉ាន់ ក្នុងនោះរួមមានក្រុមហ៊ុន Lockheed Martin, Boeing Defense និង Raytheon ។ ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែរក្សាការយកចិត្តទុកដាក់ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងចាត់ទុកសន្តិសុខរបស់កោះតៃវ៉ាន់ជាចំណុចស្នូលនៃសន្តិសុខ និងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច ។ ក្រសួងការបរទេសអាមេរិកក៏បានអះអាងដែរថា ការលក់អាវុធនេះ នឹងមិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់ឡើយ ៕
-
អាហ្សែបៃហ្សង់ និងអាមេនីចោទគ្នាថា បានរំលោភលើបទឈប់បាញ់ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក

អាមេនី៖ ប្រទេសអាមេនី និង អាហ្សែបៃហ្សង់ចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់មួយ ដែលត្រូវបានជ្រោមជ្រែងដោយសហរដ្ឋអាមេរិក ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានបានរយៈពេលខ្លីតែប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាហ្សែបៃហ្សង់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពអាមេនីបានផ្លោងគ្រាប់ដាក់ភូមិអ្នកស្រុកក្នុងតំបន់ Terter និង Lachin ដែលជាការរំលោភទាំងស្រុងទៅលើបទឈប់បាញ់គ្នានោះ ។ ដោយឡែកក្រសួងការពារជាតិអាមេនីវិញ ក៏បានលើកឡើងនូវភាសាស្រដៀងគ្នានេះផងដែរ ដោយចោទប្រកាន់កងកម្លាំងអាហ្សែបៃហ្សង់ថា បានរំលោភទាំងស្រុងនូវបទឈប់បាញ់គ្នានេះ ដោយបាញ់គ្រាប់ផ្លោងគ្រាប់ទៅលើតំបន់ជាច្រើននៃកម្លាំងខ្សែត្រៀមរបស់ខ្លួន ។ សូមរំលឹកផងដែរថា ទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានសរសេរនៅលើបណ្តាញ Twitter ដោយអបអរសាទរប្រទេសទាំងពីរថា បានយល់ព្រមដល់ការទទួលយកនូវបទឈប់បាញ់គ្នានេះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៣លាន៧សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៦ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន១សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៣លាន៧៧ម៉ឺន៤ពាន់៩១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៦ម៉ឺន៤ពាន់៤៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន១៧ម៉ឺន៨ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៩៦ម៉ឺន២ពាន់៧៨៣នាក់ ស្លាប់ចំនួន២៣ម៉ឺន១ពាន់៤៥នាក់ និងជាសះស្បើយចំនួន៥លាន៨៣ម៉ឺន៣ពាន់៨២៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩៤ម៉ឺន៥ពាន់៨៨៨នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៥៣៥នាក់ និងជាសះស្បើយ៧លាន១៩ម៉ឺន៨ពាន់៧១៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤១ម៉ឺន១ពាន់៥៥០នាក់ ស្លាប់១៥ម៉ឺន៧ពាន់៤៥១នាក់ និងជាសះស្បើយ៤លាន៨៦ម៉ឺន៥ពាន់៩៣០នាក់ ៕
-
ប្រទេសសឹង្ហបុរីសាកល្បងការនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ — កាលពីថ្ងៃទី ២៦ ខែតុលា អាជ្ញាធរទីផ្សារថាមពល (EMA) របស់ប្រទេសសឹង្ហបុរីបាននិយាយថា ទីក្រុងរបស់ប្រទេសនេះនឹងនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ីក្រោមគម្រោងសាកល្បងរយៈពេល ២ឆ្នាំចាប់ពីចុងឆ្នាំ ២០២១ ។ នៅក្នុងការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លួន EMA បាននិយាយថា គម្រោងសាកល្បងនេះមានគោលបំណងដើម្បីវាយតម្លៃ និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិសម្រាប់ការនាំចូលអគ្គិសនីចូលទៅក្នុងប្រទេសសឹង្ហបុរី ហើយវានឹងជួយសម្រួលដល់ការនាំចូលទ្រង់ទ្រាយធំពីក្នុងតំបន់នាពេលអនាគត។ EMA បាននិយាយថា «ដើម្បីឆ្លើយតបតាមការប្តេជ្ញាចិត្តនៃការប្រែប្រួលអាកាសធាតុរបស់យើង វាជាការចាំបាច់ត្រូវផ្លាស់ប្តូររបៀបដែលប្រទេសសឹង្ហបុរីផលិត និងប្រើប្រាស់ថាមពល។ ការប្រើបណ្តាញអគ្គិសនីក្នុងតំបន់សម្រាប់ធនធានថាមពលស្អាត គឺជាយុទ្ធសាស្ត្រមួយដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលរបស់ប្រទេសសឹង្ហបុរី»។ នៅក្នុងសុន្ទរកថាដ៏សំខាន់មួយដែលត្រូវបានថ្លែងក្នុងពិធីបើកកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសឹង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Chan Chun Sing បាននិយាយថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសសឹង្ហបុរីក្នុងការពង្រឹង «ស្ថាបត្យកម្មបណ្តាញអគ្គិសនីក្នុងតំបន់»។ ប្រទេសនេះនឹងចាប់ផ្តើមដំណើរការនៃការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់សម្រាប់រយៈពេលសាកល្បង ២ឆ្នាំ ដើម្បីពិនិត្យមើលថា តើទីផ្សារដំណើរការយ៉ាងដូចម្តេច។ EMA គ្រោងនឹងចេញសំណើសុំនៅខែមីនាឆ្នាំក្រោយសម្រាប់ការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់ ដែលនឹងកើនឡើងប្រមាណ ១,៥ភាគរយនៃតម្រូវការអគ្គិសនីខ្ពស់បំផុតរបស់សឹង្ហបុរី។ អាជ្ញាធរនេះបាននិយាយថា ក្រោមការស្នើសុំនេះ ការនាំចូលអគ្គិសនីអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ…
-
មិនខ្វល់ពីការទាមទារឲ្យចេញពីតំណែង តែលោក ប្រាយុទ្ធប្រាប់សភាថា បាតុកម្មខុសច្បាប់នៅថៃត្រូវតែគ្រប់គ្រងឲ្យបាន

-
វៀតណាមនឹងជម្លៀសជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត ទើបវាយប្រហារហ្វីលីពីន

វៀតណាមត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋ១លាន៣សែននាក់ ខណៈដែលព្យុះ Molave ដែលបានវាយប្រហារហ្វីលីពីន កាលពីយប់មិញ បង្កជាការបាក់ដីនិងទឹកជំនន់ ហើយអ្នកនេសាទរជាច្រើននាក់បាត់ខ្លួន នាថ្ងៃចន្ទ ទី២៦ តុលានេះ។ព្យុះសង្ឃរាដែលមានល្បឿនខ្យល់១២៦គីឡូម៉ែត្រក្នុង១ម៉ោង ឬអាចឈានដល់១៥០គីឡូម៉ែត្រ បានធ្វើឲ្យកោះ Luzon របស់ហ្វីលីពីន ត្រូវបានភ្លៀងជន់លិច បាក់ដី ក្នុងតំបន់ជាច្រើន នេះបើតាមអាជ្ញាធរហ្វីលីពីន។ ព្យុះទី១៧ ដែលធ្លាប់វាយប្រហារហ្វីលីពីនខ្លាំងកាលពីឆ្នាំមុនដែរនោះ ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារតំបន់កណ្តាលវៀតណាម នៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយនឹងល្បឿនខ្យល់ ១៣៥គីឡូម៉ែត្រក្នុង១ម៉ោង។ បើបែបនេះមែន វានឹងក្លាយជាព្យុះទី៤ដែលវាយប្រហារវៀតណាម ក្នុងពេល១ខែនេះ ខណៈដែលព្យុះមុនៗ បណ្តាលឲ្យវៀតណាមស្លាប់មនុស្ស១៣០នាក់ បាត់ខ្លួន២០នាក់ នៅតំបន់កណ្តាល។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានប្រកាសថា ព្យុះ Molave នេះនឹងមានឥទ្ធិពលខ្លាំងណាស់ ដែលនឹងវាយប្រហារតំបន់ជាច្រើន ដោយបានផ្ញើសារព្រមាននេះទៅកាន់បណ្តាខេត្ត និងក្រុង ដែលត្រូវព្យុះនេះវាយប្រហារ៕ ប្រភពពី Rueters